ONE Championship ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក រំពឹងរកបានប្រាក់ចំណូលលើសពី១០០ លានដុល្លារអាមេរិកនៅពេលដ៏ខ្លីខាងមុខ។ ប្រាក់ចំណូលរបស់ ONE មានសក្ដានុពលមកពីទីផ្សារធំធេងនៅក្នុងតំបន់អាស៊ី។ ភាពជោគជ័យកន្លងមកបានធ្វើឲ្យក្រុមហ៊ុនមួយនេះមានតម្លៃប្រមាណ១០០០លានដុល្លារអាមេរិក ហើយតម្លៃនេះអាចនឹងរីកកាន់តែធំទៅមុខទៀត។
ប្រាក់ចំណូលរបស់ ONE មានសក្ដានុពលលើសក្រុមហ៊ុន NFL ដោយសារមានការគាំទ្រប្រមាណ ៤០០០ លាននាក់នៅក្នុងទ្វីបអាស៊ី ដែលជាចំណុចពិសេសធ្វើឲ្យស្ថាប័នកំពូលមួយនេះឈានដល់កម្រិតខ្ពស់បែបនេះ។ លើសពីនេះទៅទៀត ONE រកបានប្រាក់ចំណូលពីការផ្សព្វផ្សាយតាមទូរទស្សន៍ដូចជា Turner Networks នៅអាមេរិក (TNT & B/R Live) ដោយទទួលបានអ្នកទស្សនាក្បែរ ៤២ លាននាក់សម្រាប់សង្វៀន ONE: A NEW ERA។
លោក Chatri Sityodtong ដែលជាស្ថាបនិក ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE រំពឹងថា ស្ថាប័នរបស់លោកនឹងទទួលបានអ្នកទស្សនា ៥០ លាននាក់នៅដំណាច់ឆ្នាំនេះ។ លោកបានសង្កត់ធ្ងន់ថា ៖«កីឡាករគឺជាដៃគូដ៏ជោគជ័យរបស់យើង ហើយវាពិតជាមានន័យជ្រាលជ្រៅ និង តម្លៃណាស់សម្រាប់ ONE Championship។ ផ្នត់គំនិតឈ្នះ-ឈ្នះ (win-win)ជាមួយមនុស្សដែលយើងធ្វើការជាមួយ ទោះជាមិត្តរួមការងារ ដៃគូពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ កីឡាករឬ ធ្វើការជាមួយរដ្ឋាភិបាល។ យើងត្រូវតែប្រើ win-win philosophy ហើយ យើងតែងតែដោះស្រាយបានជានិច្ចដើម្បីឲ្យដៃគូរបស់យើងជោគជ័យជាមួយគ្នា»។
ដោយសារតែភាពរីកចម្រើនឥតឈប់ឈរស្ថាប័នប្រដាល់មួយនេះហើយបានជាបើករៀបចំការប្រកួតកីឡាអេឡិចត្រូវនិកថែមទៀត ហៅ ONE Esports កាលចុងឆ្នាំ ២០១៨ កន្លងទៅ។ ONE និង Dentsu Inc ដែលជាភ្នាក់ងារផ្សាយពាណិជ្ជកម្មធំបំផុតរបស់ជប៉ុនរៀបចំព្រឹត្តិការណ៍ ONE Esports រួមគ្នាក្នុងឆ្នាំ ២០១៩ នេះ។
សង្វៀននេះបានបង្ហាញអំពីវប្បធម៌ដ៏អស្ចារ្យនៅទ្វីបអាស៊ីតាមរយៈ ការរួមបញ្ចូលគ្នា ការគោរព ភាពថ្លៃថ្នូរ សេចក្ដីក្លាហាន វិន័យ និងភាពសន្ដោសប្រណី ហើយក៏ជាប្រភពនៃការបង្ហាញក្បាច់គុន មួយថៃ Kickboxing គុនចម្រុះ ការ៉ាតេ ស៊ីឡាត សាន់ដា ឡែតវេ តេក្វាន់ដូ ចំបាប់ គុនខ្មែរ កុងហ្វូ យូដូ និង មានក្បាច់ជាច្រើនទៀត។
បេសកកម្មរបស់សង្វៀនមួយនេះគឺបង្ហាញវីរបុរសជាក្ដីសង្ឃឹម ការលើកទឹកចិត្ត និងភាពខ្លាំងក្លា។ ដូចគ្នានេះដែរ ជើងឯកលំដាប់ពិភពលោកក៏ត្រូវតស៊ូជម្នះគ្រប់ឧបសគ្គទើបទទួលបានលទ្ធផលល្អ និង សម្រេចគោលដៅរបស់ពួកគេក្នុងជីវិត។ ONE នឹងបង្ហាញវីរបុរសទាំងនេះទៅកាន់ពិភពលោកក្នុងន័យលើកទឹកចិត្តឲ្យមនុស្សរាប់លាននាក់សម្រេចក្ដីស្រមៃ។ តាមរយៈការផ្សព្វផ្សាយរបស់ ONE គឺបង្កើតឱកាស, អបអរសាទរចំពោះជ័យជម្នះ, បង្កើតគោលដៅ,ជំរុញដល់ជាតិសាសន៍នីមួយៗ និង ការផ្លាស់ប្ដូរទៅកាន់ពិភពលោក។
ទ្វីបអាស៊ីជាទីតាំងនៃក្បាច់គុនតាំងពី ៥០០០ ឆ្នាំមុន ហើយវាជាពេលដែលត្រូវធ្វើឲ្យកក្រើកឡើងវិញក្នុងប្រវត្តិសាស្ត្រនេះតាមរយៈប្រវត្តិដ៏អស្ចារ្យ វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃរបស់ខ្លួន។ គោលបំណងរបស់ ONE គឺធ្វើឲ្យពិភពលោកទាំងមូលស្គាល់អាស៊ីកាន់តែច្បាស់ក្នុងការរួបរួមគ្នាជាធ្លុងមួយ៕
Credit: Sabay