ក្លិប​ចចក​កំណាច Wolverhampton Wanderers បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ​អ៊ី​តាលី Patrick Cutrone ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ ពីក្លិប​អ៊ី​តាលី AC Milan​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាលពីថ្ងៃ​​អង្គារ​។ ព័ត៌​មាន​លម្អិត​ទាក់​ទង​នឹង​ហិរញ្ញ​វត្ថុ​នៃ​ការ​ផ្ទេរ​នេះ មិន​ត្រូវ​បាន​ប្រកាស​​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ បណ្តាញ​សារ​ព័ត៌មាន​ចក្រ​ភព​អង់គ្លេស បាន​ចេញ​ផ្សាយ​ថា កីឡាករ​វ័យ​២១​ឆ្នាំ​​រូបនេះ ត្រូវ​បាន​ទិញ​ចូល​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៦​លាន​ផោន (ស្មើ​នឹង​១៩,៤៦​លាន​ដុល្លារ​អាមេរិក)​។

Cutrone បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​​ណាស់​ក្នុង​ការ​ស្ថិតនៅ​ទីនេះ ពីព្រោះ​ក្លិប​នេះ ពិត​​ជា​ចង់​បាន​ខ្ញុំ​ណាស់​។ ខ្ញុំ​រីក​រាយ និង​ចង់​​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​របស់ខ្ញុំ​សម្រាប់​​ក្រុម​នេះ​»​។ កីឡាករ​រូប​នេះ​បាន​​បន្ថែម​ទៀត​ថា៖ «ការ​អាច​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្លិប Wolves គឺ​ជា​​រឿង​ដ៏​អស្ចារ្យ​។ ខ្ញុំ​ពិត​​ជា​ចង់​ចាប់​ផ្តើម​ណាស់​»​។

Cutrone ដែល​បាន​ចាប់​ផ្តើម​អាជីព​​ជា​កីឡាករយុ​វ​ជន​របស់​គេ​នៅ​ឯ​ក្លិប AC Milan នោះ បាន​បង្ហាញខ្លួន​៩០​លើក​សម្រាប់​ក្រុម​ឈុតធំ បើ​គិត​ចាប់​តាំងពី​បង្ហាញខ្លួន​ជាលើក​ដំបូង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៧​គ្រាប់ ក្នុង​រាល់​​យុទ្ធនាការ​ទាំង​អស់​​។ រូប​គេ​ក៏​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​​ជា​លើក​ដំបូង កាលពីឆ្នាំមុន ក្នុង​ការ​ប្រកួតមិត្ត​ភាព​មួយ​ ផងដែរ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia