គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Lorenzo និង ក្រុមការងារ LLFitnes បានដើរតួចយ៉ាងសំខាន់ដើម្បី ជួយពង្រឹងកម្លាំងកីឡាករជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ឲ្យកាន់តែខ្លាំងក្លា និង ទទួលជ័យជម្នះ ២ លើកជាប់គ្នាចុងក្រោយនៅសង្វៀន ONE Champinship។ ទន្ទឹមគ្នានេះ រតនា ហ្វឹកហាត់ខ្លាំង មានវិន័យ ស្មារតី និង របបអាហារញុំាត្រឹមត្រូវ។
លោក Lorenzo ដែលមកស្រុកខ្មែរតាំងពី ៥ ឆ្នាំមុនបានរៀបរាប់ថា៖«ដំបូងឡើយខ្ញុំមកកម្ពុជាគ្រាន់តែថ្ងៃសម្រាករបស់ខ្ញុំតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំបានដក់ចិត្តស្រលាញ់ប្រទេសនេះ ហើយក៏សម្រេចចិត្តស្នាក់នៅតែម្ដង។ ចំណុចទី១ ការពិតណាស់ជ័យជម្នះ២ លើករបស់ចាន់ រតនា បានមកដោយសារ ការលះបង់ និង មានវិន័យផ្ទាល់ខ្លួន រួមទាំងទំនាក់ទំនងល្អរវាង គេ[រតនា] និង ខ្ញុំ។ យើងបានក្លាយជាមិត្តដ៏ល្អអស់ពេលជាច្រើនឆ្នាំ។ ចំណុចទី២ ខ្ញុំដឹងថា គេជឿជាក់លើសមត្ថភាពរបស់ខ្លួន ដូច្នេះហើយខ្ញុំសង្ឃឹមថារូបគេផ្ដល់ឲ្យនូវលទ្ធផលដ៏ល្អ រាល់ ការប្រកួត រួមទាំងការហ្វឹកហាត់បានល្អសម្រាប់ខ្ញុំ។ ចំណុចទី៣ គេមានកម្លាំងចិត្ត និង មានវិន័យច្បាស់លាស់នៅពីក្រោយរូបគេ ដែលនាំក្លាយជាកំពូលកីឡាករគុនចម្រុះនៅកម្ពុជា។ រតនា ខ្លាំងទាំងកាយសម្បទា និង ស្មារតីល្អ។ ក្នុងនោះ លំហាត់កាយសម្បទា និង របបអាហារ គឺមានការត្រួតពិនិត្យដោយគ្រូបង្វឹកនៅ LLFitness»។
រតនា ទទួលបានការបង្វឹកជាក្រុមគ្រូៗនៅ LLfitness ជាច្រើនដូចជា Joshua និង Sov ដែលធ្វើឲ្យគេកាន់តែល្អប្រសើររហូតមក ហើយ ក៏ទទួលការយកចិត្តទុកដាក់ពីគ្រូបង្វឹកផ្នែកកាយវប្បកម្ម លោកJeppe ទៀតផង។ ក្នុងនោះលោក ខូវ វិវឌ្ឍនា បង្ហាត់ ជីជិតស៊ូ ហើយលោក Rolando បង្ហាត់ប្រដាល់សកល។ គ្រូបង្វឹក Lorenzo ជឿជាក់ថា រតនា នឹងអាចឈ្នះការប្រកួតបន្ទាប់តាមរយៈការត្រៀមរួចរាល់។ ការងាររបស់គ្រូបង្វឹកមួយទៀត គឺត្រូវសិក្សាអំពីគូប្រកួត និង រៀបចំឲ្យរតនា វ៉ៃរបៀបណាលើកក្រោយ។
LLFitness និង ក្លិប «សិល្បៈ» មិនត្រឹមតែដៃគូសហការ ប៉ុន្តែជាគ្រួសារ និង ជាដៃគូជំនួញផងដែរ។ រតនា បច្ចុប្បន្នចូលរួមជាមួយ LLFitness ក្នុងនាមគ្រូបង្វឹកក្បាច់គុន ហើយ ក្រុមហ៊ុន និង កីឡាករសុទ្ធតែសប្បាយចិត្តដោយបានហ្វឹកហាត់ជាមួយកីឡាករកំពូលរូបនេះ។
ក្នុងនាមជាស្ថាបនិក LLFitness គ្រូបង្វឹកដដែលនេះមានមោទនភាពចំពោះលទ្ធផលល្អក្នុងនាមជាក្រុម។ LLFitness មិនត្រឹមតែជាក្រុមហ៊ុនផ្ដល់លំហាត់កាយសម្បទាកម្រិតកំពូលនោះទេ ប៉ុន្តែ ក៏ជាអ្នកបង្វឹកផ្ទាល់ និង ផ្ដល់យោបល់ផ្នែករបបអាហារទៀតផង។ គោលបំណងរបស់ក្រុមហ៊ុនគឺដើម្បីក្លាយជាក្រុមបង្វឹកជាច្រើនប្រភេទកីឡាដែលធ្វើការជាមួយកីឡាករអន្តរជាតិទូទាំងតំបន់អាស៊ាន។ ជាមួយគ្នានោះគ្រូបង្វឹក ខូវ វិឌ្ឍនា និង ចាន់ រតនា កំពុងតែរៀបគម្រោងដើម្បីបង្វឹកកីឡាករអាជីពនៅតំបន់អាស៊ាន។ ក្រុមការងាររំពឹងថាទទួលបានកីឡាករប្រកួតនៅ ONE Championship កាន់តែច្រើន និង អាចជាកីឡាករបរទេសទៀតផង។
ជាមួយគ្នានោះ ចាន់ រតនា បានបង្ហើបឲ្យដឹងដែរថា ក្រុមការងារ និង ក្រុមគ្រូបង្វឹកនៅ LLFitness ជាដើមចមក្នុងជ័យជម្នះជាបន្តបន្ទាប់នៅសង្វៀន ONE ចំនួន ២ លើកជាប់គ្នាមកនេះដោយឈ្នះលើកីឡាករឥណ្ឌូណេស៊ី Abrou Fernandes កាលខែ ធ្នូ ឆ្នាំ ២០១៨ និងឈ្នះ Rudy Agustian នាថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ នេះនៅសង្វៀន ONE:FOR HONOR នាប្រទេសឥណ្ឌូណេស៊ី។ ម្ចាស់ក្លិប «សិល្បៈ» ទទួលបានការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាយ៉ាងដិតដល់ពីសំណាក់ LLFitness ជារៀងរាល់ថ្ងៃយ៉ាងដិតដល់មុនចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងៗ។ គិតត្រឹមពេលនេះ ចាន់ រតនា ឡើងសង្វៀនគុនចម្រុះបានចំនួន ៩ ដង ក្នុងនោះឈ្នះ ៦ ដង និង ចាញ់៣ដង៕
អត្ថបទ៖ ស៊ីធី ប្រភពពី: Khmer Komlang