ម្ចាស់មេដាយមាសតែមួយគត់ក្នុងប្រភេទប្រដាល់សេរីសម្រាប់កម្ពុជាពីកីឡាស៊ីហ្គេម ឆ្នាំ ២០១៧ នៅម៉ាឡេស៊ី ឃុន ឌីម៉ា កំពុងព្យាយាមសម្រួចវិជ្ជាគុនយ៉ាងខ្លាំងក្នុងគោលបំណងដណ្ដើមមេដាយមាសជាលើកទី២ជូនពលរដ្ឋកម្ពុជាចុងឆ្នាំនេះ។ ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ចុងឆ្នាំ ២០១៩ នេះនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
ឃុន ឌីម៉ា បានបង្ហើបពីការតាំងចិត្តបែបនេះ ៖«គោលដៅរបស់ខ្ញុំគឺដើម្បីស្វែងរកមេដាយមាសសម្រាប់ស៊ីហ្គេម ប៉ុន្តែខ្ញុំមិនហ៊ានអះអាងប្រាកដថាបាន ១០០% នោះឡើយព្រោះ កម្រិតស៊ីហ្គេមគេក៏ខ្លាំងៗដូចគ្នា។ បច្ចុប្បន្ន គីឡូខ្ញុំ៦៣ ហើយខ្ញុំត្រូវឡើងវ៉ៃគីឡូ៦៤ នៅស៊ីហ្គេមឆ្នាំនេះតាមខ្ញុំដឹង។ យ៉ាងណាក្ដី ខ្ញុំហ្វឹកហាត់ត្រៀមជាប្រចាំ និង ឡើងសង្វៀនប្រកួតនានា ប្រៀបដូចជាការត្រៀមខ្លួនឲ្យបានល្អអីចឹងដែរ។ ទោះឡើងប្រកួតនៅទីណាមុនស៊ីហ្គេម ក៏ជាការត្រៀមខ្លួនរបស់ខ្ញុំដែរ»។
កីឡាករប្រដាល់មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបនេះបន្តថា លើសពីនេះទៅទៀតការចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI Palm ដែលរៀបចំដោយស្ថានីយទូរទស្សន៍ភីអិនអិន នាដើមខែ ឧសភា ខាងមុខនេះ ក៏ជាការត្រៀម និង ជាការរៀបចំខ្លួនដើម្បីធ្វើឲ្យខ្លួនរឹងមាំនៅស៊ីហ្គេមដែរ។ តាមការរំពឹងទុក បើសិនជាឈ្នះវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រនោះ កម្មវិធីនេះនឹងត្រូវបញ្ចប់នៅខែ តុលា ឆ្នាំ ២០១៩ មុនការប្រកួតស៊ីហ្គេមចាប់ផ្ដើមរយៈពេល១ខែ។
ដើម្បីឲ្យការត្រៀមខ្លួនរឹតតែល្អបន្ថែមទៀត កីឡាករប្រដាល់មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យវ័យ ២៨ ឆ្នាំរូបនេះត្រូវបានកោះហៅឲ្យប្រមូលផ្ដុំនៅក្រុមជម្រើសជាតិនាចុង ខែ មេសា នេះ ឬ ដើមខែ ឧសភា ដែលទទួលការឧបត្ថម្ភពីក្រសួងអប់រំយុវជន និង កីឡា។ កូនប្រុសរបស់លោក ហេង ប៊ុនឃីម នឹងត្រូវហ្វឹកហាត់ជាមួយ គ្រូបង្វឹក អេ ភូថង និង ឡុង សាលវ័ន្ត រហូតដល់មុនចេញទៅប្រកួតនៅស៊ីហ្គេមតែម្ដង។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើក ២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ ២០១៧ ដែលមាន១១ប្រទេសជាសមាជិកចូលរួមនោះប្រកួតប្រជែងនោះ កម្ពុជាទទួលបាន មេដាយសរុបចំនួន១៧ គ្រឿង ក្នុងនោះទទួលបានមេដាយមាស៣ គ្រឿង ប្រាក់២ និង សំរឹទ្ធ ១២ គ្រឿង។ សម្រាប់ប្រដាល់គុនខ្មែរ គ្រានោះ ឃុន ឌីម៉ា ឈ្នះមេដាយមាស ហើយ មឿន សុភា ឈ្នះមេដាយប្រាក់ ខណៈ វ៉ាន់ វឿន និង ឡៅ ចិត្រា ឈ្នះមេដាយសំរឹទ្ធ៕
ឃុន ឌីម៉ា ប្ដេជ្ញាយកមេដាយមាសស៊ីហ្គេមលើកទី២ជូនជាតិចុងឆ្នាំនេះ
អត្ថបទទាក់ទង