ខ្សែក្រវាត់ប្រាក់ទី២របស់កម្មវិធី អធិរាជគុនខ្មែរ ISI PALM បានរកម្ចាស់ឃើញហើយ គឺកីឡាករ ឡុង ជិន ក្រោយប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ទឹកនៅសង្វៀនទូរទស្សន៍ PNN កាលពីម៉ោង២រសៀលកន្លងទៅនេះ។
វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ របស់កម្មវិធី អធិរាជគុនខ្មែរ ISI PALM នៅសង្វៀន PNN ថ្ងៃនេះមានការគាំទ្រច្រើនកកកុញតែម្ដង ខណៈការប្រកួតសុទ្ធតែជក់ចិត្ត។ ឡុង ជិន និង ធន់ មករា ចំណាយពេលពេញ៥ទឹកទម្រាំអាចរកឃើញម្ចាស់ខ្សែក្រវាត់ និងបេក្ខភាពម្នាក់ទៀតឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ខ្សែក្រវាត់មាសបន្តទៀត។
អ្នកទាំងពីរខាងលើនេះ ប្រឹងប្រែងប្រកួត និងបញ្ចេញស្នៀតរបស់ខ្លួនតាំងតែពីទឹកទី១ទៅតែម្ដង ពោលម្នាក់ៗព្យាយាមចេញកណ្ដាប់ដៃច្រើន ស្របពេលការប្រើជើង រួមនិងជង្គង់ក៏មិនតិចនោះដែរ។ ការប្រកួតបន្តដល់ទឹកទី៤ និងទឹកទី៥ គេមើលឃើញកូនសិស្សលោក ធន់ សុភា ហាក់អស់ស៊ុហ្វ និងមិនសូវមានស្នៀតចេញទៀតនោះឡើយ។ ចប់ការប្រកួតជាលទ្ធផល ឡុង ជិន ឈ្នះ ធន់ មករា ដោយពិន្ទុ។
ឡុង ជិន ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី២ របស់កម្មវិធីប្រដាល់ អធិរាជគុនខ្មែរ ISI PALM បន្ទាប់ពីឈ្នះពិន្ទុកីឡាករ ធន់ មករា កាលពីថ្ងៃរសៀល ទី៧ ខែកក្កដា ឆ្នាំ២០១៩។ អ្នកប្រដាល់មកពីក្លឹបខ្លារខិនរូបនេះ បានបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដែលមានប្រាក់រង្វាន់រហូតដល់ ១ម៉ឺនដុល្លារនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត៕
ទីបំផុតខ្សែក្រវាត់ប្រាក់ទី២ អធិរាជគុនខ្មែរ ISI PALM ធ្លាក់ទៅលើ ឡុង ជិន
អត្ថបទទាក់ទង