អតីតខ្សែបម្រើអន្តរជាតិអ៊ីតាលី Daniele De Rossi បានចុះហត្ថលេខារយៈពេល១ឆ្នាំដើម្បីចូលរួមជាមួយនឹងក្លិប Boca Juniors។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបអាហ្សង់ទីនមួយនេះ កាលពីថ្ងៃសុក្រ។

De Rossi ដែលបានឈានចូលវ័យ៣៦ឆ្នាំ កាលពី២ថ្ងៃមុន បានបញ្ចប់អាជីពរយៈពេល១៨ឆ្នាំរបស់គេជាមួយនឹងក្លិប Roma កាលពីចុងរដូវកាលមុន។ សមាជិកឈ្នះពាន World Cup ឆ្នាំ២០០៦ រូបនេះ បានលេងការប្រកួត៦១៥លើកសម្រាប់ក្លិបរបស់អ៊ីតាលី Roma ដោយបានស៊ុតបាល់បញ្ចូលទី៦១គ្រាប់ ក្នុងរាល់យុទ្ធនាការទាំងអស់។ មានតែ Francesco Totti ប៉ុណ្ណោះ ដែលបានលេងការប្រកួតច្រើនជាងគេឲ្យក្លិបនេះ។

Rossi បានធ្វើដំណើរទៅដល់ទីក្រុង Buenos Aires កាលពីថ្ងៃព្រហស្បតិ៍ និងត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួនជាផ្លូវការពីមុខបណ្តាញសារព័ត៌មាន នៅកីឡដ្ឋាន Bombonera របស់ក្លិប Boca Juniors នៅថ្ងៃចន្ទនេះ។ ក្លិបបានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «Daniele De Rossi បានចុះហត្ថលេខាលើកិច្ចសន្យារបស់គេចំនួន១រដូវកាល និងជាកីឡាករចំណូលថ្មីរបស់ក្លិប Boca»។

ខ្សែបម្រើរូបនេះ ដែលបានលេងការប្រកួត១១៧លើកសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧នោះ បានបង្ហោះរូបថតជាច្រើន ក្នុងពេលពាក់អាវពណ៌ខៀវ លាយលឿង របស់ក្លិប Boca រួមជាមួយនឹងប្រធានផ្នែកកីឡារបស់ក្លិបលោក Nicolas Burdisso ដែលបានលេងជាមួយនឹងរូបគេនៅឯក្លិប Roma អស់៥ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤៕
ប្រភពព័ត៌មាន៖ Channel News Asia