ខ្សែប្រយុទ្ធ Son Heung-min បានបញ្ជាក់ថា រូបគេបានទទួលការគាំទ្រជាបន្តបន្ទាប់ដល់រូបគេ ពីសំណាក់មិត្តរួមក្រុម និងអ្នកគាំទ្រ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅពេលប្រកួតជាមួយនឹងក្រុម Red Star Belgrade ពោលគឺត្រឹមតែរយៈពេល៣ថ្ងៃ ក្រោយពីក្លាយខ្លួនជាដើមហេតុដែលធ្វើឲ្យខ្សែបម្រើ Andre Gomes របស់ក្លិប Everton បាក់កជើង។
ការរងពិន័យកាតក្រហមរបស់តារាឆ្នើមអន្តរជាតិកូរ៉េខាងត្បូងរូបនេះ សម្រាប់ការប្រជែងដណ្តើមបាល់ទៅលើ Gomes ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ ត្រូវបានមើលរំលងដោយសារតែទំហំនៃការរងរបួសរបស់ខ្សែបម្រើ Gomes បន្ទាប់ពីរងនូវការដណ្តើមបាល់ពីក្រោយពី Son។ Son បានចាកចេញពីទីលានប្រកួតទាំងទឹកភ្នែក ខណៈដែលមិត្តរួមក្រុមរបស់គេ បានបញ្ជាក់ថា រូបគេពិតជាខកចិត្តខ្លាំងណាស់។
ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេនៅតែត្រូវបានជ្រើសរើសដោយលោក Mauricio Pochettino សម្រាប់ការធ្វើដំណើរទៅកាន់ការប្រកួតនៅទីក្រុង Belgrade និងបានឆ្លើយតបយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការស៊ុតបាល់បញ្ចូលទី២គ្រាប់ នៅចន្លោះពេលត្រឹមតែ៤នាទី នៅតង់ទី២ ខណៈដែលក្រុម Spurs បានយកឈ្នះដោយងាយក្នុងលទ្ធផល ៤-០។ Son ដែលបានសម្តែងកាយវិការនៃការសុំការអភ័យទោស បន្ទាប់ពីស៊ុតបាល់បញ្ចូលទី បានប្រាប់បណ្តាញសារព័ត៌មាន BT Sport ថា៖ «ពិតណាស់ វាពិតជាលំបាកក្នុងរយៈពេល២ ទៅ៣ថ្ងៃនេះ ប៉ុន្តែ ជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំ ខ្ញុំបានដឹងថា ខ្ញុំមានសំណាងប៉ុណ្ណា»៕
ប្រភពព័ត៌មាន៖ Channel News Asia