អ្នកប្រដាល់មកពីសង្កាត់ព្រែកឯង ម៉ន សាម៉េត ឥលូវនេះកំពុងព្យាបាលជង្គង់ដែលឈឺចាប់ ប្រហែលជាខែក្រោយទើបវិលចូលសង្វៀនប្រដាល់គុនខ្មែរវិញបាន ប៉ុន្តែមិនហ៊ានឈប់យូរទេ បើឈប់យូរពេកអាចដាច់បាយប្រពន្ធកូន។
ម៉ន សាម៉េត បានឲ្យដឹងថា ស្ដាយការប្រកួតណាស់។ ឥលូវមានកម្មវិធីប្រកួតច្រើន ប៉ុន្តែរូបគេមិនអាចឡើងវ៉ៃបាន ព្រោះតែជំងឺជង្គង់វានៅឈឺនៅឡើយ។ អ្នកប្រដាល់រូបនេះបញ្ជាក់ថា ប្រហែល១ខែទៀតអាចវិលចូលសង្វៀនវិញបានហើយ គិតទៅធូរស្រាលបាន៨៥%។ សាម៉េត បន្ថែមទៀតថា របួសជង្គង់នេះ គឺឈឺតាំងពីមុនទៅមីយ៉ាន់ម៉ា ទៅទៀត ឥលូវនេះសម្រុកព្យាបាលខ្លាំង ចាក់ថ្នាំផង លេបផង និងឲ្យឪពុកជួយស្ដោះផ្លុំថែមទៀត។
កីឡាករមាឌល្អិតខាងលើនេះឲ្យដឹងទៀតថា បច្ចុប្បន្ននេះមិនសូវបានទៅរកត្រីនោះទេ ពោលប្រាក់ចំណូលធំសម្រាប់ចិញ្ចឹមគ្រួសារគឺបានមកពីការឡើងសង្វៀននេះតែម្ដង ដូច្នេះបន់ឲ្យឆាប់ជា អាងបានប្រកួតវិញ មិនដូច្នេះទេ គ្មានប្រាក់ផ្គត់ផ្គង់គ្រួសារឡើយ។
រំលឹកដែរថា កីឡាករ ម៉ន សាម៉េត ជាអ្នកប្រដាល់ចាស់វស្សាម្នាក់នៅក្នុងវិស័យប្រដាល់គុនខ្មែរ។ រូបគេធ្លាប់ឈ្នះពាន និងខ្សែក្រវាត់ជាច្រើនគ្រឿងផងដែរ។ ប្រកួតចុងក្រោយរបស់គេចាញ់ពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ខែឧសភា ២០១៩ ហើយក៏អាក់ខានឡើងសង្វៀនគុនខ្មែរទាល់តែឥលូវនេះ៕
ម៉ន សាម៉េត៖ មិនហ៊ានឈប់ពីប្រដាល់យូរទេ ខ្លាចដាច់បាយប្រពន្ធកូន
អត្ថបទទាក់ទង