ជើងខ្លាំងគុនចម្រុះសញ្ជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលគេស្គាល់តាមរយៈការហ្វឹកហាត់ជាមួយកីឡាករជើងចាស់និងគ្រូបង្វឹក ចាន់ រតនា មុនឡើងប្រកួតសង្វៀន ONE Championship នាពេលកន្លងមកនោះបានថ្លែងសារសំខាន់ៗចំពោះគ្រូបង្វឹកផ្ដល់ឲ្យ ដូចជាការរៀបចំបានល្អមុនការប្រកួត ការផ្ដល់កម្លាំងស្មារតី ការផ្ដល់បច្ចេកទេស និង ការទូន្មានបំបាត់ការភ័យខ្លាចជាដើម។

Onyedikachi បានថ្លែងដូច្នេះ ៖ «គាត់ [ចាន់ រតនា] រៀបចំសម្រាប់ខ្ញុំបានល្អផ្នែកស្មារតី។ គាត់ផ្ដល់ឲ្យខ្ញុំនូវពេលវេលាច្រើនមិនខ្លាចហត់នឿយ ហើយ គាត់ចាត់ទុកថា ជាផ្នែកនៃការហ្វឹកហាត់មួយ។គាត់ឲ្យខ្ញុំយល់អំពីការបំបាត់ការភ័យខ្លាចលើសង្វៀនហើយ មិនត្រូវភ័យទេទោះជួបអ្នកណាក៏ដោយលើសង្វៀន ត្រូវចង់ឈ្នះ មិនខ្លាចរបួសស្នាម និង ត្រូវចាត់ទុកជារឿងធម្មតា។ លក្ខណៈបច្ចេកទេស គាត់បានបង្ហាត់ខ្ញុំទៀងទាត់ និង មានភាពអំណត់អត់ធន់ ដែលធ្វើឲ្យខ្ញុំមានសន្ទុះកាន់តែខ្លាំងក្លា។ ខ្ញុំចាំច្បាស់ថា ខ្ញុំត្រូវស្រលាញ់ការវៃរបស់ខ្ញុំរៀងរាល់នាទី ព្រោះយើងឡើងមកដើម្បីវ៉ៃ ឬ ប្រកួត»។

កីឡាករដែលឡើងសង្វៀន ONE បានចំនួន ៣ ដងរូបនេះ បានរៀនសូត្រជាច្រើនក្នុងរយៈកាលកន្លងទៅ ក្នុងនាមកីឡាករត្រូវតែដោះស្រាយឲ្យបានល្អនៅលើសង្វៀន កីឡាករផ្សេងគ្នាត្រូវតែមានវិធីវ៉ៃផ្សេងគ្នាដែរ មិនត្រូវបារម្ភអំពីគូបដិបក្ខ ត្រូវមានជំនឿចិត្តពេលឡើងរេញ និង មុនគ្រប់គ្រងលើគូប្រកួតត្រូវគ្រប់គ្រងខ្លួនឯងសិន។

មិនត្រឹមបង្រៀនក្បាច់គុនប៉ុន្តែ “The Biafran Warrior” បានទទួលចិត្តសាស្រ្ត ឬ ពាក្យលើកទឹកចិត្ត ដូចជា ៖ «ទី១ បើជាកីឡាករវាជាការងាររបស់អ្នក កុំខ្វល់រឿងអ្វី គឺ វ៉ៃទោះអ្នកណាក្ដី។ ទី២ ហាត់ខ្លាំង និងមានទំនុកចិត្តវ៉ៃ ទោះវ៉ៃឈរ ឬ វ៉ៃជំហរដេក។ ទី៣ កុំផ្ដោតលើដៃគូពេក ផ្ដោតលើអ្វីយើងត្រូវធ្វើចំពោះគូប្រកួត។ ទី៤ ឈឺក៏ឈឺចុះ ប៉ុន្តែត្រូវចង់ឈ្នះ។ ទី៥ជឿជាក់លើជ័យជម្នះ ដែលអាចកើតមាន និង ទី៦ កុំបង្ហាញភាពចាញ់ច្រាបមុនប្រកួតឲ្យ កុំចាញ់នឹងបរិយាកាសអ៊ូអរ»។

អ្នកលេងគុនចម្រុះវ័យ ៣២ ឆ្នាំរូបនេះ បង្ហើបថា ការដែលជ្រើសរើសក្លិប «សិល្បៈ» នៅកម្ពុជាជាកន្លែងហ្វឹកហាត់ ព្រោះបានដឹងថា ចាន់ រតនា ជាកីឡាករមានបទពិសោធន៍ជោកជាំ ទាំងក្បាច់គុនខ្មែរ យុទ្ធគុនខម គុនចម្រុះ និង បានបង្ហាត់កីឡាករកម្រិតពិភពលោកដើម្បីជួយផ្លាស់ប្ដូរគុនខ្មែរនៅកម្ពុជា។ ដ្បិត Onyedikachi ជាជនបរទេស ប៉ុន្តែ រតនា បានយកចិត្តទុកដាក់ខ្ពស់ ហើយ ជឿថាកម្រមានកីឡាករកម្ពុជាណាអាចទទួលឱកាសបែបនេះឡើយ។ ម្ចាស់ក្លិប «សិល្បៈ» បានផ្ដល់ឲ្យរូបគេច្រើនជាងគ្រូបង្វឹកណាទាំងអស់នៅកម្ពុជា ពេលទទួលការបង្វឹក គុនខ្មែរ និង គុនចម្រុះនោះឡើយ។

Onyedikachi សង្កត់ធ្ងន់ថា៖ «ខ្ញុំបានដើរតាមគន្លង ចាន់ រតនា។ ខ្ញុំបានឃើញ គ្រូ រតនា កាល ១០មុន គាត់ស្រលាញ់គុនខ្មែរ និង ការ៉ាតេដូ ហើយធ្វើឲ្យខ្ញុំតែងតែស្រមៃក្លាយជាអ្នកប្រយុទ្ធដ៏អង់អាច។ខ្ញុំស្រមៃឃើញការទាត់ និង ការវ៉ៃចេញរបស់គាត់មានកម្លាំងខ្លាំងក្លា។ កាលនោះខ្ញុំចង់ណាស់ ប៉ុន្តែគ្មានសំណាងទេ។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចធ្វើបានពេលបានជួបគាត់ [ចាន់ រតនា] និងបានហាត់ជាមួយគាត់»។

គួរបញ្ជាក់ថា រហូតដល់ពេលនេះ Emmanuel Onyedikachi ឡើងសង្វៀន ONE បានចំនួន ៣ ដង ឈ្នះទាំង ៣ ដង នៅឆ្នាំ ២០១៨។ ប្រកួតលើកទី១ គេឈ្នះកីឡាករថៃ Nat Natchayangkul នៅទឹកទី៣ កាលខែ មីនា មុនឈ្នះ អ្នកគុនចម្រុះមានបទពិសោធន៍ជនជាតិឥណ្ឌា Sandeep Kumar Dahiya នៅទឹកទី១ កាល ខែ កក្កដា និង ឈ្នះ កីឡាករចិន Xiaoxiang Xie ក្នុងទឹកទី៣ កាលខែ តុលាឆ្នាំ ២០១៨។ នៅឆ្នាំ ២០១៩ គេមិនទាន់ត្រូវបានចាប់គូឲ្យ “The Biafran Warrior” ឡើងជាថ្មីម្ដងឡើយ ប៉ុន្តែកីឡាករដើមកំណើតនីហ្សេរីយ៉ារូបនេះរំពឹងទទួលបានការប្រកួតឆាប់ៗនាពេលខាងមុខ៕