ក្រុមការពារតំណែងជើងឯក Manchester City បានបង្រួញគម្លាត លើក្រុមកំពូលតារាង Premier League ហង្សក្រហម Liverpool ក្រោយផ្តួលម្ចាស់ផ្ទះ Crystal Palace នៅឯកីឡាដ្ឋាន Selhurst Park កាលពីយប់ ថ្ងៃសៅរ៏សម្រាប់ការប្រកួតសប្តាហ៏ទី៩។

ក្រុមរបស់លោក Pep Guardiola បានធ្វើការវាយសម្រុកដោយធ្វើបានសម្រេចនៅនាទីទី ៣៩ដោយការតែតបាល់បញ្ជូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Gabriel Jesus ក្រោយការបញ្ជូនពីជើងឆ្វេងចេញពីស្លាបខាងស្តាំ របស់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bernardo Silva ហើយមិនទាន់ទាំងបាន២នាទីស្រួលបួលផងខ្សែបម្រើជើងចាស់ David Silva ស៊ុតបាល់វ៉ូឡេជើងឆ្វេងយ៉ាងល្អ ក្រោយការបញ្ជូនបាល់របស់ Raheem Sterling ខណៈអ្នកចាំទីសញ្ជាតិវេល Wayne Hennessey មិនអាចជួយសង្គ្រោះបាល់ឡើយ។ បញ្ចប់ការប្រកួត Crystal Palace ០:២ Man.City។

ក្រុមភ្ញៀវ Man City ស្ទើរតែរកគ្រាប់បាល់បន្ថែមនៅ នៅតង់ទី ២ ប៉ុន្តែវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) យល់ព្រមការសម្រេចចិត្តរបស់អាជ្ញាកណ្តាល Anthony Taylor ដែលមិនបានផ្តល់បាល់ពិន័យ១១ម៉ែត្របន្ទាប់ពី Wilfried Zaha និង Kevin de Bruyne បានប៉ះទង្គិចគ្នានៅក្នុងតំបន់គ្រោះថ្នាក់ ។កីឡាករ Benteke និង Zaha របស់ក្រុមម្ចាស់ផ្ទះបានព្យាយាមធ្វើការវាយសម្រុកដោយការតែតនិងស៊ុតបញ្ចូលទីពីចំងាយប៉ុន្តែត្រូវបានជួយ សង្គ្រោះដោយអ្នកចាំទី Ederson។

មេឃខៀវ Man.City បានវិលត្រឡប់មកឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាងបន្ទាប់ពី Leicester City ផ្តួល Burnley ខណៈក្រុមរបស់លោក Pep Guardiola មាន ៥ ពិន្ទុតាមពីក្រោយ Liverpool របស់លោក Jurgen Klopp (មាន១ប្រកួតនៅក្នុងដៃ)នឹងត្រូវជួបជាមួយ Manchester United នៅកីឡាដ្ឋាន Old Trafford នាថ្ងៃអាទិត្យនេះ។

វីដេអូ: