ខ្សែការពារ Boualem Khoukhi បានរកគ្រាប់បាល់បញ្ចូលទីនៅរយៈពេល១៣នាទីចុងក្រោយ ខណៈដែលក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី កាតា បានវាយបកពីការដេញតាមពីក្រោយក្នុងលទ្ធផល ២-០ ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ នាព្រឹត្តិការណ៍ Copa America កាលពីថ្ងៃអាទិត្យ។ គ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់កីឡាករ Oscar Cardozo និងគ្រាប់បាល់បញ្ចូលទីយ៉ាងល្អពីសំណាក់ Denis Gonzalez បានជួយឲ្យក្រុមរបស់អាមេរិកខាងត្បូង នាំមុខក្នុងលទ្ធផល ២-០ មុនក្នុងទីក្រុង Rio de Janeiro ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីពីសំណាក់កីឡាករ Almoez Ali និង Khoukhi នៅរយៈពេល១៥នាទីចុងក្រោយ បានជួយឲ្យក្រុមជម្រើសជាតិកាតា ទទួលបាន១ពិន្ទុពីការប្រកួតបើកឆាកក្នុងពូល B តែម្តង។ លោក Felix Sanchez សញ្ជាតិអេស្ប៉ាញ គ្រូបង្វឹកនៃក្រុមជម្រើសជាតិកាតា បានឲ្យដឹងថា៖ «វាជាលទ្ធផលដ៏យុត្តិធម៌មួយ។

យើងពិតជាស័ក្តិសមទទួលបានពិន្ទុដែលយើងដណ្តើមបាន»។ គ្រូបង្វឹករូបនេះបានកោតសរសើរកីឡាកររបស់ខ្លួនថា ការរក្សានូវការជឿជាក់ និងការបង្ហាញពីការស្រេកឃ្លានក្នុងការបន្តធ្វើដំណើរទៅមុខសម្រាប់ការប្រកួតនេះ គឺជាចំណុចដ៏វិជ្ជមានសម្រាប់ក្រុមរបស់លោក។ លទ្ធផលនេះមានន័យថាក្រុមទាំង២ តាមពីក្រោយក្រុមឈរលេខ១ក្នុងពូល B កូឡុំប៊ី ចំនួន២ពិន្ទុ ក្រោយពីក្រុមជម្រើសជាតិកូឡុំប៊ី បានយកឈ្នះលើក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានចាប់ផ្តើមយុទ្ធនាការ Copa America បានយ៉ាងល្អតាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិអាក្វាទ័រ ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃដដែលនោះ៕

ប្រភពព័ត៌មាន៖ Channel News Asia