ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកដ៏ធំ លើកដំបូងនៅកម្ពុជា ROS KH Cup 2019 លើវិញ្ញាសា Rules of Survival ដែលបានបើកការប្រកួតជម្រុះ តាំងពីថ្ងៃទី១៥ ខែមីនា និងមានក្រុមចូលរួមជាង៨០០ក្រុមនោះ បានបញ្ចប់ការប្រកួត និងរកឃើញម្ចាស់ជើងឯក ជាផ្លូវការហើយ ខណៈអ្នកចូលរួមទស្សនាផ្ទាល់ គឺមានចំនួនច្រើន គួរឲ្យភ្ញាក់ផ្អើល។

សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើង នៅផ្សារទំនើបអ៊ីអន២សែនសុខ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ក្រុម Mister ដែលមានជំនាញច្បាស់ ក្នុងការប្រើទូរស័ព្ទដៃ ក្នុងការលេង និងផ្តួលគូប្រកួត ក្នុងការលេងកីឡាអេឡិត្រូនិក (E-sports) នោះ នៅតែរក្សាការលេងបានយ៉ាងល្អ ដើម្បីរក្សាការឈ្នះជាបន្តបន្ទាប់ រហូតក្លាយជាម្ចាស់ជើងឯក ដើម្បីឈ្នះបានប្រាក់រង្វាន់ចំនួន២៥លានរៀលពីព្រឹត្តិការណ៍នេះ។

ជាមួយគ្នានេះ ការប្រកួតកីឡាអេឡិចត្រូនិក ROS KH Cup ដែលមានប្រាក់រង្វាន់សរុបរហូតដល់១០០លានរៀលនោះ ក៏មានការផ្តល់ប្រាក់រង្វាន់ដល់ក្រុមលេខ២ ដល់លេខ១៥ផងដែរ ដោយក្រុមនោះ ក្រុមលេខ២ Varriors បានប្រាក់២០លានរៀល ក្រុមលេខ៣ U.P បានប្រាក់១០ លានរៀល។

ចំណែកក្រុមលេខ៤ NRX Cambodia បានក់រង្វាន់៧លានរៀល ក្រុមលេខ៥ KNOCK បាន៦លានរៀល ក្រុមលេខ៦ ROSE បាន៥,៥លាន ក្រុមលេខ៧ FAKE LOUD4 បានប្រាក់៥លាន ក្រុមលេខ៨ PRIME បាន៤,៥ លាន ក្រុមលេខ៩ ASTRO បាន៤លាន ក្រុមលេខ១០ SIMPLE បាន៣,៥លាន ក្រុមលេខ១១ Dragon បាន៣លាន ក្រុមលេខ១២ CAT បាន២,៥ លាន ក្រុមលេខ១៣ Legends បាន២លាន ហើយក្រុមលេខ១៤ Becareful និងក្រុមលេខ១៥ Khmer Heart ទទួលបានប្រាក់រង្វាន់១លានរៀលដូចគ្នា។

លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញការសប្បាយរីករាយខ្លាំង នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក ROS KH Cup ដ៏ថ្មីសន្លាងមួយនេះ មានអ្នកចូលរួមប្រកួតរាប់ពាន់នាក់ និងមានអ្នកតាមដានការប្រកួតផ្ទាល់ និងតាមការផ្សាយផ្ទាល់ រាប់ម៉ឺននាក់នោះ ព្រោះនេះជាការប្រកួតយ៉ាងសំខាន់ ក្នុងការវាស់ស្ទង់ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់ត្រៀមទៅចូលរួម ការប្រកួតស៊ីហ្គេម នៅហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ។

លោក ច័ន្ទបរិបូរណ៍ បានថ្លែងក្រោយបញ្ចប់ការប្រកួតថា៖ «សហព័ន្ធរបស់យើង រៀបចំឲ្យមានការប្រកួតនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពកីឡាករអេឡិចត្រូនិករបស់យើង ព្រោះ E-sports មានវិញ្ញាសាច្រើនណាស់ ហើយ E-Spotrs ក៏ត្រូវដាក់បញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០១៩ ជាលើកដំបូងផងដែរ អ៊ីចឹងយើងចង់ដឹងសមត្ថភាពកីឡាករយើង ទៅលើគ្រប់វិញ្ញាសាទាំងអស់ ថាតើយើងគួរយកវិញ្ញាសាអ្វីទៅប្រកួតជាមួយគេ នៅស៊ីហ្គេម»៕
រូបភាពគេផ្តល់ឲ្យ