លោក Matias Andrés ជាអ្នកគ្រប់គ្រងទូទៅនៅ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ឬ «Ek Phnom Kun Khmer Arena» ដែលជាអ្នកផ្ដួចផ្ដើមកម្មវិធី Kun Khmer ULTRA ដែលមានការគាំទ្រពី ឧកញ៉ា ហេង តុលា ក្នុងគោលបំណងផលិតធនធានកីឡាករឲ្យមានគុណភាពដើម្បីមានឈ្មោះបោះសំឡេងទៅប្រកួតកម្រិតអន្តរជាតិ ដូចសង្វៀន ONE Championship និង ការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។

ឧកញ៉ា ហេង តុលា ជាអ្នកជំនួញជោគជ័យម្នាក់ ហើយ កំពុងតែវិនិយោគពេលវេលា និង ប្រាក់កាសជាច្រើនដើម្បីក្ដីស្រមៃ ជួយក្បាច់គុនខ្មែរ។ នាដើមខែកុម្ភៈ ឆ្នាំ២០១៩ ឧកញ៉ា ហេង តុលា បានបើកសង្វៀនឯកភ្នំគុនខ្មែរក្នុងគោលបំណងរួមចំណែក និង អភិវឌ្ឍគុនខ្មែរក្នុងខេត្តបាត់ដំបង និង ផ្ដល់ឱកាសឲ្យកីឡាករក្នុងខេត្តមួយនេះបានប្រកួតកម្រិតថ្នាក់ជាតិ និង ពង្រឹងខ្លួនរហូតដល់កម្រិតអន្តរជាតិ។ ពេលបង្ហើបអំពីគម្រោង Kun Khmer ULTRA អ្នកគាំទ្រជាច្រើនបានបង្ហាញការពេញចិត្តពេញថ្លើម ពីព្រោះលទ្ធផលទៅប្រកួតនៅក្រៅប្រទេស ឬ នៅសង្វៀន ONE ជារឿយៗមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយទេដោយសារលទ្ធផលចាញ់ ច្រើនជាងឈ្នះ។

លោក Matias Andrés បានរៀបរាប់ថា៖ «បច្ចុប្បន្ននេះយើងរវល់នៅសង្វៀន Ek Phnom Kun Khmer Arena ដែលយើងមានការប្រកួតមិត្តភាពអន្តរជាតិ ស្ទើរតែរាល់សប្ដាហ៍ ប៉ុន្តែឆាប់ៗនេះ ខ្ញុំនឹងយកពេលទំនេរដើម្បីជជែកជាមួយដៃគូមានសក្ដានុពល និង អ្នកឧបត្ថម្ភ។ ក្នុងនោះមានការចាប់អារម្មណ៍ពីស្ថានីយទូរទស្សន៍ ផងដែរ ហើយ ខ្ញុំសប្បាយចិត្តចំពោះរឿងនេះសម្រាប់អ្នកដែលចង់វិនិយោគលើគុនខ្មែរទៅថ្ងៃអនាគត។ ដើម្បីទទួលបានលទ្ធផលល្អ យើងត្រូវតែជឿជាក់លើទស្សនវិស័យរបស់យើង។ យើងមិនមែនរៀបចំធ្វើតែឯងឡើយ ប៉ុន្តែយើងធ្វើជាមួយមនុស្ស ឬ ដៃគូមានសក្ដានុពល ដែលនាំឲ្យសុបិន និង បំណងរបស់យើងក្លាយជាការពិត។ ពេលទទួលបានលទ្ធផលល្អ គឺយើងច្បាស់ជាបង្ហាញកម្ពុជា និង គុនខ្មែរ ទៅកាន់ពិភពលោកដ៏ល្អបំផុតតាមរយៈ គុណភាពប្រកួត ទេពកោសល្យ, ការកម្សាន្ត, និង ការឲ្យតម្លៃគ្នាទៅវិញទៅមកលើសង្វៀន»។

ការផ្ដួចផ្ដើម Kun Khmer ULTRA ទទួលការគាំទ្រពីសំណាក់កីឡាករល្បីៗមួយចំនួនដូចជា កែវ រំចង់ និង តារាប្រចាំសង្វៀន ONE កីឡាករ Emmanuel Onyedikachi ជាដើម ដែលពួកពូកសុទ្ធតែបង្ហាញឆន្ទៈខ្ពស់ដើម្បីចូលរួម។ លើសពីនេះទៅទៀតមានកីឡាករមានទេពកោសល្យក្មេងៗជាច្រើន ក៏នឹងចង់រួមចំណែកក្នុងកម្មវិធីដើម្បីគុនខ្មែរនេះផងដែរ។ នេះជាការបោះជំហានមួយទៅមុខសម្រាប់មជ្ឈដ្ឋានគុនខ្មែរ។

អ្នកគ្រប់គ្រងដដែលនេះបានគូសបញ្ជាក់ថា៖ «Kun Khmer ULTRA ជាកម្មវិធីមួយដែលបង្ហាញឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាសម្បូរដោយធនធានកីឡាករ និង បង្កើតឲ្យបានស៊ុបពើស្តារទៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ ខ្ញុំគិតថាបើអត់មានការគាំទ្រពីសំណាក់អ្នកពាក់ព័ន្ធ កម្ពុជាមិនអាចផលិតបានកីឡាករលំដាប់កំពូលបានទេ ហើយ ប្រទេសនានាក្នុងលោកក៏ដូចគ្នាដែរ។ ពីកម្មវិធី Kun Khmer ULTRA យើងនឹងទទួលបានរជ្ជកាលគុនខ្មែរថ្មីមួយនាពេលខាងមុខ»។

«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» បានចាប់ផ្ដើមប្រកួតនាដើមខែ កុម្ភៈ ឆ្នាំ ២០១៩។ សង្វៀនប្រដាល់មួយនេះបាននាំយកកីឡាករល្បីជាច្រើននាក់ទៅប្រកួតលំដាប់អន្តរជាតិ ដូចជា ឡុង សុភី, កែវ រំចង់, ខុន ស៊ីចាន់, និង ឈុត សេរីវណ្ណថង ជាដើម។ សង្វៀនថ្មីនេះជាការផ្ដួចផ្ដើមរបស់ ឧកញ៉ា ហេង តុលា ដែលចូលចិត្តនិងស្រលាញ់គុនខ្មែរ។ លោកបានធ្វើសកម្មភាពចុះទៅជួបកីឡាករ និង គ្រូបង្វឹកជាប្រចាំនៅក្លិបប្រដាល់ជាច្រើននៅខេត្តបាត់ដំបង និង បានឧបត្ថម្ភសម្ភារហ្វឹកហាត់ជាហូរហែ។ នេះជាឆ្នាំថ្មី និង ទំព័រដើម្បីបំផុសចលនាប្រដាល់ក្នុងខេត្តទិសពាយព្យនៃប្រទេសកម្ពុជាមួយនេះ។ ដោយសារតែមាន «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ដែលទទួលបានប្រជាប្រិយភាព ទើបធ្វើឲ្យអ្នករៀបចំកម្មវិធី និង ឧកញ៉ា ម្ចាស់សង្វៀនឈានមួយជំហានទៀតដើម្បីរៀបចំកម្មវិធី Kun Khmer ULTRA៕

អត្ថបទ៖ ស៊ីធី