ជើងខ្លាំងវ័យក្មេងរបស់ ឆត្រយោង ៩១១ ឡៅ ចិត្រា ឡើងកូដខ្លាំងមែនទែននាពេលឥលូវនេះ មិនថាសង្វៀនណានោះទេគឺផ្ដួលដៃគូឲ្យសន្លប់រហូត កាលពីថ្ងៃសៅរ៍ ទី២០ កក្កដា ទើបវ៉ៃថៃឲ្យសន្លប់ក្នុងទឹកទី២ថែមទៀតផង។
ចិត្រា និងថៃ កាលនៅ TV5
ឡៅ ចិត្រា តាំងតែពីចាញ់នៅសង្វៀន ONE មកគឺខ្លាំងមែនទែន គិតដល់ពេលនេះអ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះមិនទាន់ស្គាល់ពាក្យថាចាញ់នោះឡើយ។ បន្ថែមពីនេះទៀតនោះ គឺ ចិត្រា ភាគច្រើនផ្ដួលដៃគូឲ្យសន្លប់មុនចប់ទឹកទី៥ ទៀតផង។
ចិត្រា ឈ្នះនៅ TV5
អំឡុងពេលវគ្គជម្រុះខ្សែក្រវាត់ប្រាក់របស់សង្វៀន PNN អ្នកប្រដាល់ខាងលើនេះ ២ប្រកួតផ្ដួលថៃដែលជាដៃគូឲ្យសន្លប់មុនចប់ទឹកទី៥ទាំងពីរលើក។ ចូលដល់សង្វៀន CNC ចុងខែមិថុនា កន្លងទៅនេះគឺផ្ដួលជើងខ្លាំងថៃពូកែឌឺ Yorthkoson ឲ្យសន្លប់ក្នុងទឹកទី២ លុះថ្ងៃសៅរ៍ ទី២០ ខែកក្កដា ២០១៩ ប៉ុន្មានថ្ងៃមុននេះ ផ្ដួលអ្នកលេងគុនថៃម្នាក់ទៀតឈ្មោះ Phet Thong ឲ្យសន្លប់ធំក្នុងទឹកទី២ ដដែលប៉ុន្តែនៅសង្វៀន TV5 ធ្វើឲ្យអ្នកគាំទ្រនៅទីនោះពេញចិត្តជាខ្លាំង។
ចិត្រា ពេលឈ្នះខ្សែក្រវាត់ប្រាក់
បញ្ជាក់ដែរថា ឡៅ ចិត្រា ជាសិស្សប្អូន ឡៅ ចន្រ្ទា និង ឡៅ ស៊ីណាត ជាកីឡាករប្រចាំក្លឹបឆត្រយោង ៩១១ កំបូល។ ជើងខ្លាំងរូបនេះជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៧ នៅ ម៉ាឡេស៊ី និងជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ខ្សែក្រវាត់អធិរាជគុនខ្មែរ ISI របស់ PNN ក៏ជាម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិកន្លងទៅដែរ៕
Credit: Sabay