គណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំ២០១៩ (6th Khmer Empire Full Marathon) បានធ្វើការអំពាវនាវដល់អ្នកនិយមរត់ប្រណាំង នៅក្នុងស្រុក ឲ្យមកចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះ ឲ្យបានរួសរាន់ទាន់ពេលវេលា ដើម្បីធ្វើឲ្យមានការងាយស្រួល ក្នុងការរៀបចំ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖ «គិតមកដល់ពេលនេះ យើងមានអ្នកចុះឈ្មោះចូលរួមបានជិត ២០០០នាក់ហើយ មកពី ៣៨ប្រទេស ហើយក្នុងនោះមានអត្តពលិកក្នុងស្រុកតែត្រឹមជាង ២០០នាក់ទេ ប៉ុន្តែវាអត់ចម្លែកនោះទេ គឺខ្មែរយើង ពេលដល់ថ្ងៃប្រកួតតែម្តង ទើបទៅចុះឈ្មោះ ហើយទម្លាប់ទៅចុះឈ្មោះចូលរួមយឺតពេលនេះ វាបានធ្វើឲ្យយើងមានការពិបាក ក្នុងការរៀបចំផងដែរ»។

ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅនៃព្រឹត្តិការណ៍ម៉ារ៉ាតុង បានទទូចសុំឲ្យអ្នកចូលរួមទាំងអស់ ពិសេសអត្តពលិកក្នុងស្រុក មកចុះឈ្មោះឲ្យបានមុនការប្រកួត ដើម្បីយើងមានការងាយស្រួល ក្នុងការរៀបចំ ទាំងទៅលើការគ្រប់គ្រង ការបោះពុម្ភអាវ និងធ្វើស្លាកលេខអាវ ព្រមទាំងការធ្វើមេដាយផងដែរ។

លោក សែម ផល្លា បានថ្លែងថា៖ «ខ្ញុំសុំឲ្យអ្នករត់របស់ខ្មែរយើង ដែលចង់ចូលរួមព្រឹត្តិការណ៍នេះ មេត្តាទៅចុះឈ្មោះឲ្យបានលឿន ដើម្បីយើងងាយស្រួលរៀបចំ ព្រោះទាក់ទងទៅនឹងធ្វើស្លាកលេខអាវ និងមេដាយ សម្រាប់ប្រគល់ជូនដល់អ្នករត់ទាំងអស់នោះ គឺយើងកាម៉ង់មកពីក្រៅប្រទេស អ៊ីចឹងបើយើងចុះឈ្មោះយឺត វានឹងធ្វើឲ្យយើងមានការពិបាកហើយ»។

នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ដែលនឹងត្រូវធ្វើនៅលើទឹកដីអង្គរ នាថ្ងៃទី៤ ខែសីហា ខាងមុខនេះ មានការប្រកួតទៅលើវិញ្ញាសាចំនួន៤ គឺម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រ រត់ចម្ងាយ១០គីឡូម៉ែត្រ និងរត់បែបកម្សាន្តចម្ងាយ៣គីឡូម៉ែត្រ។

ចំពោះតម្លៃចុះឈ្មោះចូលរួមវិញ គឺរត់៤២គីឡូម៉ែត្រ អត្តពលិកបរទេសពី៦០ ទៅ៦៥ដុល្លារ (ចុះឈ្មោះលឿនថោកជាង) ឯអត្តពលិកខ្មែរ២០ដុល្លារ។ ចម្ងាយ២១គីឡូម៉ែត្រ បរទេសតម្លៃពី៤៥ ដល់៥៥ដុល្លារ ឯខ្មែរយើង១នាក់១៥ដុល្លារ ចម្ងាយ១០គីឡូម៉ែត្រ បរទេសពី៤០ ទៅ៥០ដុល្លារ ឯខ្មែរយើង១២ដុល្លារ ហើយរត់៣គីឡូម៉ែត្រ បរទេសពី២០ទៅ៣០ដុល្លារ ឯខ្មែរ៥ដុល្លារ ចំណែកក្រុមសិស្សសាលា និងអ្នកមកពីអង្គការផ្នែក NGO នឹងទទួលបានឱកាសចូលរួមដោយមិនយកប្រាក់ទេ៕