អ្នកគាំទ្រកីឡាបាល់ទាត់កូរ៉េខាងត្បូងច្រើនជាង២០០០នាក់ នឹងប្តឹងភ្នាក់ងាររៀបចំការប្រកួតកីឡា ក្រោយពីតារាឆ្នើម Cristiano Ronaldo បានស្ថិតជាកីឡករបម្រុងពេញ១ប្រកួត នៅពេលដែលក្រុម Juventus របស់គេបានលេងការប្រកួតមិត្តភាពមួយក្នុងទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន។ នេះបើយោងទៅតាមការបញ្ជាក់របស់អង្គភាពផ្នែកច្បាប់មួយ កាលពីថ្ងៃចន្ទ។
តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់រូបនេះ មិនបានលេងសូម្បីតែ១វិនាទី ក្នុងពេលប្រកួតជាមួយនឹងក្រុមកីឡាករឆ្នើមៗប្រចាំក្របខ័ណ្ឌ K-league ដោយមិនខ្វល់ពីការតវ៉ាផ្សេងៗពីអ្នកគាំទ្រចំនួន៦៥០០០នាក់ នាកីឡដ្ឋាន World Cup ឡើយ។ ស្របពេលដែលការខកចិត្តផ្សេងៗបានកើនឡើងកាន់តែខ្លាំង អ្នកគាំទ្រខ្លាំងបានស្រែកហៅឈ្មោះគូបដិបក្ខរបស់កីឡាកររូបនេះគឺ Lionel Messi។ នៅពេលដែលការប្រកួតនេះ ត្រូវបានប្រកាសឡើងជាលើកដំបូង អ្នកគាំទ្រការប្រកួតបានបញ្ជាក់ថា កិច្ចសន្យាជាមួយនឹងក្លិប Juventus គឺតម្រូវឲ្យ Ronaldo ចូលលេងយ៉ាងហោចណាស់៤៥នាទី ដែលនាំឲ្យមានអ្នកគាំទ្រដ៏ច្រើនកុះករ។ នេះបើយោងទៅតាមអង្គភាពផ្នែកច្បាប់ Myungan នៅទីក្រុងសេអ៊ូល។
សំបុត្រចូលទស្សនាដែលមានតម្លៃចាប់ពី២៥ដុល្លារអាមេរិក រហូតដល់៣៣៨ដុល្លារ ត្រូវបានលក់អស់ត្រឹមតែរយៈពេល២ម៉ោងកន្លះប៉ុណ្ណោះ នៅពេលដែលសំបុត្រទាំងនោះត្រូវបានដាក់លក់ កាលពីថ្ងៃទី៣ ខែកក្កដា។ លោក Kim Hun-ki មេធាវីប្រចាំអង្គភាព Myungan បានប្រាប់ថា៖ «មកទល់ពេលនេះ អ្នកគាំទ្រច្រើនជាង២០០០នាក់ បានទាក់ទងមកយើង ដើម្បីដំណើរការរឿងក្តីនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia