ហែលទឹក៖ សហព័ន្ធខ្មែរហែលទឹកត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៣រូប និងគ្រូបង្វឹក ១រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជើងឯកពិភពលោកដែលមានឈ្មោះថា World Swimming Championships នៅប្រទេសកូរ៉េខាងត្បូង ខណៈដែលនឹងចេញដំណើរនៅយប់ថ្ងៃទី១៧ ខែកក្កដានេះ។
បើតាមលោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបានឲ្យដឹងថា កីឡាករ-កីឡាការិនីចំនួន ៣រូប និងគ្រូបង្វឹក ១រូបដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួត World Swimming Championships នៅប្រទេសកូរ៉េខាងត្បូង រួមមានកីឡាករ ហែម ប៉ិច, កីឡាករ លឹម កែវឧត្តម, និងកីឡាការិនី ហែមថុន វិទីនី។
លោកបញ្ជាក់ថា កីឡាការិនីហែលទឹកលំដាប់កំពូលរបស់កម្ពុជា គឺកីឡាការិនី ហែមថុន វិទីនី ដែលបានឃ្លាតពីអាងហែលទឹកមួយរយៈធំដោយសារតែជំងឺរលាកច្រមុះ ហើយពេលនេះ វិទីនី បានវិលទៅកាន់អាជីពចាស់វិញហើយ។ មិនតែប៉ុណ្ណោះកីឡាការិនីរូបនេះបានព្យាយាមហ្វឹកហាត់ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា ជាពិសេសស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនផងដែរ៕