(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសនឹងសហការជាមួយសហព័ន្ធកីឡា អុកចត្រង្គ កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនាឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងការប្រកួតអុកចត្រង្គជើងឯក ថ្នាក់ជាតិកាលពីចុងសប្ដាហ៍កន្លងទៅ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អុកចត្រង្គកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតថ្នាក់តំបន់ ដើម្បីដកស្រង់ បទពិសោធន៍ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនាឆ្នាំក្រោយ។ លោកថា «ឆ្នាំ២០២០ យើងធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ហៅប្រទេសទាំង១១ មកប្រកួតអុកប្រចាំតំបន់នេះ ដើម្បីជាបទពិសោធន៍ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។

លោកបន្ដថា ការប្រកួតកីឡាស៊ីហ្គេម គឺមានការប្រកួតប្រជែង ២រូបភាព ទី១-កីឡាអូឡាំពិកទំនើបនិងកីឡា ប្រពៃណី ដើម្បីផ្សព្វផ្សាយពីកីឡាវប្បធម៌របស់ប្រទេសនីមួយ។ តួយ៉ាងកីឡាអុកចត្រង្គ គឺជាកីឡាប្រពៃណីរបស់ កម្ពុជា ហេតុនេះ សហព័ន្ធត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតនាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងធនធានកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេស។

លើសពីនេះ លោកក៏បានជំរុញសហព័ន្ធត្រូវបង្កើតធនធានអ្នកបច្ចេកទេស និងអ្នកជំនាញ ដើម្បីបញ្ជូនទៅផ្សព្វផ្សាយ និងបង្រៀននូវក្បួនច្បាប់ នៃការលេងអុកចត្រង្គដល់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីឲ្យប្រទេសទាំងនោះបានយល់ និងងាយស្រួលក្នុងការមកចូលរួមប្រកួត ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នមាន ៤ប្រទេសហើយ ដែលត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅកម្ពុជា ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម៕
By: khmertalking