ក្រុម Liverpool បានបន្ថែមពិន្ទុនាំមុខរបស់ខ្លួនលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League រហូតដល់១៣ពិន្ទុ តាមរយៈការផ្តួលក្រុមឈរលេខ២ Leicester យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅថ្ងៃ Boxing Day ស្របពេលដែលក្រុម Manchester United និង Tottenham បានកាត់បន្ថយគម្រាតតាមពីក្រោយក្រុមឈរលេខ៤ Chelsea។

លោក Mikel Arteta បានចាប់ផ្តើមរជ្ជកាលក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប Arsenal តាមរយៈការដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Bournemouth ប៉ុន្តែ លោក Carlo Ancelotti បានជួបលទ្ធផលជាវិជ្ជមានជាងជាមួយនឹងក្រុម Everton របស់លោក ខណៈដែលការតែតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើ Dominic Calvert-Lewin បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Burnley។

ក្រុម Chelsea បានផ្តួល Tottenham ដើម្បីផ្តល់ជ័យជម្នះដ៏ធំសម្រាប់លោក Frank Lampard លើអតីតគ្រូបង្វឹករបស់ខ្លួនគឺលោក Jose Mourinho កាលពីថ្ងៃអាទិត្យ ប៉ុន្តែ គម្លាតរវាងក្រុមទាំង២ បានវិលទៅកាន់៣ពិន្ទុ ក្រោយពីក្រុម Chelsea បានរងបរាជ័យក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Southampton។

ក្រុម Spurs បានវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម Brighton ២-១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Harry Kane និង Dele Alli ស្របពេលដែលក្រុម Man United ដេញតាមពីក្រោយ១ពិន្ទុទៀត ក្នុងចំណាត់ថ្នាក់លេខ៧ ខណៈដែលពួកគេបានផ្តួលក្រុម Newcastle ក្នុងលទ្ធផល ៤-១ ដោយ Anthony Martial រកបាន២គ្រាប់៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ៖

ប្រភពព័ត៌មាន៖ Channel News Asia