ជើងខ្លាំង Martin Nguyen ឬ គេស្គាល់ថា «The Situ-Asian» ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន ONE Featherweight World Championship នាថ្ងៃសុក្រទី ២ ខែ សីហា ខាងមុខនៅប្រទេសហ្វីលីពីន។ កូនកាត់វៀតណាម-អូស្ត្រាលី បានពន្យល់ថាការលើកទឹកចិត្តរបស់ក្រុមគ្រួសារគឺជាការលះបង់ដ៏ក្រៃលែង។ «The Situ-Asian» កំពុងរង់ចាំគូប្រកួតដ៏លំបាកក្នុងអាជីព គឺ កីឡាករសញ្ជាតិជប៉ុន Koyomi Matsushima ឬ «Moushigo» នៅសង្វៀន ONE: DAWN OF HEROES នាក្រុងម៉ានីលប្រទេសហ្វីលីពីន។
Nguyen បានធ្វើដំណើរទៅកាន់អាមេរិក ដើម្បីសំលៀងក្បាច់គុនរបស់ខ្លួននៅក្លិប Hardknocks 365។ បន្ទាប់ពីចំណាយពេលជាច្រើនសប្ដាហ៍នៅ Florida កូនកាត់វៀតណាម-អូស្ត្រាលី កាន់តែល្អជាងលើកមុនទៀត។ ការធ្វើដំណើរទៅហ្វឹកហាត់ផ្លូវឆ្ងាយបានចាកចេញពីប្រពន្ធ Brooke និងកូន៣នាក់ផ្សេងទៀតនៅក្រុងស៊ីដនីប្រទេសអូស្ត្រាលី។
កីឡាកររូបនេះរៀបរាប់ថា៖ «រឿងមួយដែលខ្ញុំនឹកនៅ Florida គឺ គ្រួសាររបស់ខ្ញុំ។ ពេលមកហ្វឹកហាត់ អ្នកត្រូវតែធ្វើអ្វីដែលយើងត្រូវធ្វើ។ ប៉ុន្តែខ្ញុំស្រលាញ់ការរស់នៅក្បែរគ្រួសាររបស់ខ្ញុំ។ ខ្ញុំស្រលាញ់ភាពជាឳពុក ក៏ដូចជាកីឡាករ»។ បុរសវ័យ ៣០ឆ្នាំបន្តថា៖ «ខ្ញុំជាមេគ្រួសារ ខ្ញុំតែងតែចង់ផ្ដល់នូវអ្វីដែលចាំបាច់សម្រាប់គ្រួសារ ប៉ុន្តែការនៅឆ្ងាយពីពួកគាត់ ខ្ញុំមិនអាចយកកូនៗរបស់ខ្ញុំទៅសាលា មិនអាចយកពួកគេចេញពីសាលា និងជួយឲ្យពួកគេចូលគេង។ នេះគ្រាន់តែជារឿងមួយតូចប៉ុណ្ណោះ តែចាំបាច់»។
Nguyen គឺជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា និងជាមេគ្រួសារលះបង់ខ្ពស់ម្នាក់។ បុរសវ័យ៣០ឆ្នាំដដែលនេះមានសំណាងទទួលបានភាពកក់ក្ដៅពីគ្រួសារដែលតែងតែគាំទ្រគោលបំណងរបស់ខ្លួន និង យល់អំពីភាពចាំបាច់ដើម្បីសម្រេចបាន។ ប្រពន្ធរបស់ខ្លួន Brooke តែងតែលើកទឹកចិត្តដល់ Nguyen ជារឿយៗ ដើម្បីឲ្យប្ដីធ្វើដំណើរចម្ងាយ ១៥០០០ គីឡូម៉ែត្រទៅកាន់ Fort Lauderdale ក្នុងបំណងហ្វឹកហាត់ឲ្យកាន់តែល្អប្រសើរ។
«នាងជាមនុស្សម្នាក់ដែលតែងតែជំរុញដល់ខ្ញុំទៅហាត់នៅក្រៅប្រទេស និង មិនចង់ឲ្យធ្វើរឿងងាយៗ។ ខ្ញុំសរសើរប្រពន្ធរបស់ខ្ញុំខ្លាំងណាស់ ហើយនាងតែងតែមើលថែកូនៗ និងប្រាប់ខ្ញុំថាត្រូវធ្វើដំណើរទៅមុខទៀត។ ហើយត្រូវធ្វើជាកីឡាករខ្លាំងម្នាក់រហូតសម្រាប់គ្រួសារនេះ»។ ជើងខ្លាំងគុនចម្រុះសង្កត់ធ្ងន់បែបបេះ។
