ចាន់ សំអាត មានឈ្មោះបោះសំឡេងកាន់តែខ្លាំងពេលឡើងប្រកួតនៅសង្វៀនអន្តរជាតិ ONE មួយរយៈចុងក្រោយនេះ។ ក្នុងនោះ សំអាត មានបទពិសោធន៍ជូរចត់ និងបទពិសោធន៍ល្អអំឡុងពេលប្រឡូកក្នុងវិស័យគុនខ្មែរ និងគុនចម្រុះតាំងពីដើមដល់បច្ចុប្បន្ននេះ។ បើគិតកំណត់ត្រាប្រកួតគុនខ្មែរនៅតាមជាយដែន និងចូលប្រកួតនៅថៃខ្លះផងនោះ ចាន់ សំអាត ប្រហែលប្រកួតបានជាង ១០០ លើក ប៉ុន្តែ កំណត់ត្រាលើសង្វៀនតាមទូរទស្សន៍ត្រូវគេបង្ហាញត្រឹមក្បែរ ១០០ លើកប៉ុណ្ណោះ។

រឿងជូរចត់លាយសំណាង៖

ក្រោយឳពុកទទួលមរណភាពអំឡុងឆ្នាំ២០០២ បានបន្សល់ទុកម្ដាយនិងបងប្អូនប្រុសស្រី ៣នាក់គ្មានទីពឹងដូចមុនរួមទាំងសំអាតផង។ សំអាត បានក្លាយជាក្មេងដើរលេងគ្មានគោលដៅ និងឈប់រៀនត្រឹមថ្នាក់ទី៧។ យ៉ាងណាក្ដី វាជាសំណាងមួយរហូតដល់សព្វថ្ងៃនេះ គឺ ខុន ស៊ីចាន់ បានណែនាំឲ្យរូបគេទៅហាត់ប្រដាល់នៅឆ្នាំ ២០០៨ ជាមួយគ្រូបង្វឹក ឡោ វុទ្ធី នៅក្លិបកងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ បន្ទាប់ពី ស៊ីចាន់ បានឃើញ សំអាត ឡើងប្រកួតសប្បាយៗក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរនៅវត្ត «ថ្លាត» នាស្រុកអន្លង់វែង។ សំអាត ក៏មានអនុស្សាវរីយស្រក់ទឹកភ្នែកជាមួយ ស៊ីចាន់ បែបនេះ៖«ខ្ញុំមិនច្បាស់ឆ្នាំ តែពេលនោះ ខ្ញុំប្រកួតដល់២ដងក្នុង ១ ថ្ងៃ គឺ ប្រដាល់ថ្នាក់ជាតិនិងប៉ុស្តិ៍បាយ័នពេលល្ងាច។ ពេលដល់ប៉ុស្តិ៍ ខ្ញុំវ៉ៃចាញ់ព្រោះវាអស់ស៊ុហ្វខ្លាំង។ បង ខុន ស៊ីចាន់ ស្ដីឲ្យខ្ញុំថា វ៉ៃដូចគ្មានចិត្តស៊ូសោះ។

ខ្ញុំតូចចិត្តពេលចុះលើរេញ ហើយ ពេលគាត់ឌុបម៉ូតូ ខ្ញុំក៏ស្រក់ទឹកភ្នែកបណ្ដើរពេលកំពុងជិះពីក្រោយគាត់»។ យ៉ាងណាក្ដី មិនមានខឹងក្រោធអ្វីដាក់ ខុន ស៊ីចាន់ ទេព្រោះរៀមច្បងរូបនេះជួយគេច្រើនរួមទាំងការទំនុកបម្រុងលុយកាក់និងហូបចុក។ ពេលឡើងប្រកួតដំបូងឡើងគូបិទឆាក បានតម្លៃខ្លួន ត្រឹម ៨ ទៅ ១០ ម៉ឺនអីហ្នឹង។ ភាគច្រើនការធ្វើដំណើរឡើងប្រកួត មកភ្នំពេញ ពី ឧត្ដរមានជ័យ គឺ ខុន ស៊ីចាន់ អ្នកជួយរ៉ាប់រង។ តាំងពីឆ្នាំ ២០០៨ មក ដែល ចាន់ សំអាត យកឈ្មោះត្រកូល ចាន់ ប៉ុន្តែ ឈ្មោះដើម គឺ ធាន អាត។ នេះជារឿងជូរចត់មួយដែរ ប៉ុន្តែបានប្រែក្លាយជាសំណាង និង មានឈ្មោះបោះសំឡេងដល់បច្ចុប្បន្ន។ បើសិនមិនមានការតស៊ូបែបនេះទេ ម៉្លេះសមមិនអាចឈរជើងដល់សព្វថ្ងៃឡើយ។

