អ្នក​លេង​គុន​ថៃ​ ស៊ីបម៉ឺន​ ទើប​តែ​យក​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​១​រូប​ទៀត​ហើយ​ គឺ​កីឡាករ​ ម៉ឺន​ សុភា​ កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​នេះ​ ក្នុង​កម្មវិធី​គូបូតា​ របស់​បាយ័ន។​ ឈ្នះ​ ម៉ឺន​ សុភា​ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ឡើយ​ ចុះ​កីឡាករ​ខ្មែរ​រូប​ណា​ដែល​មាន​សមត្ថភាព​ទប់ទល់​ ឬ​កំដរ​ថៃ​ម្នាក់​នេះ​បាន?​

ស៊ីបម៉ឺន(ខៀវ)
មែនទែន​ទៅ​បើ​កុំ​មាន​ការ​បញ្ហា​ក្នុង​ការ​ចាប់​គូ​នោះ​ទេ​ គឺ​ជើង​ខ្លាំង​របស់​ប្រទេស​ថៃ​ ខាង​លើ​នេះ​ត្រូវ​ប្រកួត​ជា​មួយ​ ដៃ​ភ្លើង​ ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ នៅ​សង្វៀន​ទូរទស្សន៍​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២ ​មិថុនា​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទៅហើយ។​

សម្រាប់​ប្រិយមិត្ត​ប្រដាល់​របស់​កម្ពុជា​មួយ​ចំនួន​ចង់​ឲ្យ​ជួប​កីឡាករ​ កែវ​ រំចង់​ ព្រោះ​ល្បី​ថា​កីឡាករ​ ស៊ីបម៉ឺន​ នេះ​ពូកែ​ឌឺ​ដាក់​គេ​ ដូច្នេះ​ជួប​អ្នក​ប្រដាល់​មក​ពី​បាត់ដំបង​ បែប​សមគ្នា​ ដោយ​សារ​ចេះ​ឌឺ​ទៅ​ឌឺ​មក​មិនឲ្យចាញ់ចិត្តនោះទេ។​

ម៉ឺន សុភា​​ ប៉ះ​ ស៊ីបម៉ឺន
បើ​និយាយ​ពី​ទម្ងន់​ កាយសម្បទា​ និង​ស្នៀត​ប្រយុទ្ធ​របស់​ ស៊ីបម៉ឺន​ វិញ​គឺ​ល្អ​ទាំង​ព្រម​តែ​ម្ដង។​ កម្ពស់​ប្រហែល​១,៧៥m-១,៧៦m​ ឡើង​ទៅ​ មាន​មាឌ​ធំ​ សាច់ដុំ​កងៗ​ រី​ឯ​ទម្ងន់​វិញ​ចន្លោះ​ ៧១​-៧២​គីឡូក្រាម។​ សមត្ថភាព​គឺ​ធ្លាប់​ឈ្នះ​កីឡាករ​ កងមឿងឆាង​ ឈ្នះ​ រ៉ារឿង​ ពី​មុន​មក​ទៀតផង។​ ស្នៀត​ចេញ​ធ្ងន់ៗ​ ទាត់​ខ្លី​ ទាត់​លើ​ កណ្ដាប់​ដៃ​ និង​ចេះ​បត់​កែង​បាន​ល្អ​ទៀត​ផង​ និយាយ​រួម​ស្នៀត​អាច​ចេញ​បាន​ទាំង​អស់។​

ស៊ីបម៉ឺន ពេលឈ្នះ គឹម វាសនា
ចំណែក​កីឡាករ​កម្ពុជា​ដែល​មាន​មាឌ​ធំ​ ឬ​កម្ពស់​ខ្ពស់​ ទម្ងន់​ប្រហាក់ប្រហែល​ ស៊ីបម៉ឺន​ បច្ចុប្បន្ន​នេះ​ គឺ​ ព្រំ​ សំណាង​ ដូច្នេះអាច​លេង​គ្នា​បាន​ហើយ ទាំង​ជង្គង់​ និង​កណ្ដាប់​ដៃ​ ឬ​កែង​គឺប្រហាក់ប្រហែល​គ្នាតែម្ដង។​ បើ​ ឡុង​ សុភី​ វិញក៏​មាន​កម្ពស់​ប្រហាក់ប្រហែលផង​ដែរ​ ប៉ុន្តែ​មាឌ​នៅ​តូច​ជាង​ និង​ស្ទើរ​កម្លាំង​ជាង​ ស៊ីបម៉ឺន​ បន្តិច។​ ចំពោះ​ កែវ​ រំចង់​ វិញ​ទម្ងន់​គឺ​ប្រហាក់ប្រហែល​គ្នា​ និង​កីឡាករ​ថៃ​ខាង​លើ​ដែរ​ បទ​ពិសោធ​ ស្នៀត​សម្លាប់គឺ​អាច​ទប់ទល់គ្នាបាន​ ប៉ុន្តែ​ខ្លាច​ចាញ់រឿង​កម្លាំង​បន្តិច។​

និយាយ​ដល់​ រឿង​ សោភ័ណ្ឌ​ វិញ​ គឺ​ចាញ់​កម្ពស់​ ស៊ីបម៉ឺន​ ដាច់​ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ធ្លាប់​វ៉ៃ​អ្នក​ខ្ពស់ៗ​ជាង​ខ្លួន​ឲ្យសន្លប់​ច្រើន​នាក់មក​ហើយ​។ បទ​ពិសោធ​ តិចនិក​ ភាព​វ៉ៃ​ឆ្លាត​ សោភ័ណ្ឌ​ មាន​ទាំង​អស់​ ដូច្នេះ​អាច​លេង​គ្នា​បាន​ តែ​នៅបារម្ភ​លើ​រឿងចាញ់​ជង្គង់ និងកម្លាំង ព្រោះ​ឃើញ ស៊ីបម៉ឺន​ គេ​អាច​វ៉ៃ​ពេញ​៥ទឹក​ល្អ​ជា​មួយ​ ម៉ឺន​ សុភា កន្លង​ទៅថ្មីៗនេះ ខណៈកូន​សិស្ស​លោក ឈិន​ ក្វាន់ចៃ ច្រើន​ឆាប់​អស់មុនទឹក។​

ម៉ឺន សុភា ចាញ់ ស៊ីបម៉ឺន
រំលឹក​ដែរ​ថា​ កីឡាករ​ថៃ​ ស៊ីបម៉ឺន​ មក​ប្រកួត​នៅ​កម្ពុជា​២ដង​ ទី១​ ទាត់​ផ្កាប់ចាន​ គឹម​ វាសនា​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ នៅ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​ទី១៨​ ឧសភា​ ២០១៩។​ លើក​ទី២​ ឈ្នះ​ពិន្ទុ​កីឡាករ​ ម៉ឺន​ សុភា​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ២០១៩​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

វីដេអូប្រកួតរវាង ស៊ីបម៉ឺន ប៉ះ គឹម វាសនា៖


Credit: Sabay