អរុណា ច័ន្ទរាជ្យ ជាពន្លកគុនចម្រុះស្រករក្រោយនៅក្លិប Cambodian Top Team បង្ហើបអំពីកីឡាករគំរូដែលខ្លួនចូលចិត្តគឺសិស្សច្បងរួមក្រុម រិន សារ័ត្ន។ សារ័ត្ន ជាកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ដែលកំពុងហ្វឹកហាត់នៅក្លិបជាមួយគ្នា ហើយ សិស្សច្បងរូបនេះថែមទាំងមានបទពិសោធន៍ក្រែលនៅសង្វៀនប្រដាល់ក្នុងស្រុក និង សង្វៀនលំដាប់ពិភពលោក ONE CHAMPIONSHIP ទៀតផង។
អរុណា ច័ន្ទរាជ្យ គូសបញ្ជាក់បែបនេះ៖ «កីឡាករគុនចម្រុះដែលខ្ញុំចូលចិត្តនិងចាត់ទុកជាគំរូល្អគឺ បង រិន សារ័ត្ន។ គាត់មិនត្រឹមតែចេះក្បាច់គុនចម្រុះ តែគាត់ចេះគុនខ្មែរដែរ។ ពេលទៅប្រកួតនៅ ONE អីហ្នឹង គាត់អាចវ៉ៃឈរ ចាប់ឃ្លេ ឬ ហៅថាវ៉ៃក្បាច់ MMA បានល្អ។ ដូច្នេះសមត្ថភាពរបស់គាត់គឺមានគ្រប់ក្បាច់ទោះវ៉ៃក្នុងជំហរបែបណាក៏ដោយ»។ និស្សិតផ្នែកច្បាប់ឆ្នាំទី៣នៅសកលវិទ្យាល័យបញ្ហាសាស្ត្ររូបនេះរៀបរាប់បន្តថា រិន សារ័ត្ន តែងតែផ្ដោតមួយរយភាគរយក្នុងការប្រកួតដោយប្រើក្បាច់អស់ពីកម្លាំងកាយចិត្ត និង ការហ្វឹកហាត់ប្រចាំថ្ងៃ ហើយម៉ឺងម៉ាត់មិនលេងសើចច្រើននៅពេលហ្វឹកហាត់។
គុណសម្បត្តិមួយទៀតដែល អរុណា ចូលចិត្តគឺ៖ «បង រិន សារ័ត្ន ជាមនុស្សជួយយកអាសាច្រើន។ គាត់ចេះជួយប្អូនៗ និង មិត្តរួមក្រុម។ ពេលមានកម្មវិធីប្រកួតម្ដងៗ មិនថាខ្ញុំ ឬ អ្នកណាទេគាត់តែងតែយកចិត្តទុកដាក់និងជួយបង្ហាត់បង្ហាញចំពោះការត្រៀមខ្លួនជានិច្ច»។ រិន សារ័ត្ន មានបទពិសោធន៍ឡើងវ៉ៃសង្វៀនគុនចម្រុះចំនួន ១០ ដង និង ឡើងសង្វៀនប្រកួតប្រដាល់គុនខ្មែរបានជាង៣០ ដង។ សារ័ត្ន តែងតែទទួលបានការអញ្ជើញទៅប្រកួតនៅសង្វៀនកម្រិតអន្តរជាតិ ONE ជារឿយៗមួយរយៈចុងក្រោយនេះ។
កីឡាករអាយុ ២៣ឆ្នាំដដែលនេះបានប្រាប់ថា គេចូលហ្វឹកហាត់ល្បុក្កតោបានរយៈពេល ២ឆ្នាំ និងទទួលបានកម្រិតក្រមាបៃតង។ គេបានចេញសម្ដែងក្បាច់គុនល្បុក្កតោក្នុងកម្មវិធីថ្នាក់ជាតិធំៗជាច្រើនដូចជាកម្មវិធីអង្គរសង្ក្រាន្ត និង កម្មវិធីដែលមានការបង្ហាញក្បាច់គុនជាច្រើនទៀត។ កូនសិស្សរបស់លោក ហ៊ុន ច័ន្ទរាជ្យ ពិពណ៌នាថា រូបគេមិនសូវបានចេញទៅវ៉ៃច្រើនទោះគ្រូចង់ចាប់គូឲ្យក្ដី ពោលប្រកួតបានតែម្ដងគត់នៅប្រទេសថៃកាលឆ្នាំមុនក្នុងកម្មវិធីប្រកួត MMA។ ការអាក់ខាននេះដោយសារតែ ឪពុកម្ដាយមិនសូវចង់ឲ្យឡើងប្រកួត ហើយការសិក្សាផ្ទាល់ខ្លួនក៏មមាញឹកថែមទៀតនៅឆ្នាំទី៣ កៀកនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ បែបណាក៏ដោយ គេនឹងខិតខំទ្វេដងដើម្បីទទួលបានការប្រកួតនៅថ្ងៃខាងមុខ និង មិនទាន់មានចិត្តបោះបង់ចោលត្រឹមនេះនោះទេ។
ពេលសួរថា ម៉ាក់ប៉ាមិនមានខ្សែ ឬ ឈានជ័រជាអ្នកប្រដាល់ហេតុអ្វីបានចូលចិត្តការហាត់ក្បាច់គុនទាត់ទាក់មួយនេះ? អរុណា បានឆ្លើយថា៖ «ម៉ាក់ប៉ាខ្ញុំអត់មានខ្សែជាអ្នកប្រដាល់មែន ប៉ុន្តែពេលខ្ញុំនៅតូច ខ្ញុំតែងតែអង្គុយក្បែរជីតារបស់ខ្ញុំដែលគាត់ចូលចិត្តមើលប្រដាល់។ ដូច្នេះអារម្មណ៍ខ្ញុំចេះតែដក់ជាប់និងចូលចិត្តដល់បច្ចុប្បន្ន។ ហើយខ្ញុំក៏ចូលហាត់ល្បុក្កតោទៅកាល ៧ ឆ្នាំមុន»។
គួរដឹងដែរថា អរុណា ច័ន្ទរាជ្យ បានចូលហ្វឹកហាត់ប្រដាល់នៅក្លិប Cambodian Top Team ក្នុងរយៈពេល ៥ ឆ្នាំមកហើយបន្ទាប់ពីហ្វឹកហាត់ល្បុក្កតោ បានរយៈពេល ២ ឆ្នាំ។ ការចូលហាត់ល្បុក្កតោកាល៧ឆ្នាំមុននៅភ្នំពេញ និង បន្តមកហាត់នៅក្លិប CTT តាមរយៈកីឡាការិនី សំ ថារ័ត្ន៕
អរុណា ច័ន្ទរាជ្យ ដើរតាមគន្លងតារាមានបទពិសោធន៍នៅ ONE រិន សារ័ត្ន
អត្ថបទទាក់ទង