កីឡាករប្រណាំង Thibaut Pinot បានក្លាយជាបេក្ខភាពដ៏ខ្លាំងជាងគេបំផុតក្នុងចំណោមបេក្ខភាពសំខាន់ៗដែលត្រូវឈ្នះពាន Tour de France ក្រោយពីរូបគេបានគ្រប់គ្រងលើគូប្រកួតរបស់ខ្លួនទាំងស្រុងនៅរយៈពេល២ថ្ងៃជាប់ៗគ្នា ក្នុងការប្រកួតលើដំណាក់កាលទី១៥ ខណៈដែលកីឡាករអង់គ្លេស Simon Yates បានទទួលជ័យជម្នះលើការប្រកួតលើចម្ងាយផ្លូវ១៨៥គីឡូម៉ែត្រមួយនេះ កាលពីថ្ងៃអាទិត្យ។

កីឡាករ Pinot សញ្ជាតិបារាំង ដែលបានឈ្នះក្នុងការប្រណាំងឆ្លងកាត់ភ្នំ Col du Tourmalet កាលពីថ្ងៃសៅរ៍ បាននាំមុខលើគូប្រកួតរបស់ខ្លួន ក្រោមស្ថានភាពមានខ្យល់ខ្លាំង នៅរយៈពេល៧គីឡូម៉ែត្រចុងក្រោយ មុននឹងទៅដល់គោលដៅ Prat d’Albis។

រូបគេបានឆ្លងផុតខ្សែបន្ទាត់ទី ដោយនាំមុខដល់ទៅ៣៣វិនាទី លើកីឡាករ Yates ដើម្បីធ្វើឲ្យម្ចាស់ការពារតំណែងជើងឯក Geraint Thomas ដេញតាមពីក្រោយកាន់តែឆ្ងាយ។ កីឡាករ Julian Alaphilippe របស់បារាំង បានស្ថិតក្នុងចំណោមកីឡាករដែលជួបបញ្ហា ប៉ុន្តែ រូបគេនៅតែរក្សាពិន្ទុនាំមុខលើតារាងរួមក្នុងនាមជាអ្នកពាក់អាវលឿង មុននឹងឈានទៅកាន់ថ្ងៃសម្រាកទី២ នៅថ្ងៃចន្ទនេះ។

កីឡាករមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក Alaphilippe ដែលមិនធ្លាប់បានប្រណាំងក្នុងកម្រិតជាទូទៅនោះ បានប្រាប់អ្នកយកព័ត៌មានថា៖ «វាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើយដែលខ្ញុំបានជួបបញ្ហានៅពេលប្រកួតជាមួយនឹងកីឡាករជំនាញប្រណាំងលើភ្នំសំខាន់ៗ នៅចុងសប្តាហ៍ទី២នោះ ក្រោយពីជួបការលំដាប់តាំងពីចាប់ផ្តើមប្រកួត»៕
ប្រភពព័ត៌មាន៖ Channel News Asia