កីឡាករគុនខ្មែរជើងខ្លាំង គង់ សំបូរ របស់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានខិតខំហ្វឹកហាត់ទ្វេដង ដើម្បីទទួលបានការអញ្ជើញទៅប្រកួតនៅសង្វៀនលំដាប់ពិភពលោក ONE Championship ជាថ្មីម្ដងម្ដងទៀត បន្ទាប់ពីរងបរាជ័យកាល ចុងខែ កុម្ភៈទល់នឹងកីឡាករចិននៅសិង្ហបុរី។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានប្រាប់ថា ៖«តាំងពីចាញ់កីឡាករចិន Zhang Chenlong មក ខ្ញុំបានខិតខំប្រឹងហ្វឹកហាត់ទ្វេដងជាមួយគ្រូបង្វឹក ជា រិទ្ធ។ បច្ចុប្បន្ននេះខ្ញុំយល់ឃើញថា កម្លាំងរបស់ខ្ញុំល្អជាងមុនឆ្ងាយ ហើយខ្ញុំវ៉ៃ ៥ ទឹកអីមិនសូវហត់ទេ។ ខ្ញុំខំបែបនេះ ព្រោះខ្ញុំចង់ឲ្យ ONE គេឃើញ និង ចង់ឡើងសង្វៀនអន្តរជាតិនេះជាថ្មី»។ ក្រៅពីការហ្វឹកហាត់បានល្អ គង់ សំបូរ ក៏ចៀសវាងលើការហូបចុកចំណីអាហារផ្ដេសផ្ដាសដែរ ដោយត្រូវគិតអំពី អាហារណាត្រូវញុំា និង អាហារណាមិនត្រូវញុំា ដើម្បីកុំឲ្យប៉ះពាល់ដល់កម្លាំង។

ក្នុងការប្រកួតក្នុងស្រុកកន្លងមក បន្ទាប់ពីបង្ហាញមុខនៅសង្វៀន ONE កាលខែ កុម្ភៈ អតីតកូនសិស្សនៅក្លិបក្រសួងការពារជាតិ បានយកឈ្នះជាបន្តបន្ទាប់ដូចជា ឈ្នះ ពុយ វណ្ណៈ,ជា សំនៀង, ទី ពន្លែត, រ៉ាក់ វិច្ឆ័យ, ឃឹម ពេជ្រចិន្តា, អេលីត ភក្ដី, ភិន សុទី និង ហុត គឺមហៀង ជាដើម។ ដោយសារការប្រកួតលេចធ្លោបែបនេះ គង់ សំបូរ មានឈ្មោះទៅប្រកួតក្នុងកម្មវិធីមួយនៅប្រទេសថៃនាចុងខែ កក្កដានេះ។

ជាមួយគ្នានេះដែរ គ្រូបង្វឹក ជា រិទ្ធ បានបញ្ជាក់អំពីចំណុចល្អរបស់កូនសិស្សបែបនេះ ៖«គង់ សំបូរ ឥឡូវហ្វឹកហាត់ខ្លាំងក្លាណាស់ កម្លាំងស៊ុហ្វក៏ល្អជាងមុន។ ពេលឡើងវ៉ៃម្ដងៗ អត់មានថយទេ គឺ សម្រុកចូលវ៉ៃតែម្ដង។ តាំងពីប្រកួតនៅ ONE សំបូរ ហាក់បើកភ្នែកភ្លឺតែម្ដង ព្រោះពីមុនមកគាត់មិនដែលបានឡើងសង្វៀនធំៗ។ សំបូរ ព្យាយាម ធ្វើតាមអ្វីដែលខ្ញុំបានបង្ហាត់ អត់រាថយពីរជំហានដូចមុនទេ ហើយខ្ញុំបានស្រាវជ្រាវក្បាច់វ៉ៃផ្សេងៗដល់ សំបូរដែរ»។ គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបបន្តទៀតថា បច្ចុប្បន្ននេះ គង់ សំបូរ ជាកីឡាករជើងខ្លាំងមួយរូបក្នុងចំណោមកីឡាករនៅកម្ពុជា ក្រោយផ្អាកឡើងសង្វៀនប្រហែល ២ ឆ្នាំ។ ការខំប្រឹងរបស់ សំបូរ មួយរយៈចុងក្រោយនេះមានសន្ទុះរីកចម្រើនគួរឲ្យកត់សំគាល់ ហើយ កីឡាករក្នុងស្រុកភាគច្រើនពិបាកឈ្នះ សំបូរ ហើយ ការប្រកួតមួយរយៈមកនេះមិនងាយចាញ់កីឡាករក្នុងស្រុកដូចគ្នានោះទេ។

គ្រូបង្វឹកដែលមានសញ្ញាប័ត្រអនុបណ្ឌិតភាសាអង់គ្លេស រៀបរាប់ទៀតថា បន្តលើកសរសើរថា សំបូរ ជាកីឡាករប្រដាល់មិនត្រឹមមានស្នៀតល្អ ថែមទាំងចេះវ៉ៃការពារ ចេះវ៉ៃដោះ ស្ទាបស្ទង់គូប្រកួត និង មិនងាយឲ្យគូប្រកួតរបួសងាយៗនោះទេ។ យ៉ាងណាក្ដី ការប្រកួតយកឈ្នះពិន្ទុវាជារឿងល្អបំផុត។

គួរដឹងដែរថា គង់ សំបូរ ជាអតីតកីឡាករប្រដាល់នៅក្លិបក្រសួងការពារជាតិ មុនផ្លាស់ហ្វឹកហាត់ជាមួយគ្រូ ជា រិទ្ធ ដែលបង្ហាត់នៅក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបជិត ២ឆ្នាំ មកនេះ។ ដោយសារបច្ចេកទេសប្រកួតកាន់តែប្រសើរឡើង គង់ សំបូរ តែងតែយកឈ្នះកីឡាករក្នុងស្រុកភាគច្រើន ប៉ុន្តែរូបគេទើបឡើងសង្វៀន ONE តែម្ដងគត់ ពោលពេលពេលចាញ់ពិន្ទុកីឡាករចិន Zhang Chenlong ក្នុងកម្មវិធីប្រកួត Kickboxing កាលចុងខែ កុម្ភៈ កន្លងទៅនៅសិង្ហបុរី។

សំបូរ ជាម្ចាស់ពាននៅកម្មវិធីខ្មែរ Khmer Fight បន្ទាប់ពី ឈ្នះ ពុយ វណ្ណៈដោយពិន្ទុ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលខែមេសា ឆ្នាំ ២០១៩ កន្លងទៅ។ ការឈ្នះពាននេះ ព្រោះគេតម្រូវឲ្យជើងឯកប៉ះជើងឯក ពោល សំបូរ ជាជើងឯកខ្សែក្រវាត់ Tiffy ឆ្នាំ ២០១៣ និង វណ្ណៈ ជាជើងឯក Tiffy ឆ្នាំ ២០១៨៕