(សិង្ហបុរី)៖ សហព័ន្ធកីឡាប្រដាល់ ONE Championship បានចាត់ទុកជ័យជម្នះរបស់កីឡាករថៃ Petchmorakot Petchyindee Academy ទៅលើកីឡាករអ៊ីតាលី Giorgio Petrosyan ជាមោឃៈ ក្នុងការប្រកួតជម្រុះឈានទៅដណ្តើមប្រាក់ ១លានដុល្លារ កម្រិត Featherweight Kicboxing World Grand Prix ក្នុងការប្រកួតដែលបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

ការប្រកួតដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី Petchmorakot បានយកគូប្រជែង Petrosyan ដោយពិន្ទុមិនឯកច្ឆ័ន្ទផងដែរ មុនពេលត្រូវបានខាងប្រធានសហព័ន្ធ ONE លោក Chatri Sityodtong សម្រេចប្រកាសលុបចោល និងត្រូវធ្វើការប្រកួតឡើងវិញម្តងទៀតនាពេលខាងមុខ។

យោងតាមប្រកាសរបស់លោក Chatri នៅបណ្តាញសង្គមបានឲ្យដឹងកាលពីថ្ងៃទី២២ ខែឧសភា ថាខាងសហព័ន្ធបានត្រួតពិនិត្យលើពិន្ទុរបស់កីឡាករ Petrosyan និង Giorgio ដោយហេតុឃើញថា លោកអាជ្ញាកណ្ដាលមិនបានទប់ស្កាត់ពេលមានការវាយខុសលក្ខន្តិកៈ ដែលធ្វើឲ្យអាក់ខានក្នុងការប្រកួត ហើយការប្រកួតនឹងត្រូវធ្វើឡើងម្តងទៀត ដើម្បីរកអ្នកឈ្នះទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃប្រាក់រង្វាន់ ១លានដុល្លារ។

គួរបញ្ជាក់ផងថា សម្រាប់ការប្រកួតដណ្តើមប្រាក់ ១លានដុល្លារនេះ ក៏មានកីឡាករចំនួន ៣នាក់ហើយរួមមាន កីឡាកររុស្ស៊ី Dzhabar Askerov, កីឡាករថៃ Jo Nattawut, កីឡាករបារាំង Samy Sana និងត្រូវរង់ចាំ ១រូបទៀត គឺអ្នកឈ្នះរវាងកីឡាករ Petrosyan និង Petchmorakot តែប៉ុណ្ណោះ៕