អុកចត្រង្គ​៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ត្រូវ​ផលិត​អ្នក​ជំនាញ​ឲ្យ​បាន​ច្រើន សម្រាប់​ផ្សព្វផ្សាយ​នូវ​កីឡា​ប្រពៃណី​របស់​កម្ពុ​ជាមួយ​នេះ​ទៅ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​កៀង​គរ​ការចូលរួម​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន។​

​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​ឯកឧត្ដម​បាន​បញ្ជាក់​ថា ការផលិត​ធនធាន​កីឡាករ​-​កីឡា​ការិនី​គឺជា​រឿង​ចាំ​បាច់​មួយ ដែល​សហព័ន្ធ​ត្រូវ​ធ្វើ​សម្រាប់​ត្រៀម​ការ​ប្រកួត​ប្រជែង​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​។ តែ​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​លើ​នេះគឺ​មន្ត្រី​ជំនាញ​របស់​សហព័ន្ធ ដើម្បី​ចាត់​បញ្ជូន​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ប្រទេស​ជា​សមាជិក បាន​យល់​នូវ​លក្ខខណ្ឌ និង​ក្បួនច្បាប់​ប្រកួត​របស់​កីឡា​អុកចត្រង្គ។​

ម្យ៉ាង​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​កីឡា​អុកចត្រង្គ​ឲ្យ​កាន់តែ​ទូលំទូលាយ ស្រប​ពេល​កម្ពុជា​គ្រោង​ប​ញ្ចូ​ន​កីឡា​នេះទៅ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផង​នោះ NOCC ក៏​គ្រោង​សហការ​ជាមួយ​សហព័ន្ធ​រៀបចំ​ការប្រកួត​កីឡា​អុកចត្រង្គ ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​លើកដំបូង​នា​ឆ្នាំ​២០២០ ដោយមាន​ការ​អញ្ជើញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ចូលរួម ដើម្បី​ជា​ការ​ទាក់ទាញ និង​ជា​ការ​ដកស្រង់​បទពិសោធន៍ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផង​ដែរ។​

​ដោយ​ហេតុ​នេះ ឯកឧត្ដម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​ដាក់​ការ​ជឿ​ជាក់​ថា សហព័ន្ធ​នឹង​បង្កើត​ធនធាន​ អ្នកបច្ចេកទេស និង​អ្នក​ជំនាញ​ឲ្យ​បាន​ច្រើនដើម្បី​បញ្ជូន​ទៅ​ផ្សព្វផ្សាយ និង​បង្រៀន​នូវ​ក្បួនច្បាប់នៃ​ការ​លេង​អុកចត្រង្គ​ដល់​បណ្ដាល​ប្រទេស​ក្នុង​តំបន់ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​បាន​យល់ និង​ងាយស្រួល​ក្នុង​ការ​មក​ចូល​រួម​ប្រកួត​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ខណៈ​បច្ចុប្បន្ន​មាន ៤​ប្រទេស​ហើយ ដែល​ត្រៀមខ្លួន​ចូលរួម​ស៊ី​ហ្គេម​នៅ​កម្ពុជា ដូចជា​ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន​ជាដើម៕
Credit: BTV Cambodia