អ្នកប្រដាល់កម្ពុជា២រូប ផល សោភ័ណ្ឌ ចាន់ ប៊ុនហឿន នឹងត្រូវឆ្លងកាត់ជើងខ្លាំងថៃ២រូបសិន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃស្អែកនេះនៅសង្វៀនបាយ័ន ទើបដឹងអាចបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ទម្ងន់ ៦៣,៥គីឡូក្រាមបាន ឬមិនបាន។
រូបភាពលើផេក Bayon & BTV Boxing
សម្រាប់អ្នកប្រដាល់របស់កម្ពុជាទាំងពីរនាក់ខាងលើនេះគឺចាញ់ភាគីខាងថៃដែលជាដៃគូក្នុងវគ្គសន្សំពិន្ទុដូចគ្នា ដូច្នេះថ្ងៃសុក្រស្អែកនេះអាចថាជាការប្រកួតសងសឹកផងដែរចំពោះពួកគេ។ ប៊ុនហឿន ភ្លាត់ចាញ់ Fanimit នៅពាក់កណ្ដាលទឹកទី៤ កាលពីខែមេសា កន្លងទៅនេះ ប៉ុន្តែអ្នកទាំងពីរនាក់នេះធ្លាប់ឈ្នះទៅឈ្នះមកនោះទេ។
ប៊ុនហឿន ហ្វឹកហាត់កន្លងទៅ
ចំណែកអ្នកលេងកែងមកពីខណ្ឌដង្កោ ផល សោភ័ណ្ដ ក៏ភ្លាត់ចាញ់ពិន្ទុជើងខ្លាំងថៃ Yokpetch ផងដែរអំឡុងខែឧសភា នៃវគ្គសន្សំពិន្ទក្នុងពូល ខណៈប្រកួតមួយនោះជាថ្ងៃបើកឆាករបស់សិស្សគុនមកពីក្លឹបតាឡីដំរីមានរិទ្ធថែមទៀតផង។ ការប្រកួតជាថ្មីនេះ ជាការប្រកួតដ៏សំខាន់របស់ សោភ័ណ្ឌ ដើម្បីទាមទារកេរ្តិ៍ឈ្មោះពីអ្នកប្រដាល់ថៃមកវិញ ព្រោះធ្លាប់ខកចិត្តដោយសារ Yokpetch រួចមកហើយ និងម្យ៉ាងទៀតក្កោបឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រផង។
កម្មវិធីខ្សែក្រវាត់គូបូតា លើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម របស់សង្វៀនបាយ័ន ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនាយប់ម៉ោង៧ស្អែកនេះ។ ប្រសិនបើ សោភ័ណ្ឌ ឈ្នះ Yokpetch ហើយ ចាន់ ប៊ុនហឿន ឈ្នះ Fanimit នោះមានន័យថាខ្មែរឡើងទាំងពីរទៅវគ្គផ្ដាច់ព្រ័ត្រ ឬអាចនិយាយបានថាក្នុងចំណោម៤នាក់នេះ អ្នកឈ្នះបានឡើងវគ្គផ្ដាច់ព្រ័ត្រ៕
ផល សោភ័ណ្ឌ ប៉ះ Yokpetch
Credit: Sabay