អ្នកប្រដាល់វ័យក្មេងមកពីសមាគមក្រសួងការពារជាតិ ធន់ មករា ម្សិលមិញនេះបង្ហាញទម្រង់វ៉ៃយ៉ាងល្អ វ៉ៃចេញដោយបច្ចេកទេសយកឈ្នះថៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ «អធិរាជគុនខ្មែរ ISI PALM»។ ខណៈកីឡាករថៃ អៃរ៉ា ម្នាក់នេះមានប្រវត្តិប្រកួតជាមួយ ឡៅ ចន្រ្ទា ផល សោភ័ណ្ឌ និង ចាន់ រតនា ទៀតផង។
កូនសិស្សលោក ធន់ សុភា ខាងលើនេះពិតជាខំប្រឹងខ្លាំងមែនទែន ទម្រាំអាចយកឈ្នះជើងខ្លាំងថៃ អៃរ៉ា ព្រោះទាំងបទពិសោធ កម្រិតសមត្ថភាព និងវ័យគឺច្រើនជាង មករា ទាំងអស់។ បើគិតទៅអ្នកលេងគុនថៃខាងលើនេះ មានប្រវត្តិប្រកួតជាមួយ ឡៅ ចន្រ្ទា ផល សោភ័ណ្ឌ ចាន់ រតនា និងកីឡាករកម្ពុជាមួយចំនួនទៀត ខណៈ ធន់ មករា ទើបនិងឡើងសមត្ថភាពប៉ុណ្ណោះ ប៉ុន្តែខំប្រឹងអស់ពីសមត្ថភាពអាចយកឈ្នះបាន។
ធន់ មករា ម្សិលមិញនេះគឺមានចំណុចល្អច្រើន ដូចជាភាពរឹងមាំរបស់គេ ទោះរងនូវទម្ងន់ជើងរបស់ថៃច្រើន និងកណ្ដាប់ដៃបែបនេះ ប៉ុន្តែនៅតែអាចតតាំងនិងស្វែងរកជ័យជម្នះបាន។ មករា មានស្នៀតគ្រប់គ្រឿងបញ្ចេញបានទាំងអស់ ទាត់លើ ទាត់ក្រោម ម៉ាត់ពោះ ចាប់វ៉ៃជង្គង់ និងកែង ម្សិលមិញនេះ។ ចំពោះការប្រកួតជម្រុះនៅ PNN នេះដែរ អ្នកប្រដាល់មកពីខេត្តកំពង់ឆ្នាំងរូបនេះហាក់អស់កម្លាំងស៊ុហ្វ មុនចប់ទឹក៥ ប្រសិនបើពង្រឹងត្រង់ចំណុចនេះបានទៀតគឺសង្ឃឹមច្រើនវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះប្រសិនបើ ធន់ មករា ប្រើទម្ងន់វ៉ៃច្បាស់ៗបែបនេះបានទៀតនោះ ឡុង ជិន អាចនឹងពិបាកយកឈ្នះ មករា ខ្លាំងណាស់ ព្រោះកូនសិស្សអ្នកស្រី ឡុង រ៉ាវី រូបនេះនៅស្ទើរចិត្ត ខណៈការវ៉ៃឡើងចុះមិនទៀង។
រំលឹកដែរថា ធន់ មករា យកឈ្នះពិន្ទុកីឡាករថៃ អៃរ៉ា នៅសង្វៀន PNN នៃកម្មវិធី «អធិរាជគុនខ្មែរ ISI PALM» ទម្ងន់ ៦០គីឡូក្រាម។ មករា នឹងត្រូវប៉ះ ឡុង ជិន នៅ២សប្ដាហ៍ទៀតដើម្បីដណ្ដើមខ្សែក្រវាត់ប្រាក់ ហើយកីឡាកររូបណាឈ្នះអាចបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសថែមទៀត៕
ធន់ មករា ឈ្នះថៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ «អធិរាជគុនខ្មែរ ISI PALM»
អត្ថបទទាក់ទង