ខ្សែប្រយុទ្ធ Alvaro Morata បានរិះគន់អតីតអ្នកចាត់ការរបស់ខ្លួនលោក Maurizio Sarri ដោយបានលើកឡើងថា អ៊ីតាលីបានសន្យាខ្យល់ ហើយបង្ខំឱ្យហ្វឹកហាត់តែម្នាក់ឯងកំលុងពេលរួមការងារនៅកីឡាដ្ឋាន Stamford Bridge។ កីឡាករវ័យ ២៦ឆ្នាំសញ្ជាតិអេស្បាញរូបនេះមិនបានជាប់ជម្រើស ១១នាក់ដំបូង ក្រោយការមកដល់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីហើយទីបំផុត Morata ត្រូវបានក្លឹប Atletico Madrid ខ្ចីជើងរយៈពេល ១៨ខែគិតចាប់តាំងពីខែមករាក្រោយពី Chelsea ខ្ចីជើង Gonzalo Higuain ពីក្រុមជើងឯក Juventus មកជំនួសតំណែងរបស់ខ្លួន។

យ៉ាណាមិញក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Diego Simeone Morata បានបង្ហាញទម្រង់លេងល្អ ដោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ក្នុង ១៥ប្រកួតនៅក្របខណ្ឌ La Liga និងបានបង្ហាញពីបំណងចង់បន្តលេងជាមួយក្លឹបថ្មីជាអចិន្ត្រៃយ៍ផងដែរ។ Morata បានប្រាប់គេហទំព័រ Goal កំលុងពេលនៅអង់គ្លេសថា: ខ្ញុំជួបស្ថានភាពមិនល្អទេកំលុងពេលនៅទីក្រុងឡុងដ៏។ ខ្ញុំបាននិយាយជាមួយលោក Maurizio Sarri ហើយគាត់បានប្រាប់ខ្ញុំនូវរឿងមួយចំនួនដែលខ្ញុំដឹងថាវានិងមិនកើតមានឡើង ដូចដែលគាត់បាននិយាយនោះទេ។

ក្រោយពី Diego Costa ត្រលប់ទៅ Atletico Madrid នៅឆ្នាំ ២០១៧ Chelsea បានចុះហត្ថលេខានាំយក Morata ពីក្លឹប Real Madrid ក្នុងតម្លៃ ៦០លានផោន។ Morata ក្រោមការដឹកនាំរបស់លោក Antonio Conte ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុង៨ ប្រកួតប៉ុន្តែក្រោយជួបបញ្ហារបួសសរសៃពួរនិងរបួសខ្នង គាត់មិនបានទទួលបានការគាំទ្រពីប្រិយមិត្ត Chelseaទេ។ អតីតខ្សែប្រយុទ្ធក្រុម Juventus រូបនេះបន្តថាៈ ខ្ញុំបានបាត់បង់ទំនុកចិត្តលើខ្លួនឯងកាលពីមុន។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងចំពោះទស្សនៈរបស់ប្រជាជននៅក្នុងប្រទេសអង់គ្លេស។ ខ្ញុំបានចាប់ផ្តើមយ៉ាងល្អនៅ Chelsea ប៉ុន្តែរបួសធ្វើអោយការងាររបស់ខ្ញុំជាប់គាំង។ ទោះបីជារកបាន១៥ គ្រាប់និងឈ្នះពានរង្វាន់ FA Cup ប៉ុន្តែមិនជាប់ឈ្មោះសម្រាប់ ការប្រកួត World Cup ២០១៨ហើយស្ថានភាពពេលនោះសម្រាប់ខ្ញុំវាគឺជារឿងលំបាកបំផុតដែលកើតមាន នៅក្នុងជីវិត។