អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​ ធន់​ មករា​ ឬ​ តាញ់​ មករា​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ គឺ​សមត្ថភាព​កើន​ឡើង​ខ្លាំង​មែនទែន​ ផ្ដួល​ដៃ​គូ​ និង​ឈ្នះ​ពិន្ទុ​ជា​ហូរហែ​តាម​សង្វៀន​ផ្សេងៗ។​

កូន​សិស្ស​លោក​ ធន់​ សុភា​ ធ្វើ​ឲ្យ​អ្នក​និយម​តាមដាន​ប្រដាល់​ចាប់​អារម្មណ៍​ជា​ខ្លាំង​ តាម​រយៈ​ការ​ប្រកួត​មិត្តភាព​ពី​សង្វៀន​មួយទៅ​សង្វៀន​មួយ​ទៀត​ ភាគ​ច្រើន​គឺ​យក​ឈ្នះ​កីឡាករ​ថៃ​ដោយ​ផ្ដួល​ឲ្យ​សន្លប់។​ ខណៈ​អ្នក​ប្រដាល់​ខាង​លើ​នេះ​មាន​ឈ្មោះក្នុង​កម្មវិធី​ខ្សែក្រវាត់​មាស​របស់​ PNN​ ផង​នោះ​ រឹតតែ​ធ្វើ​ឲ្យ​រូបគេមាន​ទឹកចិត្ត​ហ្វឹកហាត់​កាន់តែខ្លាំង​ជាង​មុន​ទៅ​ទៀត។​

កីឡាករ​វ័យ​រូប​នេះ​អាច​ចេញ​បាន​គ្រប់​ស្នៀត​ គេ​ឃើញ​ មករា​ ចូលចិត្ត​ទាត់​ភ្លៅ​ និង​ឆក់​ទាត់​លើ​បាន​ល្អ​ ចំណែក​ជង្គង់​បោះ​ក៏​គ្រោះថ្នាក់​ និង​មាន​ប្រសិទ្ធភាព​ផង​ដែរ។​ បើ​កណ្ដាប់ដៃ​ ក៏​ឃើញ​ចេញ​បាន​ច្រើន​ដែល​ពេល​ប្រកួត​ម្ដងៗ​ រី​ឯ​ស្នៀត​កែង​មិន​សូវ​ជា​ប្រើ​ប៉ុន្មាន​ទេ​ ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​រូប​នេះ​ ចូល​ចិត្ត​វ៉ៃ​ប្រយោល​ ជា​ជាង​អោប​ចាប់​ឡាំ។​

តាញ់​ មករា​ ជា​អ្នក​ប្រដាល់​មក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ​ ជា​កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ និង​លោក​គ្រូ​ តឹក​ ឡៃ។​ ប្រកួត​ចុងក្រោយរបស់គេ ផ្ដួលថៃឲ្យសន្លប់ក្នុងទឹកទី៣​ នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ អ្នក​ប្រដាល់​រូប​នេះ​ជា​ម្ចាស់​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧​គីឡូក្រាម​ ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ជា​ជើង​ឯក​រង​ ពាន​រង្វាន់​ ISI​ និងជាម្ចាស់​មេដាយ​សំរឹទ្ធិ​កីឡា​ជាតិ​លើក​ទី២ ផងដែរ។​ ឥលូវ​នេះ​គេជា​បេក្ខភាព​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​មាស​ នៅ​ PNN ថែមទៀតផង៕​