អតីតតារាឆ្នើម Raul ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុម Real Madrid Castilla
Raul ដែលជាអតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិប Real Madrid ត្រូវបានប្រកាសតែងតាំងកាលពីថ្ងៃព្រហស្បតិ៍ ជាគ្រូបង្វឹករបស់ក្រុមជម្រុះរបស់ក្លិបនេះគឺ Castilla សម្រាប់រដូវកាលក្រោយ។ អតីតខ្សែប្រយុទ្ធ Raul ដែលបានស៊ុតបាល់បញ្ចូលទី៣២៣គ្រាប់ សម្រាប់ក្រុម Real Madrid និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ជោគជ័យបំផុតនោះ ត្រូវបានដំឡើងឋានៈ ក្រោយពីទទួលបានបទពិសោធជមួយនឹងក្រុមយុវជនរបស់ក្លិប និងក្រុមអាយុក្រោម១៨ឆ្នាំ។ ក្លិប Real បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Raul នឹងដឹកនាំក្រុម Castilla នៅរដូវកាលក្រោយ។ Raul ដែលធ្លាប់ធ្វើជាគ្រូបង្វឹករបស់ក្រុម Cadete B និង Juvenil B នឹងចាប់ផ្តើមការងារជាគ្រូបង្វឹកអាជីពនៅឯក្លិប Real Madrid»។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ត្រូវបានទាក់ទងឲ្យទៅដឹកនាំក្រុមឈុតធំរបស់ Real Madrid កាលពីរដូវកាលមុន ផងដែរ ក្រោយពីលោក Julen Lopetegui និងលោក Santiago Solari ត្រូវបានបណ្តេញចេញ ប៉ុន្តែ លោកនៅតែស្ថិតក្នុងក្រុមយុវជន។ ផ្ទុយទៅវិញ លោក Solari បានចាកចេញពីតួនាទីរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Castilla ហើយបន្ទាប់មក ត្រូវបានជំនួសដោយលោក Zinedine Zidane ដែលត្រូវបានផ្តល់ការងារនេះឲ្យ ជាលើកទី១ កាលពីឆ្នាំ២០១៦ ក្រោយពីលោកក៏បានធ្វើការជាមួយនឹងក្រុមជម្រើស B របស់ Real ផងដែរ។ ហេតុនេះ មានន័យថា ការវិវឌ្ឍរបស់លោក Raul នឹងត្រូវត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់នៅរដូវកាលក្រោយ ខណៈដែលអ្នកគាំទ្រជាច្រើនជឿជាក់ថា លោកពិតជាមានសមត្ថភាពក្នុងការដឹកនាំក្រុម៕
ប្រភពព័ត៌មាន៖ Channel News Asia