កីឡាករ ឡុង ជិន បានបង្ហើតនូវរឿងដ៏មិនគួរឲ្យនឹកស្មានដល់មួយ គឺការយកឈ្នះលើសមាជិកក្រុមជម្រើសជាតិគុនខ្មែរ តាញ់ មករា ដោយពិន្ទុដាច់តែម្តង ដើម្បីឈ្នះបានខ្សែក្រវាត់ប្រាក់ និងទទួលបានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ។
នៅមុនការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ប្រាក់ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ គឺអ្នកទស្សនាប្រដាល់ភាគច្រើនបំផុត បានផ្តល់ទំនុកចិត្តតៅលើ តាញ់ មករា ថា នឹងអាចយកឈ្នះលើ ឡុង ជិន ដើម្បីយកខ្សែក្រវាត់ប្រាក់នេះ ប៉ុន្តែនៅពេលប្រកួតជាក់ស្តែង តាញ់ មករា បានបង្ហាញការខ្លាចរអាទៅលើ ឡុង ជិន ដែលជារៀមច្បងរបស់គេតែម្តង។
នៅក្នុងការប្រកួត២ទឹកដំបូង តាញ់ មករា អាចយកប្រៀបបានខ្លះ តាមរយៈការធាក់ និងវាយឆ្មក់មួយៗរបស់គេ ខណៈការព្យាយាមចូលចាប់របស់ ឡុង ជិន មិនសូវទទួលបានផលនោះ។ ប៉ុន្តែសម្រាប់ការប្រកួត៣ទឹកចុងក្រោយ ពិសេសទឹកទី៤ និងទឹកទី៥ តាញ់ មករា ដែលវ៉ៃបែបខ្លាចៗនោះ ត្រូវបាន ឡុង ជិន តាមទាត់ ម៉ាត់ និងចាប់បុកជង្គង់ ធ្វើឲ្យរូបគេធ្លាក់កម្លាំងគូឲ្យកត់សម្គាល់តែម្តង។
តាញ់ មករា គឺភាគច្រើន បានវាយដកថយ ហើយភាពជ្រុលជ្រើម ជាមួយការវ៉ៃបានខ្លាចៗនេះហើយ ដែលធ្វើឲ្យ ឡុង ជិន កាន់តែបានដៃ ក្នុងការតាមវ៉ៃ កាន់តែខ្លាំង ហើយនៅចុងបញ្ចប់ ចៅក្រមទាំង៥រូប បានសម្រេចឲ្យ ឡុង ជិន ឈ្នះ តាញ់ មករា ជាឯកច្ឆន្ទ ៥-០ តែម្តង។
ជាមួយលទ្ធផលនេះ បានធ្វើ តាញ់ មករា ដែលគេរំពឹងថា នឹងបានឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស ជាបន្តទៀតនោះ ត្រូវធ្លាក់ចេញពីការប្រកួតនេះ ចំណែក ឡុង ជិន ដែលទទួលបាន៤លានរៀល ជាមួយការឈ្នះខ្សែក្រវាត់ប្រាក់លើកនេះ បានក្លាយជាបេក្ខភាពទី២ ដែលត្រូវត្រៀមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ខណៈបេក្ខភាពទី១ទៀត ដែលឈ្នះបានខ្សែក្រវាត់ប្រាក់មុនគេ គឺជើងខ្លាំង ឡៅ ចិត្ត្រា។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចំនួន២គូ កាលពីថ្ងៃអាទិត្យនោះដែរ កីឡាករ អេលីត សាន់ បានប្រឹងប្រែងតាមវាយទៅលើគូប្រកួតយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចយកឈ្នះថៃ Lamlaiyok។ ចំណែក យ៉េន ឌីណា (ប៉ោ សារិទ្ធ) បានយកឈ្នះថៃ Pektang Kiatpontop ដោយពិន្ទុទាំងលំបាក៕
ឡុង ជិន រកឈ្នះលើ តាញ់ មករា ដាច់ ដើម្បីយកខ្សែក្រវាត់ប្រាក់
អត្ថបទទាក់ទង