ជើងខ្លាំង Martin Nguyen ឬ ហៅថា «The Situ-Asian» នៅតែទទួលទំនុកចិត្តបន្តកាន់ខ្សែក្រវាត់កម្រិតពិភពលោករបស់ខ្លួនបន្ទាប់ទទួលជ័យជម្នះបន្តបន្ទាប់។ នៅថ្ងៃសុក្រ ទី២ ខែសីហា ម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion រូបនេះត្រូវប្រឈមនឹង Koyomi Matsushima ឬ រហស្សនាម «Moushigo» ដើម្បីការពារខ្សែក្រវាត់នៅសង្វៀន ONE: DAWN OF HEROES នាក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ម្យ៉ាងវិញទៀត គោលដៅរបស់ «The Situ-Asian» គឺ រក្សាកំណត់ត្រាវ៉ៃគូប្រកួតឲ្យសន្លប់ច្រើនជាងគេ ក្រោយបំបាក់ Narantungalag Jadambaa ឲ្យសន្លប់នាប្រកួតចុងក្រោយ។ កូនកាត់វៀតណាម-អូស្ត្រាលី រូបនេះ តែងតែចង់រក្សាកំណត់ត្រាល្អ និង រក្សាខ្សែក្រវាត់នៅជាប់នឹងចង្កេះរបស់ខ្លួនជានិច្ច។

«ជាបឋម និង ការវាយតម្លៃខ្ពស់ ខ្ញុំសូមអបអរដល់ Matsushima ដែលទទួលបានការផ្គូផ្គង។ ខ្ញុំគិតថា គេជាកីឡាករដ៏អស្ចារ្យ ដែលខំប្រឹងរហូតដល់ចំណុចកំពូលរបស់ខ្លួន។ បើខ្ញុំវិញពេលខ្លះមានរបួស ហើយធ្វើឲ្យខ្ញុំស្រេកឃ្លានក្នុងការប្រកួតយ៉ាងខ្លាំង។ ប៉ុន្តែវាជាការលើកទឹកចិត្តខ្លួនឯងនិងខំប្រឹងដើម្បីត្រឡប់មកកាន់ ជ័យជម្នះវិញទល់នឹង Jadambaa កន្លងទៅ។ យ៉ាងណាក្ដី ខ្ញុំផ្ដល់ពេលវេលាហ្វឹកហាត់ដល់ខ្លួនឯងល្អបំផុត ដើម្បីរៀបចំឲ្យល្អពេលជួប Matsushima។

ហើយខ្ញុំមានជំនឿលើគ្រូបង្វឹករបស់ខ្ញុំ និង ដៃគូហ្វឹកហាត់របស់ខ្ញុំក្នុងការដាក់គោលដៅរកជ័យជម្នះបន្ថែម»។ Nguyen ថ្លែងបែបនេះ។ Nguyen ឡើងប្រកួតបានចំនួន ១២ដងលើសង្វៀនកម្រិតពិភពលោក ONE និងក្លាយជាម្ចាស់ខ្សែដំបូងគេមិនធ្លាប់មានដែលអាចការពារខ្សែក្រវាត់ ONE World Champion ក្នុងពីរស្ថាប័នទាំង Featherweight និង Lightweight បន្ទាប់ពីឆ្លងកាត់ការការពារខ្សែក្រវាត់ដោយជោគជ័យរហូតដល់ ២ ដង ពោលវាយ Marat Gafurov ឲ្យសន្លប់ និង ឈ្នះជើងខ្លាំងសញ្ជាតិហ្វីលីពីន Eduard Folayang កាលឆ្នាំ ២០១៧។

ផ្ទុយទៅវិញគូប្រជែងរបស់គេ Matsushima ទើបតែឡើងប្រកួតបាន ២ដងទេនៅសង្វៀនខាងលើ ប៉ុន្តែ ជើងខ្លាំងសញ្ជាតិជប៉ុនរូបនេះបានបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតគុនចម្រុះ និងប្រកួតលើសង្វៀននានា ហើយ ជ័យជម្នះ ២ ដងជាប់គ្នានេះបានផ្ដល់ឲ្យគេក្លាយជាគូប្រជែងកំពូលម្នាក់។ កីឡាករសញ្ជាតិជប៉ុនរូបនេះវាយ Gafurov ឲ្យសន្លប់ត្រឹមទឹកទី១នៅសង្វៀន ONE: CONQUEST OF HEROES, និង ឈ្នះប្រុសស្អាត Kwon Won Il ដោយក្បាច់គាបកាលពាក់កណ្ដាលខែ មិថុនា កន្លងទៅ។

