ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​បោះ​ជំហាន​យ៉ាង​កៀក​​ឆ្ពោះ​ទៅកាន់​ការ​ឈ្នះ​កៅអី​សម្រាប់​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពី​បាន​សង្គ្រោះ​​ការ​ភិត​ភ័យ នៅ​​លើ​ទឹកដីក្រុម​ជម្រើស​ជាតិ​រូ​ម៉ានី ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ និង​​ដើម្បី​​បន្ត​កំណត់ត្រា​ដ៏ល្អ​ឥត​ខ្ចោះ​របស់ខ្លួន​។ ជា​មួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី ក៏​បាន​រក្សា​​កំណត់ត្រា​ឈ្នះ​របស់​ខ្លួន​ផងដែរ តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-១ នៅ​លើទឹកដីក្រុម​ជម្រើស​ជាតិ​អាមេ​នី​។

គ្រាប់​បាល់​ស៊ុត​ប៉េ​​ណាល់​ទី​នៅ​តង់​ទី​១​របស់​ខ្សែ​ការ​ពារ Sergio Ramos និង​ការ​ស៊ុត​បាល់ប​ញ្ចូល​ទី​យ៉ាងល្អ​ឥត​ខ្ចោះ​ពី​សំណាក់​​​កីឡាករ Paco Alcacer គ្រប់​គ្រាន់​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​ទីក្រុង​ Bucharest ដើម្បី​​កត់ត្រា​ជ័យ​ជម្នះ​​ជាលើក​ទី​៥​ពីការប្រកួត​ទាំង​៥លើក និង​ដើម្បីរ​ក្សា​ការ​នាំមុខ​៥ពិន្ទុ​ដាច់​លើ​កំពូល​តារាង​នៃពូល F​។

អេ​ស្ប៉ាញ ត្រូវ​បាន​ដេញ​តាមពីក្រោយ​ដោយ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ដែល​​មាន​១០ពិន្ទុ ក្រោយពី​បាន​ផ្តួលក្រុម​​ជម្រើស​ជាតិ​កោះ​ហ្វា​រ៉ូ ក្នុងលទ្ធ​ផល ៤-០ ហើយ​ក្រុម​ជម្រើស​ជាតិ​ន័រ​វែស បាន​ចេញ​តាម​ពីក្រោយ​​២ពិន្ទុ​ទៀត បន្ទាប់​ពី​​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ាល់ត៍ ២-០​។ Ramos បាន​ទទួល​បាល់​ស៊ុត​ប៉េ​ណាល់​ទី សម្រាប់​ក្រុម​ខ្លួន ក្រោយពី​​កីឡាករ Dani Ceballos  ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​ដោយ​ខ្សែ​ការ​ពារ Ciprian Deac មុន​នឹង​ Alcacer បាន​បន្ថែម​១​គ្រាប់​ទៀត ដើម្បី​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម​ខ្លួន​តែម្តង​៕

ប្រភព​ព័ត៌មាន៖ Channel News Asia