អ្នក​ប្រដាល់​វ័យ​ក្មេង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ឡៅ​ ចិត្រា​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​សប្ដាហ៍​នេះ​គឺ​ប្រកួត​នៅ​សង្វៀន​ CNC​ បន្ទាប់​ពី​រូប​គេ​ខកខាន​ឡើង​បង្ហាញ​មុខ​អស់​ប៉ុន្មាន​សប្ដាហ៍​ព្រោះ​តែ​ជំងឺ។​

ម្ចាស់​ខ្សែក្រវាត់​២ស្ថាប័ន​ ខាង​លើ​នេះ​ គេ​ឃើញ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​វិញ​ហើយ​នៅ​កន្លែង​ហាត់​ប្រដាល់​សកល​ និង​គុន​ខ្មែរ​ជម្រើស​ជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចិត្រា​ លើក​ឡើង​យ៉ាង​ខ្លី​ថា​ រូប​គេ​បាន​ជា​សះស្បើយ​ពី​ជំងឺ​វិញ​ហើយ​ ឥលូវ​នេះ​កំពុង​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​ចុង​សប្ដាហ៍​នេះ។​

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ បន្ទាប់​ពី​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ PNN​ រួច​មក​ មិន​បាន​ឡើង​សង្វៀន​ទៀតនោះ​ទេ។​ ចំណែកកម្មវិធីដែលមានឈ្មោះត្រូងប្រកួតនានា គឺ​សុំ​ការ​ផ្លាស់ប្ដូរ​ឲ្យ​ដាក់​កីឡាករ​ផ្សេង​ជំនួស​វិញ​។​ ឥលូវ​ថ្ងៃ​សៅរ៍​ ទី២៩​ ខែ​មិថុនា​ ២០១៩​ នេះ​អ្នក​ប្រដាល់​មក​កំពង់ស្ពឺ​រូប​នេះ​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ឆ្លងដែន​ពី​ថៃ​ លើ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​