​អ្នក​លេង​គុន​ចម្រុះ​កូន​ខ្មែរ​​-អាមេរិក​ អែម សុវណ្ណារី ​​​បាន​ចុះ​ឈ្មោះ​​​​​ជា​ផ្លូវ​ការ​​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​នា​ពាក់​កណ្ដាល​​សប្ដាហ៍​នេះ ​ហើយ​ការ​ចុះ​ឈ្មោះ​នេះ​​​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់​ខ្លួន​​មួយ​ រួម​ទាំង​ការ​ឡើង​ប្រកួត​តំណាង​ឲ្យ​ទង់​ជាតិ​កម្ពុជា។​

កីឡា​ការិនិ​វ័យ​​២៦​ ឆ្នាំ​រូប​នេះ​​​​លើក​ឡើង​បែប​នេះ​៖«​​​វា​ផល​ចំណេញ​ដែល​ខ្ញុំ​បាន​ចុះ​ឈ្មោះ​​​ជា​មួយ CMMAF ​គឺ​​​​ខ្ញុំ​ស្ថិត​​​ក្នុង​​​​ចំណោម​​​កីឡាករ​កីឡាកា​រិនី​​ដើម្បី​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​ ​យើង​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​​បង្ហាញ​ទង់​ជាតិ​ខ្មែរ​ទៅ​កាន់​ពិភព​លោក»។ ​កីឡាការិនី​ដែល​ឡើង​សង្វៀន​ ONE ​ម្ដង​កាល​ចុង​ឆ្នាំ​​២០១៨​ ​រូប​នេះ​​បាន​ប្រឡូក​លើ​សង្វៀន​​គុន​ចម្រុះ​ ឬ MMA ​តាំង​ពី​ឆ្នាំ​ ២០១៦​ មក។​ ​​កីឡាការិនី​ដដែល​នេះ​​​​បាន​ចូល​ហ្វឹកហាត់​​ហាត់​ប្រដាល់​សកល​​តាំង​ឆ្នាំ​ ២០១២ ​មុន​ចូល​​ហ្វឹកហាត់ ជីជិតស៊ូ​ ឆ្នាំ​ ២០១៤។ ​បន្ទាប់​មក​ទៀត​​ គេ​ចូល​ហ្វឹកហាត់​ចំបាប់​ ​យូដូ និង ប្រដាល់​សេរី មុន​ក្លាយ​ជា​កីឡាការិនី​លេច​​ធ្លោ​ប្រកួត​មិន​ដែល​ចាញ់​ដល់​បច្ចុប្បន្ន។

កីឡាការិនី​កើត​នៅ​ឡុង​ប៊ីច​ ​រូប​នេះ​សង្កត់​ធ្ងន់​ទៀត​ថា​ ៖«​ខ្ញុំ​នឹង​ឡើង​វ៉ៃ​តំណាង​​​ឲ្យ​កម្ពុជា​នៅ​សង្វៀន​ ONE ​Championship នា​ចុង​ឆ្នាំ​នេះ។​ ​ខ្ញុំ​​​​មិន​ទាន់​លម្អិត​ទេ​ តែ​​​​ខ្ញុំ​​​សុំ​ប្រាប់​​ប៉ុណ្ណឹង​សិន»។ ​​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ផ្លូវ​ការ​ លោក​ កែ ប៊ិនសូរស្មី ​​អនុប្រធាន​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​​កម្បុជា​បាន​ថ្លែង​​ថា​ ​នេះ​ជា​គោល​ដៅ​ និង គោល​បំណង​របស់​សហព័ន្ធ​ដើម្បី​​ស្វែង​រក​កីឡាករ​ល្អៗ​​សម្រាប់​​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។​ លោក​សង្កត់​ធ្ងន់​បែប​នេះ៖«​​នេះ​​ជា​សញ្ញាណ​ល្អ​មួយ។​

​សុវណ្ណារី​ ឈ្នះ​​​​កីឡាការិនី​​អ៊ុយក្រែន​ Iryna Kyselova​ត្រឹម​ទឹក​ទី១​ នៅ​សង្វៀន​ ONE។​ គេ​មាន​កម្រិត​​ប្រកួត​ល្អ។ ហើយ​គេ​​នឹង​ឡើង​វ៉ៃ​ជា​​ថ្មី​ ​តំណាង​ឲ្យ​​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។ ​​ពេល​ខាង​មុខ​​ ​គេ [សុវណ្ណារី​ ] ​អាច​មក​ហ្វឹកហាត់​ជា​មួយ​ នៅ ស្រីពៅ ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង រីក​ចម្រើន​ទាំង​អស់​គ្នា»។​ អនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដដែល​​បាន​ដើរ​តួនាទី​គៀង​គរ​​កីឡាករ​​កីឡាការិនី​​​កូន​កាត់ ​និង​ គ្រូ​​បង្វឹក​​​នៅ​​ក្រៅ​ប្រទេស​ដើម្បី​ចូល​រួម​ជា​មួយ​សហព័ន្ធ។ ​

សហព័ន្ធ​កំពុង​បង្កើត​យុទ្ធនាការ​​ស្វែង​​រក​ និង ប្រមែប្រមូល​​គ្រូ​បង្វឹក​ ឬ កីឡាករ​​នៅ​ សហរដ្ឋអាមេរិក​ ​កាណាដា ​បារាំង​ និង អូស្ត្រាលី។​ ​​សហព័ន្ធ​ និង រូប​លោក​ផ្ទាល់​ជឿជាក់​ថា​​ នឹង​ទទួល​បាន​ធនធាន​​កីឡាករ​ល្អៗ​ដើម្បី​ប្រកួត​​តំណាង​ឲ្យ​កម្ពុជា។ ​​អែម សុវណ្ណារី​ ​ប្រឡូក​​លើ​សង្វៀន​​​គុន​ចម្រុះ​ ឬ​ វ៉ៃ​ដាក់​ទ្រុង​បាន​ចំនួន ៣​ លើក​ ​​​មិន​ដែល​ចាញ់។ ​ ក្នុង​ ២​ លើក​ដំបូង​ប្រកួត​​ដាក់​ទ្រុង​នៅ​​អាមេរិក​ ​សុវណ្ណារី ​​ឈ្នះ​កីឡាការិនី​អាមេរិក​ Lanikqua Robins ​នា​ទឹក​ទី​១ កាល​ឆ្នាំ​ ២០១៦​ ​និង ឈ្នះ​កីឡាការិនី​អាមេរិក​ Evelyn Nieves ​នៅ​ទឹក​ទី​១។​ ​ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​ ​សុវណ្ណារី ​ឈ្នះ​កីឡាការិនិ​អ៊ុយក្រែន​ Iryna Kyselova នៅ​សង្វៀន​ ONE ​​​កាល​​ខែ​ ធ្នូ ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ ម៉ាឡេស៊ី៕