កីឡាករគុនចម្រុះ និង គុនខ្មែរ ចាន់ សំអាត បានបង្ហាញអារម្មណ៍ប្លែក និង មានកម្លាំងស៊ុហ្វល្អប្រសើរជាងមុន បន្ទាប់ពីបានហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទា អស់ពេលជាង៣ខែមកនេះជាមួយគ្រូជំនាញ Mark Chen និង ឡាយ រស្មី នៅក្លិប Cambodian Top Team។

ចាន់ សំអាត់ ដែលចូលហ្វឹកហាត់គុនខ្មែរតាំងពី ឆ្នាំ ២០០៨ បានគូសបញ្ជាក់បែបនេះ៖ «ពេលខ្ញុំហាត់ជាមួយគ្រូ Mark Chen និង ឡាយ រស្មី សុទ្ធតែល្អដូចគ្នា។ គ្រូ Mark Chen គឺហាត់ផ្ដោតបច្ចេកទេស។ ប៉ុន្តែ ការហ្វឹកហាត់នេះគឺ ធ្វើឲ្យរហ័ស និង រក្សាកម្លាំងស៊ុហ្វដូចគ្នា។ ពេលហ្វឹកហាត់ជាមួយពួកគាត់ ខ្ញុំដឹងខ្លួនថាលឿនជាងមុន រហ័ស និង កម្លាំងស៊ុហ្វល្អជាងមុនច្រើន»។

ចាន់ សំអាត ដែលដើរតាមរៀមច្បង ខុន ស៊ីចាន់ មកពីស្រុកអន្លង់វែងដូចគ្នា បានរៀបរាប់ទៀតថា ការហ្វឹកហាត់ផ្នែកកម្លាំងខាងលើធ្វើឲ្យខ្លួនមានភាពអំណត់ល្អ ហើយក៏ជាផ្នែកជួយជ្រោមជ្រែងដល់បច្ចេកទេស។ ការដែលមានកម្លាំង បូកនឹងបច្ចេកទេស ធ្វើឲ្យការប្រកួតកាន់តែជក់ចិត្តនៅលើសង្វៀន និង អាចទាញយកចំណាប់អារម្មណ៍ច្រើន។ ពេលខ្លះ បើមានតែបច្ចេកទេស ហើយអត់កម្លាំងស៊ុហ្វទេ មើលទៅទន់ និង ការប្រកួតក៏អត់ល្អមើលដែរ។

អតីតកូនសិ្សលោក គ្រូ ឡោ វុទ្ធី នៅក្លិប កងពលធំអន្តរាគមន៍លេខ៣ខេត្តព្រះវិហារ សង្កត់ធ្ងន់បែបនេះ៖ «ការហាត់យកកម្លាំងនេះ វាហត់ណាស់ ប៉ុន្តែធ្វើឲ្យយើងពូកែទ្រាំ ព្រោះគ្រូបង្វឹកជាអ្នកកំណត់នាទីឲ្យ។ ពីមុនមក ខ្ញុំមិនដែលធ្លាប់ហាត់បែបនេះទេ។ កន្លងទៅធ្លាប់ហ្វឹកហាត់ Gym ធម្មតា និង រត់យកកម្លាំងស៊ុហ្វអីចឹង»។

កីឡាករគុនចម្រុះវ័យ ២៦ ឆ្នាំរូបនេះពិពណ៌នាពីការហ្វឹកហាត់ប្រចាំថ្ងៃថា មុនពេលហ្វឹកហាត់កម្លាំង (Fitness) គេងើបរត់ម៉ោង៥ កន្លះព្រឹកដើម្បីរត់ និង កាច់ក្បាលពោះ មុនពេលទទួលការបង្ហាត់ពីគ្រូបង្វឹក ឡាយ រស្មី ទៅតាមកាលវិភាគប្រចាំសប្ដាហ៍។ គ្រូបង្វឹក ឡាយ រស្មី ក៏បង្ហាត់អំពីការរត់ដែរ ប៉ុន្តែ តម្រូវឲ្យការរត់នោះមានភាពរហ័សរហួន និងមានការកំណត់ពេលវេលាត្រឹមត្រូវមួយ។ បន្ទាប់ពីហ្វឹកហាត់ ផ្នែកកម្លាំង ម្ចាស់ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ៣ ត្រូវបន្តហ្វឹកហាត់ជាប្រចាំលើបច្ចេកទេសគុនខ្មែរ និង គុនចម្រុះទៀត ក្នុងគោលដៅត្រៀមប្រកួតក្នុងស្រុក និង ឆាកអន្តរជាតិសង្វៀនជាពិសេសសងៀន ONE Championship។

អ្នកប្រដាល់មកពីស្រុកអន្លង់ខេត្តឧត្តរមានជ័យរូបនេះកំពុងប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៦០ គីឡូក្រាមនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ នាចុងសប្ដាហ៍កន្លងទៅនេះ គេវាយកីឡាករថៃ Phutphetnoi ឲ្យសន្លប់ទឹកទី៤ និង ទទួលបានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ។ ការហ្វឹកហាត់កម្លាំងដិតដល់រួម ទាំងបច្ចេកទេសបានធ្វើឲ្យគេទទួលជ័យជម្នះ ៣ លើកក្នុងចំណោមប្រកួត ៤ លើកនៃការដណ្ដើមខ្សែក្រវាត់នេះ។

ជាមួយគ្នានោះដែរ គ្រូបង្វឹក ឡាយ រស្មី ក៏បានបង្ហើបដែរថា៖ «ការហ្វឹកហាត់គឺមានការលំបាកច្រើនដែរសម្រាប់កីឡាករមិនថា ចាន់ សំអាត ទេប៉ុន្តែទាំងអស់គ្នា ព្រោះពីមុនពួកគាត់មិនដែលជួបលំហាត់លំបាកៗបែបនេះឡើយ ប៉ុន្តែខ្ញុំចូលចិត្តពួកគាត់ និងសរសើរ ដោយសារពួកគាត់ព្យាយាមធ្វើ ហើយទោះធ្វើមិនបានល្អ ក៏គាត់នៅតែព្យាយាមធ្វើ»។

កូនសិស្សលោកហ៊ុន ច័ន្ទរាជ្យ ត្រូវសង្វៀន ONE Championship រៀបចំឲ្យចូលរួមប្រកួតសាជាថ្មីដោយជួបកីឡាករមីយ៉ាន់ម៉ា Punnya Say នាដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខនៅប្រទេសសិង្ហបុរី។ សំអាត ឡើងប្រកួតលើកនេះក្នុងប្រភេទទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម ខុសពីការប្រកួតកន្លងទៅក្នុងប្រភេទទម្ងន់ពី ៦០ ទៅ ៦៥ គីឡូក្រាម។ ការប្រកួតមុនៗ ត្រូវដំឡើងគីឡូ ដែលរឿងនេះត្រូវគេចាត់ទុកថា ដូចយកគីឡូតូចទៅប្រកួតនឹងគីឡូធំអីចឹង៕