សង្វៀន ONE: DAWN OF HEROES នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន មានគូដណ្ដើមខ្សែក្រវាត់ខ្លាំងៗដែលធ្វើឲ្យរំជើបរំជួលសម្រាប់អ្នកទស្សនានៅកម្ពុជា និង ទូទាំងពិភពលោក។ Martin Nguyen ត្រូវឡើងមកការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន ONE Featherweight World Championship ទល់នឹងជើងខ្លាំងជប៉ុន Koyomi Matsushima។ ចំណែក Rodtang Jitmuangnon ដែលគេស្គាល់ថា «Iron Man» ឬ មនុស្សដែកនោះត្រូវឡើងមកដណ្ដើមខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពីកីឡាករចក្រភពអង់គ្លេស Jonathan Haggerty។ រីឯជើងខ្លាំងអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Sunoto ត្រៀមខ្លួនដើម្បីបញ្ចប់កីឡាករម៉ាឡេស៊ី Muhammad Aiman ក្នុងប្រភេទ Bantamweight។
តើ Martin Nguyen អាចការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនបានទេ?
Martin Nguyen កំពុងរង់ចាំយ៉ាងអន្ទះសាដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន ONE Featherweight World Championship ទល់នឹង Koyomi Matsushima នៅទីលាន Mall Of Asia Arena នាក្រុងម៉ានីលប្រទេសហ្វីលីពីន។ Martin Nguyen កូនកាត់វៀតណាមអូស្ត្រាលី ជាកីឡាករល្អបំផុតមួយក្នុងពិភពគុនចម្រុះនិងល្អសម្រាប់សង្វៀន ONE។ ក្នុងចំណោមការប្រកួតនៅសង្វៀនគុនចម្រុះកន្លងមក កីឡាករវ័យ ៣០ ឆ្នាំរូបនេះចាញ់៣ដងគត់ក្នុងចំណោម១៥លើក។ ពេលប៉ះ Koyomi កូនកាត់វៀតណាមអូស្ត្រាលីបានប្ដេជ្ញាចិត្តថានឹងការពារខ្សែក្រវាត់ឲ្យខាងតែបានបន្ទាប់ពីរូបគេបានត្រៀមខ្លួនណាស់ជាពិសេសបានទៅសំងំហ្វឹកហាត់នៅសហរដ្ឋអាមេរិកទៀតផង។ Nguyen បានថ្លែងថា ៖«ការប្រកួតនៅមុខទស្សនិកជន ២ ម៉ឺននាក់គឺជារឿងអស្ចារ្យនៅហ្វីលីពីន។ ខ្ញុំប្រកួត៤ដងរួចមកហើយនៅទីនោះ។ ខ្ញុំគិតថាខ្ញុំបានសម្របតាមបរិយាកាសជនជាតិហ្វីលីពីន»។
អ្នកគុនចម្រុះដដែលសង្កត់ធ្ងន់ថា៖ «Koyomi ខ្លាំងខាងប្រយុទ្ធផ្នែកចំបាប់ និង កម្លាំងដៃខ្លាំង ពេលខ្ញុំបានទស្សនារូបគេប្រយុទ្ធតតាំងនឹង [Marat] Gafurov ។ ខ្ញុំពិតជាអបអរដល់ Koyomi ដែលមានឈ្មោះមកដណ្ដើមខ្សែក្រវាត់ និង ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តក្នុងជំនួបនេះ»។
បើក្រឡេកមកកាន់ Koyomi វិញ កីឡាករជប៉ុន ជឿជាក់ថាគេសមនឹងមកប្រកួតនៅទីនេះបន្ទាប់ពីវាយ Marat Gafurov អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Featherweight World Champion ឲ្យសន្លប់ត្រឹមទឹកទី១។ «Moushigo» ថ្លែងបែបនេះ ៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំរីកចម្រើនដោយសារក្ដីស្រលាញ់។ ខ្ញុំនៅមានអារម្មណ៍ដក់ជាប់ពេលវ៉ៃជាមួយ Gafurov។ យ៉ាងណាក៏ដោយ ខ្ញុំមានលក្ខណៈល្អប្រសើរ ពេលហាត់រាល់ថ្ងៃ។ ខ្ញុំពិតជាខ្លាំងជាងកាល ១ ឆ្នាំមុន»។ តើ Koyomi Matsushima អាចក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មីឬយ៉ាងណា?
តើមនុស្សដែក Rodtang Jitmuangnon អាចឈ្នះខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ទេ?
