ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​តែ​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ក្នុង​ការ​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិកូត​ឌីវ័រ Nicolas Pepe ពីក្លិប Lille នៅ​ចុង​សប្តាហ៍​នេះ ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន (ស្មើ​នឹង​៩១​លាន​ដុល្លារ​អាមេរិក) ដែល​ជា​កំណត់ត្រា​របស់​ក្លិប​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​​ទីក្រុង​ឡុងដ៍ និង​បាន​ទទួល​ការ​​ត្រួតពិនិត្យ​សុខ​ភាព​កាលពី​ថ្ងៃ​អង្គារ នៅមុន​ពេល​ចុះហត្ថលេខា​លើ​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ​។

ក្រុម​​កាំភ្លើង​ធំ​មួយនេះ ក៏​​កំពុង​តែ​ស្ថិតក្នុង​ការ​ពិភាក្សា​​ជា​មួយនឹងក្លិប​ជា​ច្រើន​ទៀត​ផង​ដែរ ស្រប​ពេល​ដែល​ខ្សែ​ការ​ពារ Shkodran Mustafi វ័យ​២៧​ឆ្នាំ អាច​នឹង​ត្រូវ​ចាក​ចេញ​។ កីឡាករ​សញ្ជាតិអាល្លឺ​ម៉ង់​រូបនេះ ដែល​ជាប់​កិច្ច​សន្យា​រហូត​ដល់​ឆ្នាំ​២០២១​នោះ ចង់​បន្ត​នៅ និង​បង្ហាញពី​សមត្ថភាព​របស់​គេ​។ ប៉ុន្តែ ក្លិប Arsenal ចង់​ស្វែង​រក​ការ​ព្រម​​ព្រៀង​គ្នា​មួយ​សម្រាប់​ការ​ផ្ទេរ​ជាលក្ខណៈ​ខ្ចី​ជើង ឬ​អចិន្ត្រៃយ៍​សម្រាប់ Mustafi​។ ខ្សែ​ការ​ពារ​កណ្តាល​ម្នាក់​ទៀត ដែល​អាច​នឹង​ចាក​ចេញ​ដែរ​នោះ​គឺ​ Laurent Koscielny វ័យ​៣៣​ឆ្នាំ ស្រប​ពេល​ដែល​​ការ​ពិភាក្សា​ផ្សេង​ៗ​កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​ជម្រះ​លើ​អនា​គត​របស់​គេ​។

ប្រធាន​ក្រុម​​រូបនេះ កំពុង​តែ​ហ្វឹក​ហាត់​ជា​មួយ​នឹងក្រុម​យុវ​ជន​អាយុ​ក្រោម​២៣​ឆ្នាំ និង​​ប្រឈម​មុខនឹង​​ការ​ដាក់ពិន័យ ក្រោយពី​បដិ​សេធ​មិន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ក្នុង​ដំណើរ​ប្រកួត​​មុន​បើក​រដូវកាល​របស់ Arsenal នៅលើ​ទឹកដី​សហ​រដ្ឋ​អាមេរិក​៕

ប្រភព​ព័ត៌​មាន៖ BBC