យ៉ាងណាក្ដីពេលខ្លះក៏ ចាន់ សំអាត ក៏គិតបែបអស់សង្ឃឹមដែរថា៖ «ពេលខ្លះខ្ញុំឡើងវ៉ៃទៅ វាអស់ពេក អស់កម្លាំងរលីងតែម្ដង អស់ស៊ុហ្វ ហើយ ខ្ញុំចង់តែឈប់ប្រដាល់ម្ដងៗដែរបង។ តែក្នុងចិត្តចេះតែគិតថា យើងរៀនបានតិចតួច បើយើងមិនខំ បើយើងមិនតស៊ូប្រដាល់ទេ មិនចាប់ឲ្យជាប់ទេ វារឹតតែលំបាកទៀត»។

រឿងល្អក្នុងវិស័យគុនចម្រុះ៖

រឿងដែល ចាន់ សំអាត ចងចាំមិនអាចបំភ្លេចបានគឺ វគ្គជម្រុះខ្សែក្រវាត់ Khmer Warrior Challenge រៀបចំដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV កាលឆ្នាំ ២០១៤។ សំអាត បញ្ជាក់បែបនេះ៖ «ខ្ញុំចាំច្បាស់នៅវគ្គជម្រុះខ្សែក្រវាត់។ កាលនោះខ្ញុំបែកមុខបែកមាត់ប្រឡាក់ឈាមពេញខ្លួន ប៉ុន្តែខ្ញុំខំតស៊ូ រហូតដល់ចប់ទឹកទី៣ ហើយទីបំផុតខ្ញុំបែរជាឈ្នះទៅវិញ»។ កីឡាករមកពីឧត្ដរមានជ័យរូបនេះបានតស៊ូយ៉ាងខ្លាំងតាំងពីវគ្គប្រមូលផ្ដុំនៅឆ្នាំ ២០១៣ រហូតដល់ឈ្នះខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣ នៅឆ្នាំ ២០១៤ ក្នុងនាមជាកីឡាករចូលជំនួសកីឡាករម្នាក់ដែលរត់ចោលជួរអំឡុងពេលប្រមូលផ្ដុំ។ កីឡាករដែលមានឈ្មោះដើម ធាន អាត រូបនេះបានបន្តមកហ្វឹកហាត់ទាំងគុនខ្មែរ និង គុនចម្រុះនៅក្លិប Cambodian Top Team តាំងពីឆ្នាំ ២០១៤ ដល់បច្ចុប្បន្នបន្ទាប់ពីស្គាល់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ។

នេះក៏ចាត់ទុកថាជារឿងល្អមួយដែរសម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ។ ព្រោះកីឡាករជាច្រើនបានលាកចាកពីសង្វៀន ដោយផ្អែកលើបញ្ហាជីវភាព ឬ មានប្រពន្ធកូន។ ចាន់ សំអាត រៀបការតាំងពីឆ្នាំ ២០១២ ជាមួយប្រពន្ធឈ្មោះ ប្រពន្ធ សាន្ត ឆេងហួង និង បង្កើតបានចំណងដៃកូនប្រុសស្រីចំនួន២នាក់។ ទោះមានប្រពន្ធ ក៏ សំអាត មានការតាំងចិត្តល្អ និង មានឈ្មោះចេញទៅប្រកួតនៅសង្វៀនអន្តរជាតិ នៅប្រទេសថៃ និង សង្វៀនលំដាប់ពិភពលោក ONE ជាបន្តបន្តបន្ទាប់។ ចាន់ សំអាត ឡើងប្រកួតលើសង្វៀនគុនចម្រុះអន្តរជាតិបានចំនួន ៥ ដង៕