យ៉ាងណាក្ដី «The Situ-Asian» បានព្យាយាមធ្វើអ្វីៗដែលអាចមានទំនាក់ទំនងទៅកាន់កូនៗ តាមរយៈបច្ចេកវិទ្យាទំនើប ដូចជា ខល និង វីដេអខលជាដើម។ Nguyen គូសបញ្ជាក់ថា៖ «ខ្ញុំមកទីនេះដើម្បីហាត់ តែការនឹករលឹក និងទឹកចិត្តរបស់ខ្ញុំនៅជាមួយប្រពន្ធនិងកូនរបស់ខ្ញុំ។ កូនៗរបស់ខ្ញុំអត់មានប៉ានៅក្បែរ ហើយប្រពន្ធខ្ញុំត្រូវការការគាំទ្រ និង ជជែកពេលមានរឿងមិនល្អ។ អរគុណដល់បច្ចេកវិទ្យា ដែលនាំឲ្យយើងអាចឃើញមុខគ្នារៀងរាល់ថ្ងៃ»។
«ពួកគេមាន iPads ដូច្នេះខ្ញុំអាចខលពួកគេផ្ទាល់ និង ជជែករៀងរាល់ថ្ងៃអំពីសកម្មភាពនានា ឬ និយាយអរុណសួស្ដីទៅកាន់ពួកគេជាដើម»។
Nguyen ខ្លួនឯងបានស្គាល់ច្បាស់អំពីតម្លៃជាឳពុក។ ឳពុកម្ដាយរបស់ Nguyen រស់នៅឆ្លងកាត់សង្គ្រាមវៀតណាម ហើយបន្ទាប់មកទៀតក៏ផ្លាស់ ទៅអូស្ត្រាលីដែលមានជីវភាពល្អប្រសើរ។
ជារឿងក្រៀមក្រំមួយនៅឆ្នាំ ២០១៣ ឳពុករបស់គេទទួលមរណភាព ហើយលោកមិនបានឃើញ Nguyen ជាកីឡាករលំដាប់កំពូលម្នាក់នៅសង្វៀន ONE ឡើយ ប៉ុន្តែ «The Situ-Asian» បានរៀនសូត្រជាច្រើនពីឳពុករបស់គេ និង ចង់បន្តកេរដំណែលជាគំរូនេះតរៀងទៅ។
Nguyen រំលឹកដូច្នេះ៖ «ដំណើររឿងដែលប៉ារបស់ខ្ញុំបានឆ្លងកាត់ គឺចាប់ផ្ដើមជីវិតថ្មីសម្រាប់គ្រួសាររបស់គាត់។ ខ្ញុំបានប្រើរូបមន្តនេះដើម្បីផ្ដល់ឲ្យគ្រួសាររបស់ខ្ញុំនូវរឿងល្អៗបំផុតតាមតែអាចធ្វើទៅបាន។ ប៉ារបស់ខ្ញុំមានភាពរហ័សរហួនកាលនៅក្មេង។ នេះជារឿងជាក់ស្ដែង គាត់បានផ្ដល់វាមកឲ្យខ្ញុំ»។
ផ្នត់គំនិតវិជ្ជមានរបស់ប៉ាខ្លួនបានផ្ដល់ជាគំរូល្អដល់ Nguyen ដើម្បីសម្រេចបានគោលដៅយូរអង្វែង។ នាថ្ងៃទី ២ សីហា ខាងមុខ នៅប្រទេសហ្វីលីពីន គេនឹងផ្ដោតលើការការពារខ្សែក្រវាត់តែមួយមុខគត់ ហើយ កិច្ចខិតខំប្រឹងប្រែងនេះគឺតបស្នងសម្រាប់ក្រុមគ្រួសារ។ ម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកបានគូសបញ្ជាក់បែបនេះ ៖«វាជារបស់ដ៏មានតម្លៃ។ វាអាស្រ័យលើខ្ញុំដែលអាចសម្របខ្លួនបានគ្រប់ស្ថានការណ៍។ ឱកាសអាចធ្វើឲ្យខ្ញុំលេចត្រដែតឡើងក្នុងនាមជាកីឡាករម្នាក់។ ខ្ញុំត្រូវតែលះបង់ចំពោះការប្រកួតនេះ ហើយកូនរបស់ខ្ញុំទទួលស្គាល់អ្វីខ្ញុំធ្វើ។ ខ្ញុំបានពន្យល់ហេតុផល ហេតុអ្វីខ្ញុំចាំបាច់មក [Florida] ព្រោះ ខ្ញុំត្រូវហាត់ជាមួយអ្នកខ្លាំងៗជាច្រើន។ កូនៗរបស់ខ្ញុំយល់អំពីរឿងនេះពេលក្លាយជាជើងឯកពិភពលោក World Champions និង នៅតែរក្សាបាន World Champions»។