កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានក្លាយជាប្រធានគណៈកម្មាធិការពហុវប្បធម៌ទីមួយ ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ករោយការប្រកាសតែងតាំងរបស់ក្រសួងកិច្ចការនារី និងគ្រួសារនាទីក្រុង សេអ៊ូល កាលពីចុងសប្ដាហ៍កន្លងទៅ។

ម្ចាស់មេដាយសំរឹទ្ធពិភពលោក កាលពីឆ្នាំ២០១៨ រូបនេះ បានបង្ហោះលើគណនីហ្វេសប៊ុកខ្លួនថា «ដំណឹងល្អសម្រាប់ជាតិយើង។ប្រទេសកូរ៉េខាងត្បូង រៀបចំដោយរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងគ្រួសារ បានសម្រេចតែងតាំងនាងខ្ញុំជាប្រធានគណៈកម្មាធិការ ពហុវប្បធម៌ទីមួយ ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង…។ នាងខ្ញុំគឺជាស្ត្រីខ្មែរដំបូងគេ តំណាងកម្ពុជាយើង ដែលបានទទួលតំណែងមួយនេះ»។

នេះគឺជាព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដែលមានស្ដ្រីខ្មែរ ទទួលបានដំណឹង នៅប្រទេសអភិវឌ្ឍន៍ខ្លាំងលើ ពិភពលោកនេះ។ ភាវី បន្ដថា «នាងខ្ញុំពិតជារំភើបចិត្តឥតឧបមាក្រៃលែង រកអ្វីប្រៀបផ្ទឹមមិនបាន។ នាងខ្ញុំពិតជាអរគុណជាអនេកខ្លាំងណាស់ ដល់បងប្អូនខ្មែរយើងនៅតែជួយគាំទ្រ លើកស្ទួយ ផ្តល់កម្លាំងចិត្តកន្លងមកមិនដែលខាន…។ ខ្ញុំសង្ឃឹមថា នៅមានស្រ្តីខ្មែរយើងជាច្រើនទៀត ដែលមានឱកាស ធ្វើកិច្ចការល្អៗ តាមជំនាញរៀងៗខ្លួននៅទីនេះ ដើម្បីបង្ហាញនូវវប្បធម៌ អត្តសញ្ញាណជាតិយើង ទៅកាន់ពិភពលោកអំពីខ្មែរ»។

គួរបញ្ជាក់ថា ស្រួង ភាវី ត្រូវកូរ៉េចែចូវឲ្យចូលសញ្ជាតិជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមើលឃើញសមត្ថភាព និងទេពកោសល្យលេងកីឡាស្នូកឃ័រដ៏អស្ចារ្យរបស់នាង តែត្រូវបាន ភាវី បដិសេស ព្រោះនាងចង់ឲ្យតំណាង ប្រទេសកម្ពុជាមួយគត់ ហើយទីបំផុសកីឡាការិនីមានស្រុកកំណើត នៅខេត្តត្បូងឃ្មុំនេះ ក៏បានសម្រេចគោលដៅ របស់ខ្លួន ក្រោយរួមចំណែកបង្កើតសហព័ន្ធកីឡាស្នុកឃ័រនៅកម្ពុជា ហើយបានចេញទៅប្រកួតតំណាងជាតិ រហូតឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក កាលពីឆ្នាំ២០១៨ នៅប្រទេសទួកគីទៀតផង៕