បែបណាក្ដី «The Situ-Asian» បានទស្សនា ការប្រកួតរបស់គូប្រជែងយ៉ាងយកចិត្តទុកដាក់ ហើយមើលទៅមិនមែនជាងការប្រកួតងាយស្រួលឡើយនាដើមខែសីហា ខាងមុខក្នុងទីលាន Mall Of Asia Arena។ កូនកាត់វៀតណាម-អូស្ត្រាលីពន្យល់យ៉ាងដូច្នេះ៖ «ការប្រកួតរបស់គូប្រជែងទល់នឹង Gafurov ដែលមើលទៅ Gafurov ពិតជាខាកចិត្តខ្លាំងណាស់និង មើលឃើញអំពីការធ្វេសប្រហែសរបស់គេដូចកាលប្រកួតជាមួយខ្ញុំអីចឹង។ ចំណែកការប្រកួតទល់នឹងKwon Won Il ពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ ខ្ញុំគិតថា Kwon Won Il អាចការពារបានល្អ និង វាយបក Matsushima ដោយប្រើក្បាច់ចំបាប់ ប៉ុន្តែបែរជាMatsushima គ្រប់គ្រងស្ថានការណ៍បានទៅវិញ» ។

អ្នកតំណាងក្រុមហ៊ុន Pancrase ISM Yokohama បានបង្ហាញភាពអស្ចារ្យ និង បង្កគ្រោះថ្នាក់ណាស់ក្នុង ២លើកកន្លងមកជាពិសេសតាមរយៈជំនាញការ៉ាតេខ្សែក្រវាត់ខ្មៅរបស់គេ។ ការរៀបកលល្បិចដ៏ល្អឥតខ្ចោះទល់នឹង Kwon គឺបង្កភាពគំរាមកំហែងដល់គូបដិបក្ខគ្រប់ពេល។ យ៉ាងណាក៏ដោយម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោកខាងលើដឹងអំពីរបៀបការពារ ហើយទទួលស្គាល់ថា Matsushima មានក្បាច់មិនខុសអំពីខ្លួនប៉ុន្មាននោះទេ។ ការប្រកួតនាដើមខែ សីហា ខាងមុខនឹងក្លាយជារឿងគួរឲ្យចងចាំបំផុតនៅ ម៉ានីល។ ជើងខ្លាំងពីក្រុង សីដី គូសបញ្ជាក់ថា ៖ «Matsushima មានបច្ចេកទេសខាងចំបាប់ល្អ។ ការប្រយុទ្ធក៏ល្អដែរ ប៉ុន្តែ វាត្រូវតែមានការប្រយ័ត្នខ្ពស់។ មួយទៀត ស្ទិលវ៉ៃរបស់ពួកយើងគឺ ស្រដៀងគ្នា។ យើងមានចលនាល្អដូចគ្នា ដើម្បីវាយបក។ វាជាការប្រកួតដោយបច្ចេកទេសអស្ចារ្យនាយប់នោះ»។

ម្ចាស់ខ្សែក្រវាត់វ័យ ៣០ ឆ្នាំ សង្កត់ធ្ងន់បែបនេះ៖ «រាល់កីឡាករទាំងអស់តែងតែមានចំណុចខ្លាំង និង ចំណុចខ្សោយ ប៉ុន្តែខ្ញុំត្រូវស្វែងរកចំណុចត្រូវប្រយុទ្ធឲ្យឃើញ រៀបចំគម្រោង និង ធ្វើឲ្យ Matsushima ស្គាល់អំពីល្បិចទាំងនេះ»។ Nguyen រៀបគម្រោងយកឈ្នះកីឡាករមកពី Yokohama បន្ទាប់ពីអវត្តមាន ៩ ខែ និង ត្រឡប់មកជ័យជម្នះ ទល់នឹង Jadambaa កាលខែ មេសា ហើយត្រូវតែរក្សាកំណត់ត្រាឈ្នះបន្ថែមទៀត។ បន្ទាប់ពីជ័យជម្នះខាងលើបានញុំាងឲ្យរូបទទួលបានគូប្រកួតថ្មីមួយទៀតនៅឆ្នាំ ២០១៩ នេះ និង ដាក់គោលដៅយកលទ្ធផលជាទីគាប់ចិត្តលើកទី២មុនបញ្ចប់ឆ្នាំ ២០១៩៕