ហែល​ទឹក៖ សហព័ន្ធ​ខ្មែរ​ហែល​ទឹក​ត្រៀម​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចំនួន​ ៣​រូប និង​គ្រូ​បង្វឹក​ ១​រូប​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡាហែលទឹក​ ជើងឯក​ពិភពលោក​ដែល​មាន​ឈ្មោះថា World Swimming Championships នៅប្រទេស​កូរ៉េខាងត្បូង ខណៈ​ដែល​នឹង​ចេញដំណើរ​នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ​។

​បើ​តាម​លោក ហែម គិរី អគ្គលេខាធិការ​​នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក​បាន​ឲ្យ​ដឹង​ថា កីឡាករ​-​កីឡា​ការិនី​ចំនួន​ ៣​រូប និង​គ្រូ​បង្វឹក​ ១រូប​ដែល​សហព័ន្ធ​បញ្ជូន​ទៅ​ចូលរួម​ការប្រកួត World Swimming Championships នៅ​ប្រទេស​កូរ៉េខាងត្បូង រួមមាន​កីឡាករ ហែម ប៉ិច​, កីឡាករ លឹម កែវ​ឧ​ត្ត​ម​, និង​កីឡា​ការិនី ហែម​ថុ​ន វិ​ទី​នី​។​

លោក​បញ្ជាក់​ថា កីឡា​ការិនី​ហែល​ទឹក​លំដាប់​កំពូល​របស់​កម្ពុជា គឺ​កីឡា​ការិនី ហែម​ថុ​ន វិ​ទីនី ដែល​បាន​ឃ្លាត​ពី​អាង​ហែល​ទឹក​មួយ​រយៈ​ធំដោយ​សារតែ​ជំងឺ​រលាក​ច្រមុះ ហើយ​ពេលនេះ ​វិ​ទីនី បាន​វិល​ទៅកាន់​អាជីព​ចាស់​វិញ​ហើយ​។ មិន​តែ​ប៉ុណ្ណោះ​កីឡា​ការិនី​រូប​នេះបាន​ព្យាយាម​ហ្វឹកហាត់ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ផង​ដែរ​៕