លោក Carlo Ancelotti អ្នកចាត់ការទូទៅថ្មីរបស់ក្រុម Everton បានបញ្ជាក់ថា ការដឹកនាំឲ្យក្រុមមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ ឲ្យប្រជែងក្នុងក្របខ័ណ្ឌ Champions League គឺជាគោលដៅរយៈពេលវែង និងជាគម្រោងមួយដែលស្រដៀងទៅនឹងពេលវេលាដ៏ជោគជ័យរបស់លោកនៅឯក្លិប Paris St Germain កាលពី៨ឆ្នាំមុន។
លោក Ancelotti ដែលជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ជោគជ័យបំផុតនៅអឺរ៉ុប បានចាកចេញពីក្លិប Napoli កាលពីពាក់កណ្តាលខែនេះ និងបានចូលជំនួសកន្លែងរបស់លោក Marco Silva ដែលត្រូវបានបណ្តេញចេញដោយក្លិប Everton ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៥-២ ក្រោមស្នាដៃក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League។
គ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះ បានចំណាយពេលដឹកនាំជាមួយនឹងក្លិប AC Milan, Chelsea, PSG, Real Madrid និង Bayern Munich។ ប៉ុន្តែ លោកនឹងត្រូវប្រឈមមុខនឹងការងារដ៏លំបាកផ្សេងគ្នាមួយក្នុងការជួយសង្គ្រោះក្រុម Everton ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៥ នៅលើតារាងលីក និងត្រូវតែបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ដើម្បីឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការអឺរ៉ុប។
លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «Champions League គឺជាគោលដៅរយៈពេលវែង។ គ្មានអ្វីដែលមិនអាចទៅរួចឡើយ។ វាពិតណាស់ដែលខ្ញុំបានដឹកនាំក្លិបកំពូលៗជាច្រើន។ នៅ PSG គម្រោងនេះ បានដំណើរការល្អ។ ខ្ញុំគិតថា ទីនក៏ដូចគ្នាដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia