អុកចត្រង្គ​៖ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​ ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ផ្នែក​បុរស​លើក​ទី​១ កាលពី​ថ្មីៗ សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជាបាន​ប្រកាស​ នឹង​បន្ដ​រៀប​ចំ​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិផ្នែក​នារី ក៏ដូចជា​ស្នើ​រៀបចំ​ជើងឯក​ថ្នាល​បន្ថែម​ទៀតនា​ឆ្នាំ​២០២០ ដើម្បី​ឆ្លើយតប​សំណើ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ក្នុង​គោលដៅ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

​លោក គ្រួច ចន្ថា​រិ​ទ្ធ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​នឹង​កំពុង​គិតគូរ​ពី​ការរៀបចំ​ ការប្រកួត​ជើងឯក​ថ្នាក់​ជាតិផ្នែក​នារីនា​ឆ្នាំក្រោយ ហើយ​ផ្អែកលើ​សក្ដានុពល និង​បទពិសោធន៍​កន្លងមក លោក​រំពឹង​មាន​កីឡា​ការិនី​ច្រើន​ចូលរួម។ ម្យ៉ាង​លើស​ពី​នេះ​សហព័ន្ធ​ក៏​គ្រោង​ស្នើ​ថវិកា​ក្រសួង​អប់រំ​បន្ថែម ដើម្បី​រៀបចំ​ជើងឯក​ថ្នាល​ថ្នាក់​ជាតិនា​ឆ្នាំក្រោយ​ផង​ដែរ។​

ការ​លើក​ឡើង​បែបនេះបន្ទាប់ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខា​ធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ស្នើ​សហព័ន្ធ​ឲ្យ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្កើត​ធនធាន​កីឡា​ការិនី​មួយ​ផ្នែក​ទៀត ដើម្បី​បង្ហាញ​ពី​ការ​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដោយសារ​ស៊ី​ហ្គេមមិន​ត្រឹម​តែ​មាន​វិញ្ញាសា​ប្រកួត​ផ្នែក​បុរស​នោះ​ទេ គឺ​ត្រូវ​មាន​ផ្នែក​នារី ហើយ​ដើម្បី​ជោគជ័យ​លុះ​ត្រា​សហព័ន្ធ​ចាប់ផ្ដើម​ពី​ឥឡូវ​ទៅ។

​ដោយ​ឡែក​ចំពោះ​លទ្ធផល​ការ​ប្រកួត​កីឡា​អុកចត្រង្គ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​​លើក​ទី​១ ឆ្នាំ​២០១៩ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ២​ថ្ងៃ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ ប៊ូ ប៉ុណ្ណ​ម៉ាលី​កា ខណៈ​លេខ​២ បាន​ទៅ​កីឡាករ ឆ​យ វី​រ៉ា និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​កីឡាករ យ៉ាន សុខ​លាង៕