ស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ល្បីលំដាប់ពិភពលោក ONE Championship នឹងរៀបចំការប្រកួតដ៏អស្ចារ្យដើម្បីអបអរសាទរការរៀបចំគម្រប់ ១០០ លើកលើសង្វៀនជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលផ្គូផ្គងគូពិសេសៗលំដាប់ពិភពលោកជូនអ្នកគាំទ្រដើម្បីទស្សនា។ កាលថ្ងៃអាទិត្យទី ៣០ ខែ មិថុនា ប្រធាន និង ជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសអំពីគូប្រកួតខ្លាំងៗជាបឋម និង បន្ថែមបានប្រាក់រង្វាន់សន្ធឹកសន្ធាប់នៅសង្វៀនមានឈ្មោះថា ONE: CENTURY ដែលរៀបចំនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនៅក្រុងតូក្យូ ប្រទេសជប៉ុន។

គូដែលប្រកាសដំបូងគេនេះគឺ ជាការជួបគ្នាសាជាថ្មី របស់ម្ចាស់ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី Xiong Jing Nan ហៅ «The Panda» សុខចិត្តបញ្ចុះគីឡូពីខ្សែក្រវាត់របស់ខ្លួនមកមកដណ្ដើមខ្សែក្រវាត់លំដាប់ពិភពលោក ONE Women’s Atomweight World Title ពី Angela Lee ឬ មានរហស្សនាម «Unstoppable»។ អ្នកទាំងពីរនេះបានជួបគ្នាដំបូងនៅសង្វៀន ONE: A NEW ERA ពោល Lee ដំឡើងគីឡូដើម្បីដណ្ដើមខ្សែក្រវាត់ពី Xiong ហើយការប្រកួតនេះពិតជាជក់ចិត្ត។ Lee ប៊ិះនឹងបញ្ចប់ «The Panda» ដោយក្បាច់ឃ្លេដៃ ប៉ុន្តែកីឡាការិនីចិនបានរើរួច និង វ៉ៃ «Unstoppable» ឲ្យសន្លប់វិញនៅទឹកចុងក្រោយ។

ទន្ទឹមគ្នានោះ ស្ថាប័នលំដាប់ពិភពលោកដដែលនេះ ក៏មានការប្រកួតកម្រិតពិភពលោកទល់នឹងពិភពលោកដោយជើងខ្លាំងហ្វីលីពីន Brandon Vera ឬ «The Truth» ឡើងដណ្ដើមខ្សែក្រវាត់ពិភពលោក ONE Light Heavyweight World Championship ពីជើងខ្លាំងមីយ៉ាន់ម៉ា Aung La N Sang ឬ ហៅថា «The Burmese Python»។ កីឡាករជើងចាស់សញ្ជាតិហ្វីលីពីន ដែលមានរហស្សនាម «The Truth» ស្នើសុំការប្រកួតច្រើនខែមកហើយ បន្ទាប់ពីរូបគេអាក់ខានតាំងចុងឆ្នាំ ២០១៨ មក។ រឿងដែលគួរឲ្យ កត់សម្គាល់ Vera ឈ្នះ ៤ ប្រកួតចុងក្រោយដោយផ្ដួលគូប្រកួតឲ្យសន្លប់ត្រឹមទឹកទី១ ទាំងអស់ ហើយ Aung La N Sang ក៏ឈ្នះ ៤ លើកចុងក្រោយដូចគ្នាដែលឈ្នះកីឡាករលំដាប់ពិភពលោក និង វាយគូប្រជែងឲ្យសន្លប់ដែរ។ នេះជាគូប្រកួតដ៏រំភើប និង រង្គើសង្វៀនដែលមិនអាចខកខានដើម្បីទស្សនា។

ចំណែក Bibiano Fernandes និង Kevin Bellingon ត្រូវប្រកួតសងសឹកក្នុងប្រភេទទម្ងន់ ONE Bantamweight World Championship ជាលើកទី៤។ ពួកគេទាំងពីរបានជួបគ្នានៅសង្វៀន ONE: A NEW ERA កន្លងទៅ។ នេះក៏ជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ដែរ។

នៅសង្វៀន ONE: CENTURY ដដែលនាថ្ងៃទី ១៣ តុលាខាងមុខនឹងមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ៣ ខ្សែក្រវាត់ធំៗ ដូចជា ONE Featherweight Kickboxing World Grand Prix, ONE Lightweight World Grand Prix, និង ONE Flyweight World Grand Prix។ ប្រភេទ Featherweight Kickboxing នៅសល់ ៣ ប្រកួតទៀត និង ចាប់ផ្ដើមនៅសង្វៀន ONE: MASTERS OF DESTINY នៅពេល Petchmorakot Petchyindee Academy តតាំងនឹង Giorgio Petrosyan នាថ្ងៃសុក្រទី ១២ ខែ កក្កដាខាងមុខ។

រីឯ Saygid Guseyn Arslanaliev ជាបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្ររួចហើយ ក្នុងប្រភេទទម្ងន់ Lightweight ក្រោយរូបគេបញ្ចប់ Amir Khan ឲ្យសន្លប់នៅខែ ឧសភា កន្លងមកនេះ។ Saygid រង់ចាំជួបអ្នកឈ្នះរវាង Timofey Nastyukhin និង Honorio Banario ដែលពួកគេទាំងពីរនឹងប្រកួតនៅសង្វៀន ONE: DAWN OF HEROES នាក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ចំណែកប្រភេទទម្ងន់ Flyweights វិញនឹងចាប់ផ្ដើមនៅថ្ងៃទី២ ខែ សីហា ដើម្បីស្វែងរកជើងខ្លាំងទៅវគ្គផ្ដាច់ព្រ័ត្រ ពោល Demetrious Johnson ជួប Tatsumitsu Wada ហើយ Danny Kingad ត្រូវតតាំងនឹង Kairat Akhmetov ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ជាមួយគ្នានោះសង្វៀន ONE: CENTURY នឹងធ្វើឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើមដោយមានកីឡាករជប៉ុនខ្លាំងៗឡើងប្រកួតរហូតដល់ ៤នាក់ដែលត្រូវជួបគូប្រជែងខ្លាំងៗ។ គូប្រកួតទាំងនេះនឹងត្រូវបង្ហាញនាពេលឆាប់ៗខាងមុខ អមដោយការបន្ថែមប្រាក់រង្វាន់លើសការប្រកួតសព្វដង៕