Rodtang បានប្រាប់អំពីអ្នកដែលមានឥទ្ធិពលរបស់ខ្លួនមុនជំនួបដ៏ធំនេះ គឺ សពរបស់លោក Mr. Huan។ លោក Huan ជាមិត្តម្ចាស់ក្លិបប្រដាល់មួយនៅ Phatthalung ភាគខាងត្បូងប្រទេសថៃ និង បានបង្ហាត់បង្ហាញរូបគេកាលតូចៗមុនក្លាយខ្លួនជាកីឡាករល្បី។ លោក បានគិតថា Rodtang ជាក្មេងមានទេពកោសល្យ ហើយលោកបានសួរនាំឳពុករបស់ខ្លួនដើម្បីនាំយកទៅហាត់នៅបាងកក។ Rodtang បានថ្លែងថា៖«ខ្ញុំត្រូវតែថែទាំខ្លួនដោយខ្លួនឯង។ វាជារឿងលំបាកក្នុងជីវិត តែពេលខ្ញុំត្រូវបំភ្លេច។ គាត់ [Huan] បានរកសង្វៀនឲ្យខ្ញុំប្រកួត ហើយខ្ញុំដឹងខ្លួនថា ត្រូវបន្តទៅមុខទៀត។ ដូច្នេះខ្ញុំត្រូវការឈ្នះការប្រកួតនេះដើម្បីឧទ្ទិសទៅកាន់គាត់»។
មុនឡើងមកដណ្ដើមខ្សែក្រវាត់នេះពី Jonathan Haggerty អ្នកលេងមួយថៃ Rodtang Jitmuangnon បានឈ្នះ ៤ ប្រកួតជាប់គ្នានៅសង្វៀន ONE។ ចំណែក Haggerty មិនមែនធម្មតាទេ ហើយបច្ចុប្បន្នគេជាម្ចាស់ខ្សែក្រវាត់៣ ស្ថាប័ន ដូចជា ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង ISKA World Super Featherweight Champion។ កីឡាករមកពីចក្រភពអង់គ្លេសរូបនេះបាន ឈ្នះ SAM A ដែលជាមិត្តរួមជាតិរបស់ Rodtang ដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Muay Thai Championship កាលខែ ឧសភា កន្លងទៅ។ តើ ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai Championship ថ្មីជាអ្នកណា?
អ្នកលេងគុនចម្រុះ Sunoto ត្រៀមបញ្ចប់ Muhammad Aiman
កីឡាករទាំងពីរសុទ្ធតែមានបទពិសោធន៍ល្អដូចគ្នាក្នុងពិភពគុនចម្រុះ និង សង្វៀន ONE CHAMPIONSHIP ហើយត្រូវតតាំងគ្នាក្នុងប្រភេទទម្ងន់ Bantamweight។ ដ្បិតវ័យ ៣៤ឆ្នាំ ប៉ុន្តែ Sunoto នៅខ្លាំងដដែល ដោយទើបឈ្នះមិត្តរួមជាតិ Paulus Lumihi កាលខែឧសភា កន្លងទៅនៅសង្វៀន ONE: FOR HONOR តែ Aiman ចាញ់កីឡាករជប៉ុន Shuya Kamikubo កាលចុងឆ្នាំ ២០១៨។
«គេ[Aiman]ជាកីឡាករល្អនិងប្រកួតល្អគ្រប់ទឹក មានកម្ពស់ខ្ពស់និងវ៉ៃចេញពីចម្ងាយបានល្អដែរ។ ក្នុងការប្រកួតកន្លងទៅ យើងអាចមើលឃើញចំណុចខ្លាំងនិងខ្សោយអំពីគូប្រកួត។ យើងធ្លាប់ជួបគ្នាពីមុន ដូច្នេះខ្ញុំអាចវិភាគបាន។ ការពិត គេមានកម្លាំងខ្លាំងល្អព្រោះនៅក្មេង ហើយហាត់នៅក្លិប Bali MMA»។ កីឡាករឥណ្ឌូណេស៊ីមកពីក្លិប IndoGym &Team Phantom MMA ថ្លែងបែបនេះ។ លើពីនេះទៅទៀត Aiman មានក្បាច់ប្រយុទ្ធល្អណាស់ ព្រោះគេធ្លាប់ហ្វឹកហាត់ក្បាច់គុនមួយថៃ។ Aiman ច្បាស់នឹងព្យាយាមទប់ទល់ចំពោះការចូលចាប់របស់ Sunoto។ យ៉ាងណាក្ដី បុរសវ័យ៣៤ឆ្នាំជឿជាក់ថា អាចឈ្នះលើកីឡាករវ័យក្មេងមកពី ម៉ាឡេស៊ី ព្រោះត្រៀមខ្លួនបានល្អមុនពេលជំនួបដ៏ធំនេះ៕
អត្ថបទ៖ ស៊ីធី ប្រភពពី: khmerkamlang