ជើងខ្លាំងម៉ាឡេស៊ី Agilan “Alligator” Thani ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលជួប Yoshihiro “Sexy Yama” Akiyama ដែលគេចាត់ទុកជាកីឡាករគុនចម្រុះស្ថិតចំណោមកីឡាករខ្លាំងទាំង១០ក្នុងតំបន់អាស៊ី នៅសង្វៀន ONE: LEGENDARY QUEST នាក្រុងសៀងហៃប្រទេសចិននៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។ នាពេលកន្លងទៅ ស៊ុបពើស្តាររបស់ម៉ាឡេស៊ី តែងតែជួបកីឡាករដែលមានកម្រិតទាបជាង ឬ ប្រហាក់ប្រហែលគ្នា។
ឥឡូវនេះជើងខ្លាំងគុនចម្រុះវ័យទើប ២៣ឆ្នាំរូបនេះត្រូវ ONE Championship ដាក់ឲ្យជួបតារាជើងចាស់ជប៉ុនលំដាប់ពិភពលោកដែលទើបបង្ហាញខ្លួនដំបូងនៅសង្វៀនអន្តរជាតិ ONE ដើម្បីឲ្យការប្រកួតកាន់កក្រើកនិងអស្ចារ្យ។ Thani បានថ្លែងថា៖ «ដំបូងខ្ញុំពិតជាភ្ញាក់ផ្អើល និង ភ័យខ្លាច ប៉ុន្តែបើមើលការរៀបចំរបស់ខ្ញុំដែលបោះជំរំហ្វឹកហាត់ គឺ ខ្ញុំត្រៀមរួចរាល់ទៅហើយ។ ខ្ញុំនឹងធ្វើឲ្យគេស្គាល់រសជាតិលើសង្វៀននេះ»។
កីឡាករដែលមានដើមកំណើតនៅ Kuala Lumpur សារភាពថា គេធ្វើមិនបានល្អសោះក្នុងពីរប្រកួតចុងក្រោយ ប៉ុន្តែរូបគេនឹងកាន់តែខ្លាំងជាងមុនតាមរយៈការហ្វឹកហាត់ខ្លាំង បន្ទាប់ពីធ្វើការវះកាត់ និង ជាសះស្បើយរួចមក។ អ្នកលេងគុនចម្រុះវ័យ២៣ ឆ្នាំ បញ្ជាក់ថា៖ «ខ្ញុំបានរៀនរឿងរ៉ាវជាច្រើនពេលខ្ញុំសម្រាក។ បើសិនខ្ញុំព្យាយាមសួរអ្នកដទៃ។ ពួកគេនឹងនិយាយថា អ្នកមិនទាន់រួចរាល់នោះឡើយ ហើយអ្នកមិនអាចឈ្នះ Akiyama នោះដែរ។ ខ្ញុំភ្ញាក់ឡើងរៀងរាល់ព្រឹក ហើយខ្ញុំប្រាប់ខ្លួនខ្ញុំផ្ទាល់។ ខ្ញុំត្រូវតែយកឈ្នះ Akiyama។ ខ្ញុំសន្យានឹងខ្លួនឯងរាល់ថ្ងៃ។ បើមិនឈ្នះ យ៉ាងហោចក៏ឲ្យរូបគេភ្លក្សរស់ជាតិក្បាច់គុនរបស់ខ្ញុំដែរ។ ហើយបើខ្ញុំវ៉ៃមិនឈ្នះ ខ្ញុំនឹងព្យាយាមម្ដងទៀត»។
ងាកមក Akiyama បានប្រឡូកក្នុងការប្រកួតគុនចម្រុះលំដាប់ពិភពលោកជាច្រើនដោយប្រកួតទល់នឹងកីឡាករគុនចម្រុះល្បីៗលំដាប់ពិភពលោកទៀតផង ហើយក្បាច់គោលរបស់គេគឺជំនាញផ្នែក យូដូ និង បញ្ចប់ការប្រកួតបានយ៉ាងល្អ។ បែបណាក្ដី Thani មិនបង្ហាញអំពីបារម្ភច្រើនឡើយ។ គេនឹងធ្វើឲ្យការប្រកួតអស្ចារ្យ និងជម្នះឲ្យបាននៅ Baoshan Arena ថ្ងៃសៅរ៍ទី ១៥ មិថុនា។
«គេជាកីឡាករដ៏ខ្លាំងម្នាក់ដែលមានផ្នត់គំនិតជនជាតិប៉ុន … មានស្មារតីរឹងមាំណាស់។ គេមានកម្លាំងចិត្តរួមទាំងបទពិសោធន៍ជោកជាំដែលធ្លាប់ជួបគូប្រកួតគ្រប់កម្រិតជាយូរមកហើយ។ គាត់វៃជំហរដេកក៏បាន ជំហរឈរក៏បាន។ ក្បាច់យូដូជាគ្រឹះរបស់គាត់ក្នុងការប្រកួតនេះ ប៉ុន្តែ ខ្ញុំជឿជាក់ក្បាច់ ជីជិតស៊ូ របស់ខ្ញុំនឹងធ្វើបានល្អជាង។ ខ្ញុំមិនគិតថាឈ្នះដោយពិន្ទុ ឬ វាយឲ្យចុះចាញ់ទេ។ តែជ័យជម្នះជាកម្លាំងចិត្តរបស់ខ្ញុំ»។ អ្នកលេងគុនចម្រុះសញ្ជាតិម៉ាឡេស៊ីពន្យល់បែបនេះ។
កីឡាករដែលមានរហស្សនាមថា “Sexy Yama” បង “Thani” រហូតដល់ ២០ ឆ្នាំ ប៉ុន្តែបើមើលលើការប្រកួតគេមិនអាចស្មានថា ខាងណាល្អជាងខាងណាឡើយ។ Thani ឬ “Alligator” ស្គាល់អំពីគូប្រជែងច្បាស់ ហើយអាយុគ្រាន់តែជាលេខប៉ុណ្ណោះ។ Thani សើចហើយនិយាយបែបនេះ៖ «គាត់អាយុ៤៣ ឆ្នាំប៉ុន្តែ សាច់ដុំរបស់គាត់ល្អជាងខ្ញុំទៅទៀត»។ Thani រំលឹកថា កីឡាករដែលប្រកួតជាមួយគេនៅ ONE Championship ភាគច្រើនមានអាយុបង ហើយពួកគេប្រកួតបានយ៉ាងល្អទល់នឹងខ្លួន។ ជើងខ្លាំងម៉ាឡេស៊ីថា Akiyama នឹងមិនខុសពីគូប្រកួតមុនៗឡើយពោលគេនឹងផ្ដល់ការប្រកួតដ៏ទាក់ទាញដល់អ្នកតាមដានជាក់ជាមិនខាន។
Agilan Thani ជាតារាប្រចាំសង្វៀន ONE ដែលមានកំណត់ត្រាឡើងសង្វៀនគុនចម្រុះបានចំនួន ១៧ដង ក្នុងនោះឈ្នះ ១៤ ដង និងចាញ់ ៣ ដង។ ចំណែក Yoshihiro Akiyama ដែលមានវ័យរហូតដល់ ៤៣ ឆ្នាំនោះ ឡើងសង្វៀនគុនចម្រុះរហូតដល់ ២០ ដងក្នុងនោះឈ្នះ ១៤ ដងនិងចាញ់ ៦ដង៕
អត្ថបទ៖ ស៊ីធី