អតីតគ្រូបង្វឹកក្រុម Newcastle United លោក Rafael Benitez ត្រូវបានតែងតាំងជាផ្លូវការណ៏ក្នុងនាមអ្នកចាត់ការរបស់ក្រុម Dalian Yifang នៅក្របខណ្ឌបាល់ទាត់លីកកំពូលចិនCSL ដើម្បីជំនួសតំណែងលោកChoi Kang-hee ដែលបានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយមូលហេតុមានបញ្ហាផ្ទាល់ខ្លួន ។ បុរសអេស្ប៉ាញរូបនេះបានចាកចេញពីក្លិបកាលពីថ្ងៃអាទិត្យក្រោយពីកិច្ចសន្យារបស់លោកបានផុតកំណត់ ហើយជួយNewcastle បញ្ចប់លេខរៀងទី១៣នៅក្របខណ្ឌPremier League កាលពីរដូវកាលមុន។ លោកបានអោយដឹងជាចុងក្រោយ នៃការចាកចេញក្រោយដឹកនាំ៣ឆ្នាំថាក្លិបរហស្សនាមសារិកាព្រៃ មួយនេះមិនបានមើលឃើញនិងចែករំលែកចក្ខុវិស័យរបស់លោកទេ។

លោក Benitez វ័យ៥៩ឆ្នាំបាននិយាយថា : បន្ទាប់ពីផ្លូវដ៏វែងឆ្ងាយយើងចាប់ផ្តើមនូវការប្រកួតប្រជែងថ្មី។ ខ្ញុំ សប្បាយរីករាយណាស់ដែលបានចាប់ផ្តើមការប្រកួតប្រជែងថ្មីជាមួយក្លឹបDalian Yifang។

Benitez ធ្លាប់ដឹកនាំ Liverpool, Chelsea, Valencia និង Real Madrid ទទួលបាននៅប្រាក់បៀរវត្ស ១២លានផោន/រដូវកាលដើម្បីបង្វឹកកីឡាករក្រុម Dalian Yifang ហើយរូបលោកនិងត្រូវធ្វើការរួមគ្នាម្តងទៀត ជាមួយ អតីតកូនក្រុមគឺខ្សែប្រយុទ្ធស្លូវ៉ាគីMarek Hamsik ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Benitez នៅ Napoli ចន្លោះឆ្នាំ ២០១៣ និង ២០១៥និង កីឡាករអន្តរជាតិបែលហ្ស៊ិក Yannick Carrasco អតីតកីឡាករAt.Madrid ផងដែរ។