អុកចត្រង្គ៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំ ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ផ្នែកបុរសលើកទី១ កាលពីថ្មីៗ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានប្រកាស នឹងបន្ដរៀបចំការប្រកួតជើងឯកថ្នាក់ជាតិផ្នែកនារី ក៏ដូចជាស្នើរៀបចំជើងឯកថ្នាលបន្ថែមទៀតនាឆ្នាំ២០២០ ដើម្បីឆ្លើយតបសំណើរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងគោលដៅត្រៀមស៊ីហ្គេមឆ្នាំ២០២៣។
លោក គ្រួច ចន្ថារិទ្ធ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា សហព័ន្ធបាននឹងកំពុងគិតគូរពីការរៀបចំ ការប្រកួតជើងឯកថ្នាក់ជាតិផ្នែកនារីនាឆ្នាំក្រោយ ហើយផ្អែកលើសក្ដានុពល និងបទពិសោធន៍កន្លងមក លោករំពឹងមានកីឡាការិនីច្រើនចូលរួម។ ម្យ៉ាងលើសពីនេះសហព័ន្ធក៏គ្រោងស្នើថវិកាក្រសួងអប់រំបន្ថែម ដើម្បីរៀបចំជើងឯកថ្នាលថ្នាក់ជាតិនាឆ្នាំក្រោយផងដែរ។
ការលើកឡើងបែបនេះបន្ទាប់ពីឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្នើសហព័ន្ធឲ្យយកចិត្តទុកដាក់ ក្នុងការបង្កើតធនធានកីឡាការិនីមួយផ្នែកទៀត ដើម្បីបង្ហាញពីការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដោយសារស៊ីហ្គេមមិនត្រឹមតែមានវិញ្ញាសាប្រកួតផ្នែកបុរសនោះទេ គឺត្រូវមានផ្នែកនារី ហើយដើម្បីជោគជ័យលុះត្រាសហព័ន្ធចាប់ផ្ដើមពីឥឡូវទៅ។
ដោយឡែកចំពោះលទ្ធផលការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០១៩ ក្រោយដំណើរការប្រកួតរយៈពេល ២ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ប៊ូ ប៉ុណ្ណម៉ាលីកា ខណៈលេខ២ បានទៅកីឡាករ ឆយ វីរ៉ា និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ យ៉ាន សុខលាង៕
អុកចត្រង្គនឹងរៀបចំការប្រកួតផ្នែកនារី និងថ្នាលថ្នាក់ជាតិឆ្នាំក្រោយ តបតាមសំណើ NOCC
អត្ថបទទាក់ទង