អុកចត្រង្គ៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានស្នើឲ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាត្រូវផលិតអ្នកជំនាញឲ្យបានច្រើន សម្រាប់ផ្សព្វផ្សាយនូវកីឡាប្រពៃណីរបស់កម្ពុជាមួយនេះទៅបណ្ដាប្រទេសអាស៊ាន ដើម្បីកៀងគរការចូលរួមកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជាឲ្យបានច្រើន។
ថ្លែងកាលពីពេលថ្មីៗឯកឧត្ដមបានបញ្ជាក់ថា ការផលិតធនធានកីឡាករ-កីឡាការិនីគឺជារឿងចាំបាច់មួយ ដែលសហព័ន្ធត្រូវធ្វើសម្រាប់ត្រៀមការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិ។ តែអ្វីដែលត្រូវយកចិត្តទុកដាក់លើនេះគឺមន្ត្រីជំនាញរបស់សហព័ន្ធ ដើម្បីចាត់បញ្ជូនទៅផ្សព្វផ្សាយឲ្យប្រទេសជាសមាជិក បានយល់នូវលក្ខខណ្ឌ និងក្បួនច្បាប់ប្រកួតរបស់កីឡាអុកចត្រង្គ។
ម្យ៉ាងដើម្បីផ្សព្វផ្សាយអំពីកីឡាអុកចត្រង្គឲ្យកាន់តែទូលំទូលាយ ស្របពេលកម្ពុជាគ្រោងបញ្ចូនកីឡានេះទៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ ផងនោះ NOCC ក៏គ្រោងសហការជាមួយសហព័ន្ធរៀបចំការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកដំបូងនាឆ្នាំ២០២០ ដោយមានការអញ្ជើញបណ្ដាប្រទេសក្នុងតំបន់ចូលរួម ដើម្បីជាការទាក់ទាញ និងជាការដកស្រង់បទពិសោធន៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។
ដោយហេតុនេះ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍បានដាក់ការជឿជាក់ថា សហព័ន្ធនឹងបង្កើតធនធាន អ្នកបច្ចេកទេស និងអ្នកជំនាញឲ្យបានច្រើនដើម្បីបញ្ជូនទៅផ្សព្វផ្សាយ និងបង្រៀននូវក្បួនច្បាប់នៃការលេងអុកចត្រង្គដល់បណ្ដាលប្រទេសក្នុងតំបន់ ដើម្បីឲ្យប្រទេសទាំងនោះបានយល់ និងងាយស្រួលក្នុងការមកចូលរួមប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈបច្ចុប្បន្នមាន ៤ប្រទេសហើយ ដែលត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅកម្ពុជា ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម៕
Credit: BTV Cambodia