លោក ជា រិទ្ធ គ្រូបង្វឹកប្រដាល់ប្រចាំក្លិបអាណាចក្រប្រយុទ្ធបានបង្ហើបអំពីបញ្ហាប្រឈមមួយចំនួនជុំវិញការប្រកួតប្រដាល់ប្រចាំសប្ដាហ៍នៅសង្វៀនប្រដាល់គុនខ្មែរនាទឹកដីនៅខេត្តសៀមរាបដោយ មានការខ្វះខាតអ្នកចូលរួមឧបត្ថម្ភ ការរៀបចំកម្មវិធី និង ថវិកាត្រូវរៀបចំសម្រាប់តម្លៃខ្លួនកីឡាករនៅមានកម្រិត។ លោកបានដៅបញ្ហាទាំងនេះបន្ទាប់ពីសង្វៀននៅស្វាយធំដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រនៃខេត្តក្រុងសៀមរាប បានដំណើរការរយៈពេលប្រមាណជាពីរខែមកហើយ។
គ្រូបង្វឹកប្រដាល់ដែលបញ្ចប់អនុបណ្ឌិតផ្នែកភាសាអង់គ្លេសរូបនេះគូសបញ្ជាក់ថា៖ «សង្វៀនយើងបានរៀបចំប្រមាណជា ២ ខែ មកហើយ ហើយយើងអត់មានអ្នកជួយឧបត្ថម្ភជាដុំកំភួនអ្វីនោះទេ យើងមានតែអ្នកស្រលាញ់កីឡាប្រដាល់ និង បានចូលរួមជាមួយគ្នាត្រឹមបួននាក់ប៉ុណ្ណឹងដើម្បីបង្កើតសង្វៀននេះ។ ការលំបាករបស់យើងគឺប្រាក់ឧបត្ថម្ភសម្រាប់កីឡាករ និង អាជ្ញាកណ្ដាល-ចៅក្រមក៏នៅមានកម្រិតតិចតួចតាមលទ្ធភាព។ ហើយបើត្រូវនាំកីឡាករមកពីថៃទៀតគឺលំបាក និង អស់ច្រើនព្រោះពួកគេត្រូវថ្នាក់នៅ ឬ ធ្វើដំណើរជាដើម។ ពួកយើងជាអ្នកចូលរួមរៀបចំនេះសុទ្ធតែថវិកាម្នាក់បន្តិចៗ ប៉ុណ្ណោះ ហើយខ្ញុំមិនដឹងថាប្រឹងរហូតបានប៉ុណ្ណាទេ»។
គ្រូបង្វឹក គង់ សំបូរ និង ឫទ្ធ សាស្ត្រាវុធ បានរៀបរាប់ថា អ្នកចូលរួមលុយកាក់ចាត់ចែងជាមួយគ្នាដូចជាមានមីងម្នាក់, ប្អូនអ្នករត់ឡានម្នាក់ និង អ្នកធ្វើការនៅមន្ទីរនៃខេត្តសៀមរាបម្នាក់។ ចំណែកទីកន្លែងប្រកួតគឺទទួលបានការឧបត្ថម្ភដោយមិនបាច់បង់លុយនោះទេ។ ពីដំបូងឡើយការចូលលុយគ្នានេះ គឺដើម្បីទិញខ្សែរេញ ទិញសម្ភារ និង ការរៀបចំនានា។ ដ្បិតការគាំទ្រពីទស្សនិកជនមិនសូវច្រើន ប៉ុន្តែមានការកើនឡើងមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ដែរ។ កាលខែមុន ការរៀបចំការប្រកួតនេះត្រូវធ្វើឡើងរៀងរាល់ថ្ងៃព្រហស្បតិ៍ប្រចាំសប្ដាហ៍ ប៉ុន្តែឥឡូវនេះមានការផ្លាស់ប្ដូរ មកប្រកួតត្រឹម ២ ដងក្នុងខែ វិញដោយសារតែអាកាសធាតុមិនសូវល្អដូចពីមុនពោលចូលខែវស្សា។ ពេលខ្លះប្រកួតចំថ្ងៃភ្លៀង គឺអត់សូវមានអ្នកមកទស្សនានោះទេ។ ហើយការប្រកួតនេះ គឺ ចំណូលមួយផ្នែកបានមកពីការលក់សំបុត្រ ម្នាក់ចំនួន ៥០០០ រៀល។ ដូច្នេះបើសិនអត់មានអ្នកចូលរួមច្បាស់ជាត្រូវចំណាយរឹតតែធំឡើងៗ។
កូនសិស្សរបស់លោកគ្រូ ទឹម ម៉ៃទី បានគូសបញ្ជាក់ទៀតថា ការរៀបចំសង្វៀនប្រដាល់ក្នុងខេត្តសៀមរាបដោយគ្មានអ្នកឧបត្ថម្ភធំនេះដោយសារ ចង់ពង្រឹងសមត្ថភាពកីឡាករនៅក្នុងខេត្ត និង ពង្រឹងសមត្ថភាពដល់ពន្លកកីឡាករជំនាន់ក្រោយដើម្បីឲ្យសុំាទៅនឹងការប្រកួត ព្រោះអ្នកខ្លះហ្វឹកហាត់មិនងាយបានឡើងប្រកួតនៅសង្វៀនតាមប៉ុស្តិ៍ទូរទស្សន៍ល្បីៗឡើយ។ ជាធម្មតាការរៀបចំនេះតែងតែមានចន្លោះពី ៥ ទៅ ៦ គូ។ ក្នុងនោះការប្រកួតគូបើកឆាក គឺដាក់ក្មេងៗដែលជាកីឡាករថ្នាលជំនាន់ក្រោយនៅទឹកដីខេត្តសៀមរាបតែម្ដង។
គួរបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តដែលមានចម្លាក់ក្បាច់គុននៅតាមជញ្ជាំងប្រសាទ ប៉ុន្តែការរៀបចំព្រឹត្តិការណ៍ប្រកួតក្បាច់គុនខ្មែរលើសង្វៀនជាប្រចាំ ហាក់ស្ងប់ស្ងាត់មួយរយៈចុងក្រោយ។ សង្វៀនប្រដាល់នៅសៀមរាបធ្លាប់មានប្រដាក់ញឹកញាប់កាលជំនាន់សពលោក ម៉ា សេរី អតីតប្រធានផ្នែកកីឡាករស្ថានីយទូរទស្សន៍ ស៊ីធីអិន និង MyTV ប៉ុន្តែហាក់ស្ងាត់មួយរយៈចុងក្រោយនេះដែលមិនបង្ហាញភាពផុសផុល និង ហ៊ឹកហ៊ាក់ដូចលើកមុន រហូតដល់សង្វៀនគុនខ្មែរស្វាយធំទើបលេចរូបរាងត្រឹម ២ ខែមកនេះ៕
គ្រូបង្វឹក ជា រិទ្ធ ថ្លែងសារអំពីការលំបាកក្នុងការរៀបចំសង្វៀនគុនខ្មែរនៅខេត្តសៀមរាប
អត្ថបទទាក់ទង